ជម្ងឺរុករាន! នាយ សង់ស៊ីស និយាយបានតែពាក្យពីម៉ាត់ ថ្ងៃមង្គល សុន ស្រីពេជ្រ

0

ពិធីមង្គលការអ្នកនាង សុន ស្រីពេជ្រ គេកត់សម្គាល់ថាមានភាពអធឹកអធមយ៉ាងខ្លាំង ដោយក្រៅពីមានវត្តមានតារាសិល្បៈយ៉ាងច្រើនកុះករ ក៏មានវត្តមានមន្ត្រីជាឥស្សរជនជាន់ខ្ពស់ និងភរិយាថ្នាក់ដឹកនាំចូលរួមផងដែរ។ អ្វីដែលគេកត់សម្គាល់ខណៈដែលពិធីទាំងមូលមានការអបអរពីសំណាក់អ្នកចូលរួម មិនសល់សូម្បីតែម្នាក់នោះ លោក ម៉ា រីសុន ហៅនាយសង់ស៊ីស ដែលធ្លាក់ខ្លួនឈឺជាយូរមកហើយ ទើបមានសភាពអាចដើរ និងឈរបាន អាចនិយាយបានតែ២ម៉ាត់ប៉ុណ្ណោះ ក្នុងពិធីមង្គលការកូនស្រី។

ក្នុងពេលពិធីករលោក ញ៉ែម សុគន្ធ ស្នើអោយលោកឳពុកខាងស្រីគោរពថ្លែងអំណរគុណភ្ញៀវ លោកនាយ សង់ស៊ីស ដែលទើបរួចបន្តិចពីជំងឺស្លាប់មួយចំហៀងខ្លួន ត្រូវបានកូនកំលោះ និងកូនក្រមុំ ស៊ីញូប្រាប់ថា មិនអាចនិយាយរួចទេ ដោយសារតែលោកមានជំងឺលើសឈាមដល់ថ្នាក់ទាញសរសៃមាត់ និងស្លាប់មួយចំហៀងខ្លួនធ្ងន់ធ្ងរគ្រាមុន។ ភ្លាមនោះ នាយចាបចៀន និង អ្នកនាង កាឆយ ក៏បានជំនួសមុខលោក សង់ស៊ីស ដើម្បីគោរពអរគុណភ្ញៀវ ប៉ុន្តែនិយាយមិនទាន់ចប់ប្រយោគផង ក៏ត្រូវលោក នាយសង់ស៊ីស ទាញក្បាលមេក្រូមកប្រកាស។ លោកកាន់ក្បាលមេក្រូបណ្ដើរ ផ្ទៃមុខញ័រដោយសារសរសៃទាញមាត់បណ្ដើរ ដោយសំលេងរបស់លោកគឺឮតែពាក្យឡុលៗ ដូចកូនក្មេងទើបហាត់និយាយ។ យ៉ាងណាមិញ ពាក្យពីមាត់ ដែលលោកនាយសង់ស៊ីស បន្លឺឡើងបានគ្រាន់យល់បន្តិចគឺ”សប្បាយចិត្តណាស់…អរគុណ”។ សំលេងជូនពររបស់លោក ធ្វើអោយភ្ញៀវក្ដុលក្ដួលយ៉ាងខ្លាំង ខណៈដែលលោកធ្លាប់តែសំបូរវោហារកំប្លុកកំប្លែង មិនចេះរីងស្ងួត តែបែរជាមានជម្ងឺទាញមាត់ និយាយមិនកើត ដោយឮតែសំលេងគ្រលស្ដាប់លែងបាន។

អ្នកនាង សុន ស្រីពេជ្រ ប្រាប់ថានេះហើយជាមូលហេតុដែលនាងពន្យារពេលរៀបការ បើទោះជាអ្នកនាង និង ស្វាមីបានទាក់ទងគ្នាជាយូរមកហើយ។ អ្នកនាងថាខ្លួនមិនអាចរៀបការដោយគ្មានវត្តមានឳពុកបានទេ ទើបអ្នកនាងសុខចិត្តរួមរស់ជាមួយស្វាមីរហូតដល់បានកូនស្រី១ ហើយគ្រាន់តែឃើញលោកឳពុកដើរបាន និងនិយាយបានឡុលៗ ក៏រៀបចំពិធីមង្គលការតែម្ដង។

ពិធីមង្គលការរបស់អ្នកនាង នៅថ្ងៃទី២៣ តុលា ឆ្នាំ២០១៩នោះ តារាសិល្បៈ ស្ទើរតែគ្រប់ជំនាន់តែម្ដង ត្រូវបានគេឃើញបង្ហាញខ្លួន ដូចជា អ្នកនាង ប៉េងប៉ោង អ្នកនាង ឈួន សុវណ្ណឆៃ លោក សុះ ម៉ាច កញ្ញា រ៉ូលីន អ្នកនាង កាតុ កញ្ញាយ៉េយ៉េ លោក ញ៉ែម សុគន្ធ លោក កុយ ស៊ីឌឿន អ្នកនាង កែវ ច័ន្ទសម្ផស្ស អ្នកនាង យ៉ុង ចាន់កណ្ណិកា នាយក្រឹម លោក សុធា ពិសិដ្ឋ និងសិល្បករសិល្បការិនីយ៉ាងច្រើនកុះករមួយចំនួនផ្សេងទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here