ពាន់ ភួងបុប្ផា បើកក្បាលនៅ PNN ទាំងទំនុកចិត្ត

0

នៅព្រឹកថ្ងៃទី១៧ តុលានេះ ផលិតករល្បីឈ្មោះ អ្នកស្រី ពាន់ ភួងបុប្ផា បានធ្វើពិធីក្រុងពាលីស្នាដៃបើកក្បាលរបស់ខ្លួននៅ PNN ដោយអ្នកស្រីបញ្ជាក់ថា នឹងធ្វើអោយស្នាដៃមិនធ្លាប់របស់ខ្លួនក្នុងស្ថាប័នមួយនេះ មិនអោយចាញ់ភាពយន្តទូរទស្សន៍បរទេស។ អ្នកស្រីប្រកាសថា នឹងធ្វើអោយPNN ចាប់អារម្មណ៍ផ្ដល់ឱកាសអោយអ្នកស្រីផលិតស្នាដៃទី២នោះផង។

អ្នកស្រី ពាន់ ភួងបុប្ផា បញ្ជាក់ក្នុងពិធីក្រុងពាលីមុននេះថា អ្នកស្រីបានព្រមព្រៀងផលិតភាពយន្តរឿង«តួគេខ្ញុំសម្ដែង» ដើម្បីបើកឆាកស្នាដៃរបស់ខ្លួនជាមួយនឹង PNN ជាការសាកល្បង ប៉ុន្តែមិនមែនបង្ហាញស្នាដៃក្នុងភាពប្រថុយប្រថាននោះទេ គឺនឹងធ្វើអោយមានការចាប់អារម្មណ៍តែម្ដង។ ភាពយន្តនេះ អ្នកស្រីគម្រោងថតអោយចប់នៅអំឡុងខែកុម្ភៈឆ្នាំ២០១៩ ដោយអាចមាន៤៥ ឬ ៤៦ ភាគ អាស្រ័យទៅតាមការថតជាក់ស្ដែង។ មួយរឿងនេះ និយាយពីគ្រួសាររាជវង្ស ដែលអ្នកស្រីបញ្ជាក់ថា គឺជារសជាតិថ្មី ដោយតួអង្គព្រះរាជវង្សមួយអង្គ ក៍តួល្ខោនបាសាក់ផងដែរ ដើម្បីអោយមានទំនាក់ទំនងគ្នារវាងរាជវង្ស និង អ្នកស្រែចម្ការ និងសិល្បៈផ្នែកល្ខោនបាសាក់ ដែលមហាជនខ្លះមើលរំលង។ អ្នកស្រីថា ភាពយន្តមួយរឿងនេះ អ្នកស្រីនឹងប្រើឩបករណ៍ផលិតទំនើប ហើយPNN ក៍បានជ្រោមជ្រែងលើទម្រង់ផលិតផងដែរ ទើបអ្នកស្រីជឿជាក់យ៉ាងខ្លាំងថាស្នាដៃដំបូងរបស់ខ្លួន នឹងផ្ទុះនៅដើមឆ្នាំ២០១៩។

អ្នកស្រី ពាន់ ភួងបុប្ផា បន្តថា កន្លងមកអ្នកស្រីផលិតភាពយន្តច្រើន តែមិនធ្លាប់បង្ហាញស្នាដៃជាមួយទូរទស្សន៍ធំPNN នោះទេ អុីចឹងហើយទើបអ្នកស្រីប្រកាសផលិតមួយរឿងនេះអោយខ្លាំង អោយល្អ ដើម្បីអោយPNN នៅតែបន្តទាក់ទងអ្នកស្រីអោយផលិតភាពយន្តលើកក្រោយៗទៀត ដើម្បីរំលេចស្នាដៃបន្តបន្ទាប់។

នៅក្នុងពិធីក្រុងពាលីនោះ គេឃើញវត្តមានតារាចាស់ថ្មីល្បីឈ្មោះជាច្រើន ដោយអ្នកស្រីដែលជាអ្នកដឹកនាំសម្ដែង បញ្ជាក់ថា ដើម្បីបណ្ដុះតារាថ្មីៗដែលមានសមត្ថភាព អោយទស្សនិកជនបានស្គាល់ អមដោយតារាជើងចាស់ នៅក្នុងស្នាដៃមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here