មិនគួរជឿ! ​សោភា ទេពពី ត្រូវ Zone Production ថាជាក្រពើ​ ទាំងមិនបានមួយសេន

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីលោក អ៊ុច រ៉ាវុឌ្ឍ ម្ចាស់ផលិតកម្ម Zone Production និងជាអ្នកផលិតបទ«អ្នកណាកែចិត្តបង?» អោយតារាចម្រៀងកញ្ញា សោភា ទេពី ច្រៀង បានផ្ដល់សម្ភាសន៍ដល់បណ្ដាញសារព័ត៌មានថានាងគឺជាក្រពើវង្វេងបឹង ក្រោយពេលលោកយកបទ«អ្នកណាកែប្រែចិត្តបង?» ដែលនាងថតអោយជាយូរមកហើយដោយមិនទាំងបានលុយកាក់មួយរៀលជាMV ហើយនាងចេញមុខបញ្ជាក់ថានាងមិនបានកុងត្រាចូលZone Production ស្របពេលនឹងមានការយល់ច្រលំថានាងបានក្លាយជាតារាចម្រៀងនោះផ្លូវការ។ នាងថាពាក្យថាក្រពើវង្វេងបឹង គឺស្មើនឹងលោក អ៊ុច រ៉ាវុឌ្ឍ បានធ្វើអោយនាងល្បីមកដល់ថ្ងៃនេះ ដោយសារតែលោកជ្រោមជ្រែង ប៉ុន្តែលោកបានហៅនាងច្រៀងក្រោយពេលនាងត្រូវគេស្គាល់ខ្លះៗមកហើយ លុះដល់ពេលនាងកាន់តែមានមុខក្នុងកម្មវិធី Cambodian Idol ទើបបទដែលបង្ហោះជាយូរមកហើយនោះបានកក្រើក តែបែរជាមកដៀលនាងដោយសម្ដីធ្ងន់បែបនេះ។

កញ្ញា សោភា ទេពី ថ្លែងបញ្ជាក់ថា ក្រោយពេលនាងត្រូវបានមហាជនស្គាល់បានបន្តិចតាមរយៈការជ្រោមជ្រែងរបស់«គ្រួសារតារាកម្ពុជា» លោកអ៊ុច រ៉ាវុឌ្ឍ ម្ចាស់ផលិតកម្មZone Production ក៏បានហៅនាងអោយជួយច្រៀងបទ«អ្នកណាកែចិត្តបង» ដោយមិនមានអោយលុយអោយកាក់នោះទេ ហើយនាងក៏សុំច្រៀងដោយសុំមិនកុងត្រាដូចគ្នា។ ប៉ុន្តែក្រោយពេលនោះបង្ហោះឡើងជិតមួយឆ្នាំ គឺមិនមានអ្នកណាស្គាល់បទនោះទេ គឺរហូតទាល់តែនាងចូលប្រលងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ ហើយគេស្គាល់នាងច្រើន ទើបបទនោះត្រូវបានស្ដាប់ ដោយលោក អ៊ុច រ៉ាវុឌ្ឍ ក៏បានផលិតកម្មចំណាយលុយដើម្បីអោយគេបានឃើញកាន់តែច្រើន។
សោភា ទេពី ថានាងហួសចិត្តដែលម្ចាស់ផលិតកម្ម Zone Production បាយកបទនោះទៅផលិតជាMV ហើយរូបនាងគ្រាន់តែប្រកាសកុំអោយមានការយល់ច្រលំថានាងបានចូលកុងត្រានៅក្នុងផលិតកម្មនោះ ស្រាប់តែលោក អ៊ុច រ៉ាវុឌ្ឍ បានចោទនាងថាមិនជួយចូកជួយចែវMV ដែលលោកបានចំណាយលុយផលិត និងបានផ្ដល់បទសម្ភាសន៍ចោទនាងថា នាងគឺជាក្រពើវង្វេងបឹង ក្នុងន័យថានាងធ្វើអោយប៉ះពាល់ដល់ស្នាដៃនោះ។ នាងបញ្ជាក់ថា ពាក្យក្រពើវង្វេងបឹង ដែលលោក អ៊ុច រ៉ាវុឌ្ឍ បានសំដៅមកនាងគឺនាងមិនអាចទទួលយកបាននោះទេ ដែលហាក់ដូចជារូបនាងបានល្បី និងមានគេស្គាល់មកទល់ពេលនេះ គឺដោយសារតែមួយបទដែលលោកអោយច្រៀង។ នាងថាខ្លួនមិនមានគំនិតបង្ហាញប្រតិកម្មរឿងលោក អ៊ុច រ៉ាវុឌ្ឍ យកសំឡេងរបស់នាងទៅធ្វើអាជីវកម្មបែបណាទាំងអស់ សូម្បីតែក្នុងពេលច្រៀងនាងក៏មិនបានមួយរៀល តែបើគ្រាន់តែនាងប្រកាសកុំអោយហ្វេនៗយល់ច្រលំថាកុងត្រាចូលក្នុងផលិតកម្មដែលយកបទនាងទៅផលិតជាMV នោះក៏ខុសដែរ គឺនាងមិនអាចទទួលយកបាន។

លោក អ៊ុច រ៉ាវុឌ្ឍ ម្ចាស់ផលិតកម្ម Zone Production បានផ្ដល់បទសម្ភាសន៍ថា ហេតុផលដែលធ្វើអោយលោកប្រដូចសោភា ទេពី ថាជាក្រពើវង្វេងបឹង គឺដោយសារតែនាងមិនបានជួយជ្រោមជ្រែងបទនោះ ដែលលោកខំប្រឹងចំណាយលុយធ្វើអោយល្បី ហើយបែរជាប្រកាសបដិសេធក្រោយចេញជា MV ធ្វើអោយប៉ះពាល់ដល់បទរបស់ខ្លួន។ យ៉ាងណាក៏ដោយលោកលើកឡើងរបស់លោក ត្រូវបានតារាសិល្បៈភាគច្រើនដែលបានបញ្ចេញទស្សនៈពិភាក្សាគ្នាក្នុងគ្រុប រិះគន់ពេញទំហឹង ជាពិសេសនៅពេលដឹងថាបទចម្រៀងមួយបទនោះ ភាគី សោភា ទេពី ច្រៀងអោយមិនបានទាំងមួយសេន និងអត្ថប្រយោជន៍ ក្នុងពេលដែលផលិតកម្មមានសិទ្ធិធ្វើអាជីវកម្មលើបទនោះ ដើម្បីមុខមាត់ផលិតកម្មខ្លួនយ៉ាងពេញទំហឹង ខណៈដែលការពិត​ម្ចាស់ផលិតកម្មទោះជាអ្នក​​​​ចាយលុយផលិត ក៏ត្រូវសុំសិទ្ធិ​សាមីខ្លួនមុន​​ធ្វើអាជីវកម្ម និងត្រូវបែងចែកផលប្រយោជន៍ផង ប្រសិនបើ​បទនោះ​​​ក្រោយពេល​បង្ហោះ​អាចទាញចំណូលបានពីយូធូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here