ព្រឹត្តិការណ៍ Cosplay កម្ពុជា-ជប៉ុន ឆ្នាំនេះប្រកាសរំលេចទម្រង់បុរាណខ្មែរ៣

0

មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីវេទិការសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៣ តុលា នៅភោជនីយដ្ឋានសាមបាទួលគោក បានប្រកាសអោយដឹងថា ព្រឹត្តិការណ៍Cusplay ដែលប្រកាសធ្វើនៅថ្ងៃទី២៨ តុលា ឆ្នាំនេះ នឹងរំលេចទម្រង់បុរាណខ្មែរដល់ទៅ៣ព្រមគ្នា ដើម្បីបង្អួតភ្នែកបរទេស ជាពិសេសគឺជប៉ុន នៅក្នុងព្រឹត្តិការណ៍ផ្លាស់ប្ដូរទម្រង់វប្បធម៍រវាងកម្ពុជា និងជប៉ុនឆ្នាំនេះ។

ព្រឹត្តិការណ៍នេះក៍នឹងមានវត្តមានអញ្ជើញចូលរួមពីសិល្បការិនីល្បីឈ្មោះមួយរូបមកពីប្រទេសជប៉ុនផងដែរ បន្ថែមពីលើការសម្ដែងទម្រង់សិល្បៈរបស់ជប៉ុនជាមួយនឹងទម្រង់ខ្មែរ។ លោក Kado Meth Kaden អ្នករៀបចំកម្មវិធីមួយរូប បានថ្លែងបញ្ជាក់ថា ៤ឆ្នាំកន្លងមកហើយ ដែលកម្មវិធីមួយនេះទទួលបានជោគជ័យ ដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករតាមរយៈការលក់សំបុត្រ ទើបធ្វើអោយកម្មវិធីក្រៅពីមានកម្លាំងចិត្តធ្វើឡើងអោយបានរាល់ឆ្នាំ ក៏ទទួលបានថវិកាមួយចំនួន យកទៅបែងចែកក្នុងសកម្មភាពសប្បុរសធម៌។ សម្រាប់ឆ្នាំនេះ លោកថា កម្មវិធីនឹងយកថវិកាពីការលក់សំបុត្រក្នុងតម្លៃ៤ដុល្លារ យកទៅជួយដល់ក្មេងៗរស់ក្នុងសហគមន៍សំរាមស្ទឹងមានជ័យ ដោយលោករំពឹងថានឹងមានអ្នកទស្សនាកុះករច្រើនឆ្នាំមុនដោយសារតែបានរំលេចទម្រង់សិល្បៈបុរាណខ្មែរ៣ប្រភេទគឺ ទម្រង់ល្ខោនខោល ល្ខោនស្បែក និងល្បុក្កតោ ដែលជាសិល្បៈចំណាស់ និងកំពុងទទួលបានការចាប់អារម្មណ៍ ពីស្រទាប់មហាជនស្រាប់។ ក្នុងនោះ ការសម្ដែងរបស់សិល្បករជប៉ុន អមដោយវត្តមានតារាល្បីល្បាញមួយរូបមកពីប្រទេសជប៉ុន ក៏នឹងជួយអោយកម្មវិធីកាន់តែមានការចាប់អារម្មណ៍ប្លែកភ្នែកជាងកាលពី៤ឆ្នាំកន្លងទៅផងដែរ។

លោក Vuth Saranadanka តំណាងអ្នករៀបចំកម្មវិធីមួយរូបដែរ បញ្ជាក់ថា ហេតុផលដែលកម្មវិធីសម្រេចជ្រើសយកទម្រង់សិល្បៈធំៗទាំង៣ គឺ ល្ខោនខោន ល្ខោនស្បែក និងការសម្ដែងល្បុក្កតោ អោយបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍«តោះ!ទៅ Cosplay» ឆ្នាំនេះ គឺដោយសារទម្រង់សិល្បៈបុរាណទាំង៣ សុទ្ធតែមានការចាប់អារម្មណ៍ និងដោយសារតែកម្មវិធីចង់មាននការទាក់ទាញពីក្រសែភ្នែកជាតិ និងអន្តរជាតិ ជាពិសេសគឺភ្ញៀវជប៉ុនតែម្ដង។ លោកថាកម្មវិធីនេះ ធ្វើឡើងចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ ដោយបញ្ចប់នៅវេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ CKCC ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយរំពឹងថានឹងមានអ្នកចូលរួមទស្សនាដល់ខ្ទង់ពាន់នាក់។

លោក អ៊ុក រតនៈ វិសិដ្ឋ តំណាងអ្នករៀបចំកម្មវិធីមួយរូបទៀត ទទូចអោយមានលះបង់ទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍Cosplay លើកទី៥ នេះអោយបានកុះករ ដើម្បីអោយថ្ងៃទី២៨ តុលានេះ មានអ្នកទស្សនាពេញសាលធ្វើជាកម្លាំងចិត្តដល់សិល្បករបុរាណខ្មែរ និងជប៉ុន ក៏ដូចជាជួយជំរុញដល់គម្រោងសប្បុរសធម៌ជួយដល់ក្មេងៗនៅក្នុងតំបន់សំរាមស្ទឹងមានជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here