បន្ទាប់ពីជោគជ័យក្នុងរឿង”នាឡិកាដាស់វិញ្ញាណ” ដែលឈ្នះពានក្នុងកម្មវិធីមហោស្រពភាពយន្តថ្នាក់ជាតិកាលពីពេលថ្មីៗនោះ ផលិតកម្ម LD បានបញ្ចេញភាពយន្តថ្មីមួយទៀតហើយ គឺរឿង”ថេកចុងក្រោយ” ដែលកាន់តែមានគុណភាព និងមើលទៅមិនចាញ់ភាពយន្តបរទេស ទាំងប្លង់ សំលេង និង សាច់រឿង។ ភាពយន្តនេះ ត្រូវបានធ្វើពិធីសម្ពោធកាលពីថ្ងៃទី២២ មករា ឆ្នាំ២០២០មុននេះ ដោយត្រូវបានដំណើរការដាក់បញ្ចាំងជាផ្លូវការហើយ នៅគ្រប់រោងកុន។
ផលិតករភាពយន្ត លោក លៀក លីដា ក៏បានប្រកាសថានៅជាភាពយន្តមួយបន្ថែម ដែលលោកចំណាយទុនថតអស់ច្រើន មិនខុសគ្នាពីរឿង”នាឡិកាដាស់វិញ្ញាណ” ដែលអស់រង្វង់៣០ម៉ឺនដុល្លារនោះផងដែរ។ យ៉ាងណាមិញលោកមិនទាន់ប្រកាសថា នឹងជោគជ័យខ្លងកម្រិតណានោះទេ បើទោះជាសាច់រឿង ប្លង់ និង គុណភាពទាំងស្រុង គឺមិនចាញ់ភាពយន្តបរទេស ដែលផលិតអស់ច្រើនសែនដុល្លារ។ នៅក្នុងពិធីបើកសម្ពោធនោះ លោកក៏បានអញ្ជើញតារាសិល្បៈ និងតួសម្ដែងមកចូលរួមយ៉ាងច្រើនកុះករផងដែរ ទើបពិធីនៅផ្សារអ៉ីអន១ នាល្ងាចនោះ អ៊ឹកអធឹក។