ក្នុងពិព័រណ៌គ្រឿងពេជ្រ ដែលជាថ្ងៃតាំងពិព័រណ៌គ្រឿងពេជ្រថ្ងៃចុងក្រោយ របស់ Chateau Des Gems កាលពីថ្ងៃទី១៣ តុលា ឆ្នាំ២០១៩ កំពូលតារាសម្ដែងថៃ លោក Boy Pakorn បានអះអាងថាខ្លួនមានអារម្មណ៌សោកស្ដាយយ៉ាងខ្លាំង ដែលមកកម្ពុជា ៣លើកទាំងលើកនេះហើយ តែនៅតែអត់គម្រោងដើរកម្សាន្ត។ លោកថាអោយតែបង្ហាញមុខនៅកម្ពុជា គឺមកសម្ដែងដូចអំពិលអំពែក ដោយមកតែប៉ុន្មានម៉ោងក៏ត្រូវហោះទៅវិញ។
តារាសម្ដែងថៃ លោក Boy Pakorn បញ្ជាក់ដាក់ក្បាលមេក្រូថា ធៀបនឹងដំណើរមកកាន់កម្ពុជាកាលពីពីរលើកមុន លោកថាលើកនេះមានអារម្មណ៍រំភើបជាង ដោយសារតែបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពិព័រណ៌គ្រឿងពេជ្រធំនៅកម្ពុជា។ លោកថា គ្រឿងពេជ្រ Chateau Des Gems នៅក្នុងប្រទេសថៃមានការទទួលស្គាល់យ៉ាងខ្លាំង ដោយលោកក៏ជាហ្វេនយ៉ាងជាប់ចិត្តម្នាក់ដែរ។ យ៉ាងណាមិញលោកសម្ដែងអារម្មណ៍សោកស្ដាយ ដែលមកកម្ពុជាលើកណា ក៏មិនដែលបានដើរកម្សាន្ត ដោយមកពេលព្រឹកទៅវិញពេលល្ងាច ខណៈដែលដំណើរមកម្ពុជាលើកនេះ ក៏មិនខុសមុន ព្រោះសម្រាកតែមួយយប់ ក៏ត្រលប់ទៅថៃវិញពេលព្រឹក។ លោកថានៅក្នុងប្រទេសថៃលោកមានការងារច្រើន ទើបពិបាកស្នាក់នៅកម្ពុជារាល់ពេលចុះមកដើម្បីដើរកម្សាន្ត។ លោកនឹងអាចរៀបគម្រោងមកដើរលេង និងទៅមើលប្រាសាទអង្គរវត្តក្នុងពេលណាមួយ បើអាចឆ្លៀតបាន។ យ៉ាងណាមិញ លោកថាខ្លួនមានអារម្មណ៍រំភើបរាល់ពេលចុះមក ជាពិសេសគឺបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់ភ្ញៀវកិត្តិយសជាពិសេសក្នុងពិព័រណ៌គ្រឿងពេជ្រ បើទោះមិនបានដើរកម្សាន្ត។
លោកស្រី ម៉ៅ ពោរពេញ អគ្គនាយិកាហាងពេជ្រ Chateau Des Gems បានថ្លែងបញ្ជាក់ថា ពិធីបញ្ចប់ពិព័រណ៌លើកទី៦របស់ហាង Chateau Des Gems នៅរាជធានីភ្នំពេញ អ្នកស្រីបានសម្រេចចិត្តអញ្ជើញតារាថៃលោក Boy Pakorn អមដោយវត្តមានតារាល្បីៗកម្ពុជា ដូចជាអ្នកនាង យុគ ចិន្តា និងតារាម៉ូដែលល្បីៗជាច្រើនរូប ដូចជាកញ្ញា ម៉ាក់សែន សូនីតា អោយបង្ហាញខ្លួន។ អ្នកស្រីអញ្ជើញលោក Boy Pakorn មកកម្មវិធីនេះក៏ដោយសារតែនៅក្នុងប្រទេសថៃ ក្រុមហ៊ុនពេជ្រ Chateau Des Gems ដែលមានទីតាំងនៅផ្សារ Icon Siam តារាថៃរូបនេះ ក៏ជាអ្នកតំណាងមួយរូបផងដែរ។ អ្នកស្រីថា សប្បាយចិត្តយ៉ាងខ្លាំង ដែលវត្តមានតារាថៃ លោក Boy Pakorn ទទួលបានការគាំទ្រខ្លាំងពីបណ្ដាភ្ញៀវកិត្តយសនៅក្នុងកម្មវិធី។ លោកស្រីថា ពិធីតាំងពិព័រណ៌របស់ហាងពេជ្រ Chateau Des Gems ដែលដំណើរការយ៉ាងជោគជ័យទាំង២ថ្ងៃនៅភ្នំពេញនេះ មិនខុសពីបង្ហាញពីសន្ទុះរីកចំរើននៃទីផ្សារពេជ្រនៅកម្ពុជានោះទេ ដោយសារតែក្នុងពិព័រណ៌ទាំងមូល Chateau Des Gems បានច្នៃឈុតដែលជាម៉ូដតែមួយៗលើលោកជាច្រើនឈុត ដោយមានទាំងឈុតតម្លៃជាងកន្លះលានដុល្លារ និងតម្លៃកប់ពពកជាច្រើនទៀតមិនអន់ជាងទីផ្សារពេជ្រនៅក្រៅប្រទេស៕




























