ខេត្ត ៤ ជាប់​ព្រំប្រទល់​ថៃ ទទួលបាន​សិទ្ធិ​ចេញ «វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ» ទម្រង់ D

0

ដើម្បី​សម្រួល​ដល់​ការនាំចេញ​កសិផល​ជូន​ពាណិជ្ជករ និង​ប្រជាកសិករ​នៅតាម​បណ្តា​យ​ព្រំដែន​កម្ពុជា-ថៃឡង់​ដ៏ ក្រសួងពាណិជ្ជកម្ម បានធ្វើ​ប្រតិភូកម្ម​នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ (CO) ទម្រង់ (D) ដល់​មន្ទីរ​ពាណិជ្ជកម្ម​នៅក្នុង​ខេត្ត​ចំនួន៤ ក្នុងពេល​តែមួយ​គឺ៖ ប៉ៃលិន, បាត់ដំបង, បន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ។

ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ការធ្វើប្រតិភូកម្ម​នៃ​ការចេញ CO ទម្រង់ ឌី (D) សម្រាប់​ខេត្ត​ទាំង ៤នេះ ត្រូវបាន​រៀបចំឡើង​កាលពី​ម្សិលមិញ​នេះ ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ និង​អាជ្ញាធរខេត្ត​ពាក់ព័ន្ធ ព្រមទាំង​តំណាង​វិស័យ​ឯកជន ប្រមាណ​ជាង ១០០នាក់។

នៅក្នុង​ឱកាស​នោះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បានចាត់ទុក​ព្រឹត្តិការណ៍​នេះ គឺជា​ភស្តុតាង​ថ្មី​មួយទៀត​ដែល​បញ្ជាក់​ពី​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល។

ឯកឧត្តម​បាន​គូសបញ្ជាក់ថា ការធ្វើប្រតិភូកម្ម​នេះ​មិន​ត្រឹមតែ​ជាការ​ផ្ទេរ​ភាពជា​ម្ចាស់​នៃ​មុខងារ​ទេ ថែមទាំង​ជាការ​ទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង និង​ការអនុវត្ត​មុខងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​តម្លាភាព ជៀសវាង​នូវ​បាតុភាព​អសកម្ម និង​ការកកស្ទះ​កសិផល ជាយថាហេតុ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូស​បញ្ជាក់ទៀតថា ក្រសួង​នឹង​បន្តធ្វើ​ប្រតិភូកម្ម​សេវា​ធា​រណ:នេះ ដល់​បណ្តា​ខេត្ត​ជាប់​ព្រំដែនផ្សេងៗទៀត​នាពេល​អនាគត ទន្ទឹមគ្នា​នឹង​ការបណ្តុះ​ប​ណា្ត​ល​មន្ត្រីរាជការ​មន្ទីរ​ពា​ណិ​ជ្ជ​កម្ម​ជាមុន ទាំង​កម្រិត​ជំនាញ​ទាក់ទង​វិធាន​ប្រភពដើម​ទំនិញ ក៏​ដូច​ការប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៃ​ការចេញ CO ផងដែរ។

គួរ​រំលឹក​ដែរ​ថា ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​ការខិតខំ​ប្រឹងប្រែង​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ សំដៅ​ធានា​ឲ្យ​មានការ​អភិវឌ្ឍ​ដ៏​ទូលំទូលាយ ប្រកបដោយ​និរន្តរភាព ព្រមទាំង​ដើម្បី​ពង្រឹង និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​មូលដ្ឋាន រាជរដ្ឋាភិបាល​កម្ពុជា បានអនុម័ត និង​អនុវត្តន៍​ក្របខណ្ឌ​យុទ្ធសាស្ដ្រ​ស្តីពី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ចាប់តាំងពី​ឆ្នាំ២០០៥។

ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម​កន្ល​ង​មក បានធ្វើ​ប្រតិភូកម្ម​សេវាសាធារណ:ជា​បន្តបន្ទាប់ ដល់​មន្ទីរ​ពាណិជ្ជកម្ម​នៅ​ថ្នាក់ក្រោម​ជាតិ សំដៅ​ឆ្លើយតប​តម្រូវការ​អទិភាព​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន និង​កាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​ការ​បង្ខិត​សេវាសាធារណ:ឲ្យ​កាន់តែ​ជិត​ប្រជាពលរដ្ឋ​បំផុត។

បើតាម​ទិន្ន័យ​របស់​នាយកដ្ឋាន​នាំចេញ-នាំចូល​បាន​ឲ្យ​ដឹងថា ការនាំចេញ​នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅកាន់​ទីផ្សារ​បរទេស បាន​កើនឡើង​រហូតដល់ ១១,១៥៣ លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ២០១៧ ពោលគឺ​ស្មើនឹង​ជាង ១៨% បើ​ប្រៀបធៀប​ឆ្នាំ២០១៦ ដែល​ទឹកប្រាក់​ត្រឹមតែ ៩,៤២១ លាន​ដុល្លារ​អាមេរិក ប៉ុណ្ណោះ។

ដោយឡែក​ការនាំចេញ​តាម​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ទម្រង់ ឌី (D) ទៅកាន់​ទីផ្សារ​តំបន់​អាស៊ាន បាន​កើនឡើង​ប្រមាណ​ជាង ៦៦% គឺ​ពី​ទឹកប្រាក់ ៧២៨លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ២០១៦ រហូតដល់​ទឹកប្រាក់ ១,២១៤ លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ២០១៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here