ជំនួបសងសឹក រវៀង រាជសីហ៍ មុខស្រស់ ម៉ន ព្រហ្ម ម៉ាញ ជាមួយ នឹង ត្រាកាណ កក្រើកសង្វៀនគុនខ្មែរ ប៉ុស្ថិ៍លេខ5

0

កាលពីរាត្រីថ្ងៃទី 17 ខែកុម្ភះ ឆ្នាំ2024 ថ្មីៗនេះ កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ ប៉ុស្តិ៍លេខ5 បានចាប់គូប្រកួតមិត្តភាពអន្តរជាតិពីររូបគឺ កីឡាករគុនខ្មែរ ដែលមានរហ័សនាមថា រាជសីហ៍ មុខស្រស់ ម៉ន ព្រហ្មម៉ាញ មកពីក្លឹប មហិទ្ធិរិទ្ធមេសថ្ងកគុនខ្មែរ ខេត្តស្វាយរៀង សមាគមកីឡាកងយោធពលខេមរភូមិន្ទ ឱ្យមកប៉ះគ្នាជាថ្មីដើម្បីសងសឹកជម្រះបញ្ជីចាស់ជាមួយ នឹង កីឡាកមកពីប្រទេសថៃ NOENG TRAKARN (ត្រាកាណ) ដែលធ្លាប់ប៉ះគ្នានៅលើសង្វៀនម្ដងរួចមកហើយ ប៉ុន្តែលទ្ធផលកាលពីពេលកន្លងទៅនោះគឺ រាជសីហ៍មុខស្រស់របស់កម្ពុជាយើង មិនអាចយកឈ្នះកីឡាករថៃបានដោយសន្លប់កាលពីការប្រកួតលើកមុន។

នៅក្នុងកម្មវិធីប្រកួតនាសប្ដាហ៍នេះ ក៏មានការចូលរួមទស្សនាផ្ទាល់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីទោ ខូវឆាយ អនុប្រធានទី1 សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ថ្នាក់ដឹកនាំកីឡាគុនខ្មែររបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ5ជាច្រើនរូបអញ្ជើញចូលរួម ញ៉ំាងឱ្យកម្មវិធីកាន់តែពិសេស អមដោយសម្រែកហ៊ោរកញ្ជ្រៀវកុះករពីអ្នកទស្សនាពេញសង្វៀនព្រែកកំពឹស។

នៅក្នុងជំនួបជាថ្មីម្ដងទៀតនេះ ថ្វីបើគូប្រកួតទាំងពីរមិនអាចយកឈ្នះទៅលើដៃគូម្ខាងៗបានដោយលទ្ធផលស្មើរគ្នា តែអ្វីដែលអ្នកទស្សនាជក់ចិត្តដិតអារម្មណ៍នោះគឺ ពីមួយតឹកចូលមួយតឹកអ្នកទាំងពីរបានធ្វើឱ្យមានការកញ្ជ្រោលអារម្មណ៍អ្នកទស្សនាទាំងក្នុងការ Live ផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ5 ព្រមទាំងអ្នកទៅទស្សនាផ្ទាល់ ជក់ចិត្តដិតអារម្មណ៍មិនហានដាក់ភ្នែក ព្រោះគ្រប់ស្នៀតវាយបកទៅវិញទៅមករបស់អ្នកទាំងពីរសុទ្ធតែពិសេសៗ និង ពិបាកធ្វើឱ្យគណកម្មការធ្វើការដាក់ពិន្ទុ ជាមួយនឹងសមត្ថភាពខ្លាំងរៀងៗខ្លួន។

ដូច្នេះកុំឱ្យខកខានក្នុងការតាមដានគូប្រកួតពិសេសៗ និង ការប្រកួតមិត្តភាពអន្តរជាតិនាពេលបន្តបន្ទាប់ទៀត សម្រាប់អ្នកស្នេហាវិស័យគុនខ្មែរទាំងអស់ក៏អាចតាមដានបានតាម កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ ជារៀងរាល់សប្ដាហ៍បានតាមរយៈការ​ ផ្សាយផ្ទាល់នៅនៅលើផេកផ្លូវការ TV5 Cambodia រៀងរាល់ថ្ងៃ សៅរិ៏ វេលាម៉ោង ៦ល្ងាចតទៅ ហើយបងប្អូនក៏អាចមកទស្សនាផ្ទាល់បាន នៅសង្វៀនប៉ុស្តិ៍លេខ៥ ព្រែកកំពឹស ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here