មិននឹកស្មាន ឌួង ហ្សូរីដា ប្រឹងធ្វើដល់ម្លឹង ដើម្បីគន្ធបុប្លា

0

ខុសពីតារាភាគច្រើន ដែលយកថវិកាផ្ទាល់ខ្លួនមកចំណាយ និងខ្លះបានប្រើយុទ្ធសាស្រ្តរ៉ៃអង្គាសថវិកាពីសប្បុរសជន និងអ្នកដែលខ្លួនរាប់អាន ដើម្បីបានប្រាក់មកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់សង្គម សម្រាប់អតីតតារាសម្ដែង និងពិធីការិនីកញ្ញា ឌួង ហ្សូរីដា បែរជាបានប្រកាសយ៉ាងសឿងថា មិនធ្វើដូចសប្បុរជនផ្សេងទៀតនោះទេ ដោយសារតែនាងមិនមានជាអ្នកសំបូរទ្រព្យ និងមិនអាចធ្វើជាតារាដែលលើកដៃសំពះ បានលុយមូលនិធិណាមួយ។ នាងបានប្រកាសបែបនេះ កាលពីរសៀលថ្ងៃទី២៧ មិថុនា ក្នុងពិធីប្រគល់ថវិកាចំនួន៥លានរៀលជាចំណែកម្នាក់ឯង ដោយមិនទាន់រាប់បញ្ចូលថវិកាពីមិត្តភក្តិ និងអ្នករាប់អានផ្សេងទៀត អមដោយការចែកចាយសារ៉ុង និងដបទឹកប្រភេទល្អមួយ។

ឌួង ហ្សូរីដា និយាយថា នាងនឹងធ្វើជាបុគ្គលដែលរកអោយបាននូវថវិកាដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់កុមារកំព្រាផ្សេងៗអោយបានកាន់តែច្រើន តែនាងមិនយកលុយផ្ទាល់ខ្លួនមកប្រើនោះទេ ដោយសារតែនាងមិនមែនជាអ្នកមាន និងមានលុយសល់ពីចាយច្រើនណាស់ដដើម្បីជួយសង្គមអោយបានជាប់លាប់។ ក្នុងនោះនាងក៏មិនអាចលើកដៃសំពះសុំអ្នកនេះសុំអ្នកនោះ ដើម្បីបានលុយយកទៅជួយសង្គមបែបនោះបានដែរ ដោយសារតែលុយសំពះសុំគេ គឺបានតែម្ដង ហើយមិនអាចមាននិរន្តរភាព។

កញ្ញាថា នាងនឹងរកលុយបានជួយសង្គមបែបនេះដោយមាននិរន្តរភាពច្បាស់លាស់ ដោយនាងងាកមកប្រើគម្រោង Proud To Be Cambodia របស់មុទិតាវិញ តាមមធ្យោបាយប្រកាសលក់កាបូប និងអាវយឺត ដែលផលិតផលទាំងនោះ គឺនាងជាអ្នកស្វែងរកក្មេងៗ ជនពិកា ឬសហគមន៍ដែលចង់រកកម្រៃអោយដេកាបូប និងសម្ភារៈអោយនាង ដោយសម្ភារៈដែលបានប្រកាសលក់ទាំងនោះ ប្រើម៉ាក Proud To Be Cambodia ដែលមានន័យថាមោទនភាពកម្ពុជាពីលើ ហើយលក់យកតែថ្លៃដើម ដើម្បីទុកថ្លៃចំណេញប្រគល់ជួយសង្គម។ ក្នុងចំហានដំបូងនាងប្រើពេលត្រឹមតែ២ខែប៉ុណ្ណោះ តែអាចប្រមូលប្រាក់ចំណេញបានចំនួន៥លានរៀលយកមកជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកាលពីថ្ងៃទី២៧ មិថុនា ដោយក្នុងពិធីនោះនាងក៏បានគៀគរមិត្តភ័ក្រ្តអោយជួយជាសារ៉ុង ជាដបទឹក សម្រាប់ចែកជូនដល់ឪពុកម្ដាយក្មេងៗ និងថវិកាបន្ថែមសរុបដល់១១លានរៀល និងជាង៥០០ដុល្លារផ្សេងទៀត។

នាងថាការពិតខ្លួនមានការមមាញឹកនឹងការងារណាស់ ប៉ុន្តែដើម្បីបានលុយជួយសង្គម ទើបនាងឆ្លៀតពេលយប់ៗLive លក់កាបូប និងអាវយឺតសម្រាប់គម្រោងនោះទាំងយប់ ដោយកត់សម្គាល់ឃើញថាអ្នកលេងហ្វេសប៊ុកជួយទិញផលិតផលរបស់នាងច្រើនៗមែនទែន ទើបមិនសូវបានលក់ផង ក៏នៅតែបានផលចំណេញរហូតដល់៥លានរៀលក្នុងរយៈពេល២ខែ។ នាងប្រកាស យកផលចំណេញពីការលក់ចេញផលិតផលទាំងនេះក្នុងពេលបន្តបន្ទាប់ទៀត ដោយនឹងចំណាយពេល live លក់លក់ផលិតផលមួយនេះ នៅពេលនាងLive លក់ផលិតផលប្រចាំហាងរបស់ខ្លួន។

កញ្ញា ឌួង ហ្សូរីដា និយាយថា ថវិកាដែលបានប្រគល់ជូននៅក្នុងថ្ងៃនោះ ថវិកាពីផលិតផល Proud To Be Cambodia មានតែ៥លានរៀលប៉ុណ្ណោះ ប៉ុន្តែបើសរុបទាំងថវិការបស់សប្បុរសជនផ្សេងទៀត គឺរហូតដល់ ១១លានរៀល និង580 ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ កញ្ញាថា នេះជាការប្រឹងប្រឹងរបស់នាងក្នុងនាមជាម្ចាស់ហាងមុទិតា និងក្រុមហ៊ុន Mudhita Cosmic Co.LTD ដើម្បីអោយមន្ទីរពេទ្យគន្ធបុប្ផាទទួលបានជំនួយសប្បុរសធម៌ និងដើម្បីអោយឪពុកម្ដាយកុមារទទួលបានសារ៉ុង និងដបទឹកទុកសម្រួលតម្រូវការ។ កញ្ញារំពឹងថាគម្រោង Proud To Be Cambodia នឹងទទួលបានប្រាក់ចំណេញកាន់តែច្រើនដើម្បីជាប្រយោជន៍ដល់សង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here