ដឹងពី វ៉ាន ដាណេ អតីត X Factor ពិតជាមានប្រវត្តិកម្សត់ និង តស៊ូ

0

ទោះប្រលងធ្លាក់ពីកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor ក៏អតីតបេក្ខភាពក្នុងកម្មវិធីនេះ លោក វ៉ាន ដាណេ ត្រូវគេកត់សម្គាល់ថាចាប់ផ្ដើមមានសន្ទុះទីផ្សារសិល្បៈ ស្របពេលដែលលោកត្រូវគេដឹងថាមានប្រវត្តិកម្សត់ និងតស៊ូគួរអោយអាណិតផ្សំផង។ លោកកាន់តែទទួលការចាប់អារម្មណ៍ ចាប់តាំងពីលោកមានឱកាសចេញបទចម្រៀងផ្ទាល់ខ្លួនជាហូរហែរ ក្រោមស្នាដៃនិពន្ធលោក នូ សុភេន និងមានការជ្រោមជ្រែងអោយឡើងកម្មវិធីនានាពីអ្នកអាណិតស្រលាញ់។

លោក វ៉ាន់ ដាណេ គឺជាកូនកំព្រាឪពុក ម្ដាយខ្វះខាត ដែលមានប្រវត្តិដើររស់នៅពីកន្លែងមួយទៅកន្លែងមួយយ៉ាងកម្សត់ ក្នុងពេលលោកមិនទាន់ក្លាយជាតារាចម្រៀង។ តារាមកពីខេត្តកំពង់ចាម ក្នុងស្រុកពញាក្រែករូបនេះ ត្រូវគេដឹងថាមានប្រវត្តិរស់នៅជាមួយមារមីង និងអាស្រ័យទីវត្ត រហូតដល់ធំក៏ប្រឡូកការងារជាកម្មកររោងចក្រ ដែលបានត្រឹមតែខ្វះព្រឹកខ្វះល្ងាច។ ដោយសារតែចង់ក្លាយខ្លួនជាអ្នកចម្រៀង លោកក៏បន្តពុះពារយ៉ាងលំបាករហូតមានឱកាសបានច្រៀងប្រចាំវង់អកកេសមួយ ដែលទទួលបានតម្លៃខ្លួនតែ៣ម៉ឺនរៀលប៉ុណ្ណោះ បន្ថែមពីលើការងារក្នុងរោងចក្រ។ លោកទើបតែបានតម្លៃខ្លួនគ្រាន់បើ ក្រោយពីបង្ហាញមុខ ក្នុងកម្មវិធី X Factor មុននេះ តែក៏មិនទាន់មានទីផ្សារទូលំទូលាយប៉ុន្មានដែរ ដោយសារតែការប្រកួតប្រជែងតារាចម្រៀងច្រើននាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ ប្រវត្តិ និង ការតស៊ូ របស់ វ៉ាន ដាណេ បានរុញអោយលោកទទួលបានការអាណិតពីមនុស្សជុំវិញខ្លួនជាហូរហែរ ដោយត្រូវបានផលិតករមួយរូប ត្រៀមនឹងសៀតស៊កអោយលោកបានច្រៀងក្នុងវង់តន្ត្រីប្រេនៗ ដើម្បីជួយពង្រឹងទីផ្សារជួយដល់លោកនោះផង។ លោក វ៉ាន ដាណេ ធ្លាប់បានបង្ហើបថា នៅពេលទីផ្សាររបស់លោកមានការរីកចម្រើនល្អជាងនេះ នោះលោកនឹងផលិតបទចម្រៀងផ្ទាល់ខ្លួនអោយបានច្រើន ដើម្បីអោយគេឆាប់ស្គាល់ និង មានទីផ្សារ។

LEAVE A REPLY

Please enter your comment!
Please enter your name here