យុទ្ធ ឋានៈ បង្ហាញមុខគូស្នេហ៍

0

ខុសពីតារាភាគច្រើនដែលមិនសូវចង់បង្ហាញអោយមហាជនបានដឹងពីទំនាក់ទំនងស្នេហាមុនពេលរៀបការ ឬក្រោយពេលរៀបការ តារាសម្ដែងលោក យុទ្ធ ឋានៈ និងតារាសម្ដែងស្រីមួយរូប បែរជាបង្ហាញអោយដឹងជាចំហរថាខ្លួនបានចាប់ដៃគ្នាស្រឡាញ់គ្នា ដោយមិនខ្វល់ពីការធ្លាក់កូដ ឬការចាប់អារម្មណ៍ពីសំណាក់មហាជនទៅវិញ។ លោកនិងសង្សារ រមែងបង្ហាញភាពផ្អែមល្ហែម ដូចប្ដីប្រពន្ធទើបរៀបការរួចថ្មោងថ្មី នៅគ្រប់សកម្មភាពសិល្បៈដែលបានបណ្ដើរគ្នាទៅនោះផង។

លោក យុទ្ធ ឋានៈ បានសារភាពថា នារីដែលខ្លួនរមែងបណ្ដើរទៅកាន់កម្មវិធីផ្សេងៗនាមួយរយៈចុងក្រោយគឺពិតជាសង្សារ ដែលលោកស្រឡាញ់ពេញចិត្តប្រាកដមែន ដោយទោះជាមិនទាន់មានពិធីតាមប្រពៃណីជាចំហរ តែលោកថាទំនាក់ទំនងគឺភាគីទាំងខាងសងបានដឹង។

លោកថានារីដែលខ្លួនស្រឡាញ់ហើយជ្រើសជាសង្សារបាត់មុខមិនបាននេះ បានស្គាល់ចិត្តគ្នាប្រមាណជាមួយឆ្នាំមកហើយ បន្ទាប់ពីបានស្គាល់គ្នាក្នុងឱកាសសម្ដែង ដោយសារតែនាងក៏ជាតួអង្គក្នុងវិស័យសិល្បៈមួយរូបដែរ។ នាងក៏ត្រៀមនឹងថតរឿងថ្មីជាមួយលោកនៅក្នុងផលិតកម្មមហាហង្សផងដែរ ទើបលោកយល់ថាសកម្មភាពបណ្ដើរនាង ជាមួយសង្សារក្នុងមួយរយៈចុងក្រោយ មិនមែនធ្វើអោយលោកបាត់បង់ទីផ្សារសម្ដែងនោះទេ ប៉ុន្តែផ្ទុយទៅវិញ កំពុងសណ្ដោងគ្នាទៅវិញទៅមក ដែលលោកយល់ថានឹងអាចជួយអោយលោក និងនាង ទទួលបានឱកាសសម្ដែងទាំងគូ។

លោក យុទ្ធ ឋានៈ ប្រកាសថាកញ្ញា ម៉ាណាវិនជាគូស្នេហ៍របស់ខ្លួន មិនទាន់មានគម្រោងចង់លោកឆាប់ចូលរោងការនោះទេ ទើបលោក និងនាងនៅសិក្សាចិត្តគ្នាទៅវិញទៅមក ដើម្បីពង្រីកកេរ្តិ៍ឈ្មោះសិល្បៈ និងរកលុយសិន។ យ៉ាងណាមិញ លោកថានឹងមានពិធីផ្លូវច្បាប់ឆាប់ៗ ដើម្បីចងភ្ជាប់ស្នេហា អោយកាន់តែរឹងមាំ ក្រោយដាក់ចិត្តចំពោះគ្នាទៅវិញទៅមក។ លោក និងនាងក៏គម្រោងនឹងចាប់ដៃគ្នាជាគូស្នេហ៍ក្នុងសិល្បៈ អោយពេញទំហឹង ដោយមិនខ្វល់ពីការលើកឡើងថាការបង្ហាញគូស្នេហ៍បើកចំហរ នឹងធ្វើអោយការងារសិល្បៈធ្លាក់ចុះនោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here