ទោះបីជាក្រុមហ៊ុនហ្គាវើលនៅរាជធានីភ្នំពេញទទួលបានប្រាក់ចំណេញសុទ្ធចំនួន 102.3 លានដុល្លារ និងបានបង់ប្រាក់ចំនួន 81 លានដុល្លារ ដល់ម្ចាស់ភាគហ៊ុននៅឆ្នាំ ២០២០ ក៏ដោយ ក៏ក្រុមហ៊ុនមួយនេះបានប្រកាសផែនការបញ្ឈប់បុគ្គលិក ចំនួន 1,329 នាក់។ ប្រធានសហជីពទ្រទង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើល កញ្ញា ឈឹម សីថរ បានប្រាប់ថា កញ្ញាមានការខកចិត្តយ៉ាងខ្លាំងនៅពេលបានលឺដំណឹងថាណាហ្គាវើល ដែលជាកាស៊ីណូធំជាងគេនៅកម្ពុជា គ្រោងនឹងបញ្ឈប់បុគ្គលិក ចំនួន 1,329នាក់ ដើម្បីកាត់បន្ថយការចំណាយ និង ធានាស្ថេរភាពអាជីវកម្ម របស់ក្រុមហ៊ុន ក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩ នៅកម្ពុជា។ ប្រធានសហជីបរូបនេះបានបន្ថែមថា ក្រុមហ៊ុនបានយកចិត្តទុកដាក់ចំពោះប្រាក់ចំណេញរបស់ខ្លួនប៉ុន្តែ មិនអើពើនឹងជីវភាពរស់នៅរបស់បុគ្គលិក ដែលអ្នកខ្លះសឹងតែមិនអាចមានលទ្ធភាបទិញម្ហូបអាហារ និងមិនមានលទ្ធភាពសងបំណុលទៅធនាគារផងនោះ។ ស្របពេលជាមួយគ្នានោះដែរបុគ្គលិកណាហ្គាវើលមួយចំនួនក៏បានប្រាប់អោយដឹងផងដែរថា ពួកគេបារម្ភខ្លាចមិនទទួលបានប្រាក់ខែសម្រាប់ខែក្រោយ ព្រោះអីខែនេះពួកគេទទួលបានប្រាក់ខែ ត្រឹមតែ 40% នៃប្រាក់ខែរបស់ពួកគេតែប៉ុណ្ណោះ៕