កាលពីយប់ថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១៩ កម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោករបស់ហង្សមាស ដែលមានឈ្មោះថា X Factor Cambodia ត្រូវបានបញ្ចប់ហើយ ដោយបេក្ខជនវ័យ១៤ឆ្នាំ មកពីខេត្តកំពង់ចាម ចាន់ សុបញ្ញា បានក្លាយជាម្ចាស់ពាន។ យ៉ាងណាមិញជាមួយនឹងការលើកពានរបស់បេក្ខជនរូបនេះ គេឃើញមានផ្ទុះប្រតិកម្មភ្លាមៗ ខណៈដែល ក្នុងចំណោមអ្នករិះគន់ គឺ លោក ម៉ៃ សុគន្ធ ដែលជាប់ឈ្មោះជាតារាពូកែទើស បានបង្ហោះឃ្លាមិនទទួលស្គាល់ និងសុំមើលសំលេងសារបោះឆ្នោត។
តារាចម្រៀង លោក ម៉ៃ សុគន្ធ បានបង្ហោះក្រោយពេលកម្មវិធី X Factor ប្រកាសថា បេក្ខជន ចាន់ សុបញ្ញា ទទួលបានសំលេងឆ្នោតខ្ពស់ជាងគេ និងក្លាយជាម្ចាស់ពានថា”សុំបង្ហាញពិន្ទុ Vote បានអត់ ដូចជាមិនអស់ចិត្តសោះ?
X factor Cambodia :sunglasses:😀
នេះហើយបោះឆ្នោតដោយមនោសញ្ចាតនា អានិត មានក្រ ចឹង ឯង:sweat_smile::trophy: ដូចជាមិនសម?”។ ជាមួយសារប្រតិកម្ម លោក បានបន្ថែមថា ការផ្ដល់ពិន្ទុអោយ ចាន់ សុបញ្ញា លើកពាន គឺរឿងមិនសូវសមដោយសារតែសមត្ថភាពសំលេងនៅស្រាល ហើយបកស្រាយបទចម្រៀងបានតែមួយបែប មិនសូវពូកែបត់បែន។ លោកបានដៅ គង់ ចំរើន ថាសមនឹងលើកពាន ដោយលើកហេតុផលថា មានទឹកដមសំលេងល្អពីធម្មជាតិ។
ជាមួយនឹងការប្រតិកម្មនេះ លោក សុះ ម៉ាច តារារៀមច្បង ក៏ធ្លាប់លើកឡើងដែរថា ចាន់ សុបញ្ញា បើច្រៀងអោយស្ដាប់ស្ដាប់បាន ព្រោះតុងស្រែកខ្ពស់ ប៉ុន្តែបើច្រៀងអោយពីរោះ គឺមិនទាន់ទេ។ យ៉ាងណាមិញ ពិធីករពិធីការិនីបានប្រកាសហើយថា ហេតុផលដែល ចាន់ សុបញ្ញា ជាប់លេខ១ គឺដោយសារតែសារបោះឆ្នោតពីមហាជនទូរទាំងប្រទេសប៉ុណ្ណោះ ខណៈដែលហង្សមាសរមែងប្រកាន់ជំហរមិនបង្ហាញពីសុក្រិតភាពនៃសំលេងសារបោះឆ្នោត គ្រប់ការរិះគន់ដែលបានកើតឡើង៕