ជ័យ សុវ៉ាត នៅតែចិញ្ចឹមចិត្ត

0

ក្រោយពីបើកឆាកវាយលុកទីផ្សារចម្រៀងនៅក្នុងផលិតកម្មសាន់ដេ ហើយទទួលបានការគាំទ្រខ្លាំងក្លាសម្រាប់បទចម្រៀងផ្នែកមនោសញ្ចេតនា លោក ជ័យ សុវ៉ាត បានអះអាងថា ខ្លួននៅតែចិញ្ចឹមចិត្តក្នុងការវាយលុកទីផ្សារខាងផ្នែកបញ្ចេញក្បាច់រាំអោយរស់រវើក ដោយលោកបានទាំងប្រកាសជំហរសម្រកទម្ងន់អោយស្វែល ហើយនឹងបញ្ចេញក្បាច់រាំមិនអោយចាញ់តារាយុវវ័យផ្សេងទៀត។

លោក ជ័យ សុវ៉ាត បានអះអាងថា បើទោះជាមានសន្ទុះក្នុងបទចម្រៀងកម្សត់ៗនាពេលចុងក្រោយ ប៉ុន្តែលោកថាខ្លួនក៏ត្រូវការការប្រកួតប្រជែងតារាយុវវ័យដែលពូកែក្បាច់រាំផងដែរ ដោយលោកយល់ថាបើខ្លួនមិនស្រកគីឡូនោះការហាត់រាំ និងការបញ្ចេញក្បាច់រាំបានរស់រវើកនោះទេ។ លោកថាខ្លួនមិនអាចកំរើកតែមួយជ្រុង ហើយភ្លេចមួយជ្រុងផ្សេងទៀតបានទេ ទើបលោកចិញ្ចឹមចិត្តសម្រកគីឡូ និងបញ្ចេញបទចម្រៀងដែលអាចបញ្ចេញក្បាច់រាំអោយបានល្អ នៅពេលខាងមុខ។ លោកថាហេតុផលមិនអាចស្រកគីឡូ និងមិនអាចបញ្ចេញក្បាច់រាំបានតាមការគ្រោងទុក គឺជាអ្វីដែលលោកព្រួយបារម្ភ ខណៈដែលលោកបញ្ជាក់ថាតារាចម្រៀងម្នាក់ បើល្អ ឬមានការគាំទ្រតែផ្នែកចម្រៀងកម្សត់ៗ នោះមិនអាចទៅរួចក្នុងពេលវាយលុកទីផ្សារបានឡើយ ទើបលោកត្រូវធ្វើផ្នែកនោះអោយបានល្អសិន ទើបចេញមុខវាយលុកអោយបានច្រើនលើឆាកតន្ត្រី។

យ៉ាងណាមិញ លោក ជ័យ សុវ៉ាត បានសម្ដែងអារម្មណ៍រីករាយនៅពេលបទចម្រៀងរបស់លោក រមែងទទួលបានការគាំទ្រខ្លាំងក្លា ជាពិសេសបទប្រភេទមនោសញ្ចេតនា ដោយបទ«ហត់»របស់លោកដែលបានចេញបង្ហោះក្រោយគេ គឺជាភស្ដុតាងស្រាប់។ លោកគម្រោងបញ្ចេញបទទាំងកម្សត់ និងបទញាក់អោយខ្លាំងព្រមគ្នា ទើបទទួលច្រៀងរាំលើឆាកអោយគគ្រឹកគគ្រេង។

លោកថាមិនទាន់ហ៊ានឡើងឆាកច្រើនទេ ដរាបណាលោកមិនទាន់មានបទដែលមានចង្វាក់ញាក់ៗផ្ទុះៗ ហើយមិនទាន់អាចស្រកគីឡូរាំបានរស់រវើក ដូចការចង់បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here