ក្រោយប្រកាសរៀបការឡើងផ្អើលខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០១៩ គូស្នេហ៍ភេទដូចគ្នាស្រី ដែលតួអង្គប្រុសមានឈ្មោះថា យ៉ាន សុខហេង និងតួអង្គកូនក្រមុំឈ្មោះ ច្រឹង ច័ន្ទសុផាណ្ណារ័ត្ន បានធ្វើអោយកក្រើកស្រទាប់មហាជនយ៉ាងខ្លាំង។ ជាមួយនឹងដំណឹងដ៍គួរអោយចាប់អារម្មណ៍នេះ ផ្ទះតារា បានសម្ភាសន៍បន្ថែមពីប្រវត្តិស្នេហ៍ និងរឿងរ៉ាវផ្ទាល់ខ្លួន ដែលកាន់តែធ្វើអោយមានការចាប់អារម្មណ៍បន្ថែមទៀត។
អ្នកនាង ច្រឹង ច័ន្ទសុផាណ្ណារ័ត្ន ហៅស្រីណា កំពង់ឆ្នាំង បានថ្លែងបញ្ជាក់ថា អ្នកនាងក៍ជាតារាសិល្បៈមួយរូបដែរ ដោយអ្នកនាងជាអ្នកចម្រៀងប្រពៃណីខ្មែរ និងបានតស៑ូប្រឡូកសិល្បៈជាយូរឆ្នាំមកហើយ ពោលគឺតាំងពីអ្នកនាងធ្លាក់ខ្លួនជាស្ត្រីមេម៉ាយកូន២ទាំងវ័យក្មេង គឺអ្នកនាងកាន់តែសកម្មនឹងអាជីពភ្លេងខ្មែរនៅកំពង់ឆ្នាំង។ អ្នកនាងថា ខ្លួន និងស្វាមី មុនបានបែកបាក់គ្នាក្រោយពីមានកូនស្រី២នាក់ ដោយសារតែហេតុផលស្វាមី ល្បែងក៍ល្បែង ផឹកសុីក៍ផឹកសុី ហើយស្រីក៍ស្រី។ បន្តបន្ទាប់មកអ្នកនាង ក៍បានស្គាល់គ្នាជាមួយនឹងស្វាមីបច្ចុប្បន្នដែលជានារីចរិតប្រុសតាមហ្វេសប៑ុក ដែលកាលនោះ លោកគឺជាចុងភៅកាន់កាប់ហាង៤ប្រចាំប្រទេសថៃ។ អ្នកនាងថាចំណងស្នេហ៍ដែលបានកើតឡើង គឺបន្ទាប់ពីលោក យ៉ាន សុខហេង ដែលជាតួអង្គប្រុស យកចិត្តទុកចំពោះនាង និងកូនទាំងពីរ ដែលធ្វើអោយអ្នកនាងកក់ក្ដៅ ហើយមិនខ្វល់ពីចំណងស្នេហ៍ស្រីស្រលាញ់ស្រី។ អ្នកនាងថា ចំណងស្នេហ៍ភេទដូចគ្នារបស់ខ្លួន មានគេសើចយំច្រើន ប៉ុន្តែដោយសារពួកនាងតស៑ូ ហើយខំកសាងជីវភាពកាន់តែល្អប្រសើរមុនពេលសម្រេចចិត្តរៀបការ ទើបមានសាច់ញាតិច្រើនឡើងអោយតម្លៃ។ អ្វីដែលអ្នកនាងសប្បាយចិត្ត គឺស្វាមីដែលជាស្រីរបស់អ្នកនាង ស្រលាញ់អ្នកនាង ហើយជំរុញទឹកចិត្តធ្វើអោយអាជីពសិល្បៈ និង អាជីពបើកជំនួញគ្រប់ផ្នែករបស់អ្នកនាង កាន់តែជោគជ័យខ្លាំង។
អ្នកនាង ស្រីណា កំពង់ឆ្នាំង បញ្ជាក់ថា បច្ចុប្បន្នអ្នកនាងគឺជាអ្នកចម្រៀងប្រពៃណី (ភ្លេងខ្មែរ) ដ៍ជោគជ័យម្នាក់នៅខេត្តកំពង់ឆ្នាំង ដោយអ្នកនាងក៍ជាអ្នកចម្រៀង ក្នុងវង់ភ្លេងសម័យ ប្រចាំក្រុមតន្ត្រីមួយផងដែរ។ សម្រាប់មុខរបរជំនួញ អ្នកនាង គឺជាអ្នកផ្ដាច់មុខបាយដំណើបបំពងម៉ាក់អូនឌីក្នុងខេត្តកំពង់ឆ្នាំង ជាអ្នកលក់ផលិតផលសម្រស់តាមអនឡាញ និងបានបើកហាងអាហារដ្ឋានយីហោ ចែណា_បុកថៃ នៅខេត្តកំពង់ឆ្នាំង ដែលមានស្វាមីជានារីស្រលាញ់ភេទដូចគ្នាជាអ្នកគ្រប់គ្រង។ អ្នកនាងថា ប្ដីក្រោយរបស់ខ្លួន មានតែជំរុញអោយអ្នកនាងបន្តអាជីច្រៀងភ្លេងការ និងច្រៀងសម័យ ទើបធ្វើអោយអ្នកនាងជោគជ័យទាំងព្រម ហើយមិនភ័យរឿងប្រចែប្រច័ណ្ឌ ប៉ះពាល់អារម្មណ៍ ខណៈដែលអ្នកនាងក៍ប្រកាសក្ដែងៗថា ទោះជាប្ដីរបស់ខ្លួនជានារីដូចគ្នា ប៉ុន្តែអ្នកនាងនឹងស្មោះមិនប្រែអស់មួយជីវិត៕






















