នៅក្នុងការប្រកួតដ៏ស្វិតស្វាញកម្មវិធី Miss Universes Cambodia 2022 មុននេះបានឈានមកដល់វគ្គ Final និង បញ្ចប់ទៅដោយរលូនកាលពីរាត្រីថ្ងៃទី 15 មិថុនា នេះដោយរកបាននូវបេក្ខនារីដ៏មានប្រជាប្រិយភាព បានទាំងសម្រស់ និង មានទាំងចំណេះដឹងព្រមគ្នាគឺកញ្ញា ហង្ស ម៉ានីតា ដែលជាបេក្ខនារីពាក់ស្លាកលេខ18 ជាម្ចាស់ជ័យលាភីដណ្ដើមបានមកុដពេជ្រតម្លៃរហូតដល់ទៅ 18 ម៉ឺនដុល្លារដំបូងគេនៅកម្ពុជា។ ក្នុងចំណោមបេក្ខនារីទាំង20រូប គេសង្កេតឃើញសម្ថភាពរបស់កញ្ញា ហង្ស សុរិយ៉ាន់ ពាក់ស្លាកលេខ3 ត្រូវបានគេប៉ាន់ស្មានទុកមុនថា នាងអាចនឹងឈានទៅដល់វគ្គ Top5 កំពូល តែគួរឱ្យសោកស្ដាយលទ្ធផលដែលទើបតែប្រកាសថ្មីៗនេះនាងបានត្រឹមស្ថិតនៅក្នុងវគ្គកំពូលទាំង10តែប៉ុណ្ណោះ។
អ្នកគាំទ្រ និង មហាជនដែលជាអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនមានការសោកស្ដាយ ហើយខ្លះទៀតក៏បង្ហាញប្រតិកម្មមិនតិចទេចំពោះអវត្តមានក្នុងវគ្គ Top5 របស់បេក្ខភាព MUC3 ហង្ស សុរិយ៉ាន់ ព្រោះបើយោងតាមសមត្ថភាពពីមួយវគ្គទៅមួយវគ្គក្នុងរយៈពេល6សប្ដាហ៍កន្លងមកនេះ កញ្ញាបានសាងនូវចំណាប់អារម្មណ៍ និង ទេពកោសល្យប្លែកៗជាច្រើនឆក់យកចិត្តអ្នកគាំទ្រ។ មិនតែប៉ុណ្ណោះនាងក៏ត្រូវបានមហាជនដៅទុកថា នឹងទទួលបានតំណែងណាមួយនៅក្នុងវគ្គ Top5ចុងក្រោយ បើយោងតាម សមត្ថភាព ទេពកោសល្យ បច្ចេកទេសនៃការដើរ ភាពជឿជាក់ ការឆ្លើយនូវសំណួរ និង ចំណេះដឹងទូទៅដែលនាងមានជាប់ខ្លួនទាំងព្រមដើម្បីចូលប្រកួតកម្មវិធីបវរកញ្ញា។ តែទោះយ៉ាងណា ស្ថិតនៅក្រោមការសម្រេចចិត្ត និងដាក់ពិន្ទុពីគណៈកម្មការជំនាញបានធ្វើឱ្យនាងរបូតឱកាសឈានជើងចូលទៅក្នុងវគ្គកំពូលទាំង5 ខណៈពិន្ទុនីមួយៗរបស់បេក្ខនារីទាំង10គឺប្រកៀកប្រកិតគ្នាមិនឆ្ងាយប៉ុន្មាននោះឡើយ ព្រោះថា កំពូលទាំង10ដែលកម្មវិធីបានជ្រើសរើសសុទ្ធសឹងតែធ្វើបានល្អរៀងៗខ្លួនគួរឱ្យកត់សម្គាល់ផងនោះ។
តែអ្វីដែលគួរឱ្យសរសើរនោះគឺ កម្ពុជាក៏បានរកឃើញនូវម្ចាស់មកុដដ៏សាកសមមួយរូបដើម្បីបញ្ជូនទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងឆ្នាំ 2022 នេះ ហើយម្ចាស់ជ័យលាភី ហង្ស ម៉ានីតា កូនកាត់ខ្មែរបារាំងរូបនេះក៏ទទួលបាននូវការគាំទ្រតាំងពីលេចឮដំណឹងដាក់ពាក្យចូលប្រកួត រហូតមកទល់វគ្គ Final នេះនាងក៏នៅតែរក្សាបាននូវសម្លេងគាំទ្រកាន់តែខ្លាំង។ ខណៈប្រជាជនខ្មែរពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនទទួលស្គាល់នូវសម្ថភាពរបស់នាង ហើយក៏សង្ឃឹមយ៉ាងមុតមាំថា នាងនឹងនាំកម្ពុជាឆ្ពោះទៅកាន់ឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះដោយភាពជឿជាក់ និង មោទនភាព។