ការលក់ដូរ​ក្នុង​រមណីយដ្ឋាន​អង្គរ នឹងត្រូវ​រៀបចំ​ឡើងវិញ ឲ្យ​សក្តិសម​នឹង​តម្លៃ​អង្គរ

0

ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​អ្នកលក់ដូរ​ក្នុង​រមណីយដ្ឋាន​អង្គរ ឲ្យ​សក្តិសម​នឹង​តម្លៃ​របស់​អង្គរ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក អាជ្ញាធរ​ជាតិ​អប្សរា​បានសម្រេច​បង្កើត​គណ:កម្ម​ការ​ចម្រុះ​មួយ​ដែលមាន​សមាសភាព​ពី​អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ខេត្តសៀមរាប កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​ស្ថិតនៅក្នុង​រមណីយដ្ឋាន​អង្គរ។

គណ:កម្ម​ការ​នេះ​បង្កើតឡើង​តាម​សេចក្តីសម្រេច​លេខ ១១សសរ របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប:ចុះ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១។ តាម​សេចក្តីសម្រេច​នេះ គណ:កម្ម​ការ​ចម្រុះ​មាន​សភាព​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ជា​ប្រធាន សមាសភាព​ពី​រដ្ឋបាល​ខេត្តសៀមរាប​ជា​អនុប្រធាន និង​មាន​អាជ្ញាធរ​មូលដ្ឋាន​ដែល​ស្ថិតនៅក្នុង​រមណីយដ្ឋាន​អង្គរ​ជា​សមាជិក។

ឯកឧត្តម សុខ សង្វារ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងនាម​ប្រធាន​នៃ​គណ:កម្ម​ការ​នេះ​បាន​ដឹកនាំ​កិច្ចប្រជុំ​ជា​លើកដំបូង​ជាមួយ​សមាជិក​សមាជិកា ដើម្បី​ផ្លាស់ប្តូរ​យោបល់​គ្នា​ស្តីពី​ការអនុវត្ត​សេចក្តីសម្រេច​ខាងលើ​ឲ្យ​សម្រេចបាន​លទ្ធផល​ល្អប្រសើរ។

ឯកឧត្តម​បញ្ជាក់ថា បេសកកម្ម​ដ៏​សំខាន់បំផុត​នៃ​គណ:កម្ម​ការ​នេះ​គឺ​ធ្វើយ៉ាងណា​រក្សា​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ​ប្រសើរ ក្នុងន័យ​ទាក់ទាញ​ភ្ញៀវទេសចរ​មកកាន់​អង្គរ​កាន់តែច្រើន ជាពិសេស​នោះ​គឺ រក្សា​នូវ​ភាពថ្លៃថ្នូរ​របស់​រមណី​យ​ដ្ឋា​ន​អង្គរ​យើង។

ឯកឧត្តម​បន្ថែមថា «អាជ្ញាធរ​ជាតិ​អប្សរា​មិន​ហាមឃាត់​ទេ​ការលក់ដូរ​ក្នុង​រមណីយដ្ឋាន​អង្គរ យើង​មានតែ​ជំរុញ​ឲ្យ​អ្នកស្រុក​អង្គរ​មានឱកាស​បាន​លក់ដូរ ដើម្បី​បង្កើន​កម្រិតជីវភាពរ​បស់​ពួកគាត់។ តែ​យើង​ក៏ត្រូវ​គិតគូរ​ពី​ភាពថ្លៃថ្នូរ​បស់​អង្គរ តាមរយ:ការរៀបចំ​ពួកគាត់​ឲ្យ​លក់ដូរ​តាម​ទីតាំង​សមរម្យ មាន​សណ្តាប់ធ្នាប់ មាន​សុចរិត​ភាព​ក្នុង​អាជីវកម្ម​របស់គាត់​ជាមួយ​ភ្ញៀវ​ដែល​មក​ទស្សនា​អង្គរ»។

ឆ្លងតាម​ការពិភាក្សាគ្នា​ក្នុង​កិច្ចប្រជុំ​នេះ អង្គប្រជុំ​ទាំងអស់​បាន​បង្ហាញ​ការគាំទ្រ​និង​សន្យា​ចូលរួម​សកម្មភាព​រៀបចំ​សណ្តាប់ធ្នាប់​អ្នកលក់ដូរ​នៅ​រមណីយដ្ឋាន​អង្គរ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើងជា​លំដាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here