គ្រូបង្រៀន គួរមានគុណធម៌ចំពោះសិស្ស ពិសេសសិស្សខ្វះខាត

0

ក្នុងកិច្ចប្រជុំប្រចាំខែរបស់វិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង កាលពីថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៤មុននេះ ថ្នាក់ដឹកនាំវិទ្យាល័យ ក្រោមវត្តមាន លោក ភោគ ផលបុណ ជានាយកធំ និង លោក ម៉ី សុមុនី ជានាយករង បានសំណូមពរអោយលោកគ្រូអ្នកគ្រូ ដែលបើកបង្រៀនគួរខាងក្រៅ មានគុណធម៌ចំពោះកូនសិស្ស និង កុំសំឡឹងមើលតែលុយពីក្មេង ដោយស្នើអោយបង្កើនការយោគយល់ចំពោះសិស្ស និង អាណាព្យាបាល ដែលក្លាហានក្នុងការបញ្ជាក់ពីភាពខ្វះខាត។

លោក ភោគ ផលបុណ បានសង្កត់ធ្ងន់ថា អស់លោកបង្រៀនគួរក្មេងពិតជាចង់បានលុយក្មេង តែបើក្មេងគ្នាក្រគ្នាសារភាពថាអត់លុយបង់គួរទៅហើយ តើចង់បានលុយគ្នាទៅ តើអស់លោកមាននឹងយកលុយពីសិស្សអ្នកក្រដែលចង់ចេះដូចគេឯងឬទេ តើអស់លោកនឹងក្រឬទេ បើបង្រៀនមួយថ្នាក់ហើយជួយសិស្សខ្វះខាតអោយបានរៀនផងនោះ?

លោកនាយកធំបន្តទៀត គ្រូបង្រៀន ក្រៅពីត្រូវមានយុត្តិធម៌ ត្រូវបង្រៀនដោយយោគចិត្តទុកដាក់ ក៏ត្រូវតែមានគុណធម៌ផងដែរ ជាពិសេសចំពោះសិស្សៗក្រីក្រ ហើយគួរតែលើកទឹកចិត្តអោយសិស្សបានមករៀនដូចគេដូចឯង ដើម្បីអោយសិស្សបានចងចាំនូវគុណធម៌ក្នុងនាមជាគ្រូ។ លោក ភោគ ផលបុណ ក៏បន្តព្រមានចំពោះលោកគ្រូអ្នកគ្រូណា ដែលបង្ខំក្មេងអោយរៀនគួរ ឬ មានការលក់ដូរឯកសារក្នុងថ្នាក់ប្រសិនបើមាន និង ព្រមានចំពោះលោកគ្រូអ្នកគ្រូដែលមកបង្រៀនយឺត និង ចេញមុខម៉ោងផងដែរ។

ក្នុងកិច្ចប្រជុំមួយព្រឹកនោះ លោកនាយកធំ ក៏ដាក់ផាំងៗផងដែរ ចំពោះលោកគ្រូអ្នកគ្រូ ដែលបន្តយកវិញ្ញាសារនៅម៉ោងគួរមកដាក់ប្រលងក្នុងថ្នាក់ និង អោយចម្លើយសិស្សមុន សម្រាប់ការប្រលងតេស្ត ដែលលោកនាយកចោទថា គឺជារឿងអយុត្តិធម៌ និង ជាការធ្វើតេស្ត ដោយមិនទទួលបានភាពជាក់ស្ដែង ពីសមត្ថភាពរបស់សិស្ស។

លោក ភោគ ផលបុណ បន្តថា ផ្អែកតាមលទ្ធផលតេស្តកាលពីខែមករា គឺមានសិស្សខ្លះទទួលបានលទ្ធផលទាប ដែលតម្រូវអោយលោកគ្រូអ្នកគ្រូ ត្រូវតែជួយសិស្សទាំងនោះ និង បង្កើនការបង្រៀនឡើងវិញ បើមិនដូច្នេះទេ នឹងមានការប្រជុំពិសេសជាមួយគណៈគ្រប់គ្រង។

មិនខុសគ្នាដែរ លោក ម៉ី សុមុនី ក៏បានក្រើនរម្លឹកពីវិន័យ និង ពីការចូលរួមថែរក្សាសម្ភារៈនៅក្នុងថ្នាក់នីមួយៗផងដែរ បន្ទាប់ពីសាលាក៏បានបំពាក់ឧបករណ៍ជំនួយដល់ការបង្រៀន និង រៀន គ្រប់ថ្នាក់បានរួចរាល់នោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here