ពិធីសម្ពោធរឿង”ព្រឺ ឬ Fear” កក្រើកមិនធម្មតា នឹងទម្រង់ល្ខោនបាសាក់

0

ខុសពីពិធីសម្ពោធភាពយន្តខ្នាតធំៗដែលគេធ្លាប់ឃើញ សម្រាប់ពិធីសម្ពោធរឿង”ព្រឺ ឬ Fear” របស់ផលិតកម្មខ្មែរមេគង្គ កាលពីថ្ងៃទី១៥ កក្កដា គឺកក្រើក ដោយសារតែទម្រង់ល្ខោនបាសាក់តែម្ដង។ នោះគឺដោយសារតែទម្រង់សិល្បៈបុរាណរបស់ខ្មែរមួយនេះ កម្រឃើញគេរំលេចក្រៅពីមានពិធីបុណ្យនៅតាមទីអារ៉ាម។

តួសម្ដែងក្នុងវង់ល្ខោនបាសាក់២រូប គឺតួអង្គយក្ស និងតួអង្គនាគ បានបង្កើតនូវផ្ទាំងទស្សនិយភាពយ៉ាងល្អប្លែកភ្នែក ធ្វើអោយទម្រង់ល្ខោនបាសាក់ទទួលបានការចាប់អារម្មណ៍ ក្នុងពេលយុវវ័យ ស្ទើរបំភ្លេចចោលទៅហើយ។ លោក សាហារ៉ា ពិធីករប្រកាសថា គឺជាការជ្រើសរើសមួយដ៍ល្អ ដែលទម្រង់ល្ខោនបាសាក់ត្រូវបានផលិតករភាពយន្តមួយនេះ លើកយកមកបង្ហាញក្នុងពិធីសម្ពោធរឿងខុសប្លែកពីគេ។ លោកបានទាំងទទូចអោយផលិតករដទៃទៀត រួមគ្នាលើកស្ទួយល្ខោនបាសាក់អោយបានកាន់តែច្រើនក្នុងពិធីផ្សេង ក្រៅតែពីបុណ្យក្នុងវត្តអារ៉ាមនោះផង។

លោក ម៉ាធ្យូ រ៉ូប៑ីនសុន ផលិតករ”ព្រឺ ឬ Fear” បានថ្លែងបញ្ជាក់ថា ដោយសារតែភាពយន្តនេះ ជារឿងខ្លាំងមួយទាំងគុណភាព និងសាច់រឿង ហើយជារឿងប្រភេទស៊ើបអង្កេត និងរន្ធត់ដែលលោករំពឹងថាផ្ទុះខ្លាំងក្នុងពេលដាក់បញ្ចាំង ទើបលោកនឹកឃើញទម្រង់ល្ខោនបាសាក់ យកមកបង្ហាញ ដើម្បីអោយប្លែកសមនឹងសាច់រឿង ដែលលោកយល់ថាប្លែកសម្រាប់ភាពយន្តនេះ។ រឿង”ព្រឺ”នឹងដាក់បញ្ចាំងលក់សំបុត្រ ក្រោយធ្វើពិធីសម្ពោធ នៅគ្រប់រោងទំនើប នៅថ្ងៃទី១៨ កក្កដា ដោយភាពយន្តនេះ ក៍គម្រោងនាំចេញក្រៅប្រទេសផងដែរ ដោយសារតែមានស្ដង់ដារពេញលេញ។ ភាពយន្តនេះ និយាយពីឃាតកម្មលើនារីក្រមុំវ័យក្មេង ដោយសាច់រឿងទាំងមូលបានលាក់តួអង្គឃាតកររហូតទាល់តែបញ្ចប់សាច់រឿងទើបលាតត្រដាង។ យ៉ាងណាមិញ ក្នុងភាពយន្តនេះ ប្រកាសសំណូមពរ មិនអោយអ្នកទស្សនាហើយ ប្រាប់អ្នកមិនទាន់ទស្សនាថាអ្នកណាជាឃាតករនោះទេ ដើម្បីអោយកាន់តែកញ្ជ្រោលក្នុងការតាមដាន។

ក្នុងពិធីសម្ពោធនោះ ក្រៅពីល្ខោនបាសាក់ ក៍មានក្រុមចម្រៀងរ៉ក់ និងវត្តមានតារាសិល្បៈជាច្រើន ខណៈដែលផលិតករក៍ចូលរួមជាភ្ញៀវកិត្តិយសច្រើន ធ្វើអោយពិធីសម្ពោធរឿង”ព្រឺ” កាន់តែអឹកអធឹក។

LEAVE A REPLY

Please enter your comment!
Please enter your name here