ស៊ូ ស៊ីរីកា ខ្លាំងទាំងក្រៅស្រុក និងក្នុងស្រុក

0

ខុសពីតារាមួយចំនួនដែលចេញទៅសម្ដែងនៅក្រៅប្រទេស ហើយរមែងស្ងប់ស្ងាត់ទីផ្សារនៅក្នុងស្រុក តារាចម្រៀងកំពុងឡើងកូដខ្លាំងប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរីកា បែរជាត្រូវគេកត់សម្គាល់ថា មានសន្ទុះទាំងក្នុង និងក្រៅស្រុកព្រមគ្នាតែម្ដង នៅក្នុងរយៈពេលនេះ។ ខណៈដែលទីផ្សារចេញច្រៀងនៅអាមេរិក គេឃើញតារាស្រីរូបនេះ មានអ្នកគាំទ្រភ្លូកទឹកភ្លូកដី នៅក្នុងស្រុកឯណេះវិញ បទចម្រៀងថ្មីៗរបស់នាង ក៍កំពុងកញ្ជ្រោលអារម្មណ៍អ្នកតាមដានបទចម្រៀងសម្រាប់អបអរឱកាសចូលឆ្នាំផងដែរ សូម្បីតែម្ចាស់បទ មិនបានចេញមុខច្រៀងប្រូម៉ូត។

ប្រភពពីសហរដ្ឋអាមេរិក បានថ្លែងបញ្ជាក់ថា ៦ Shows ដែលនាងបានសម្ដែងទើបតែបញ្ចប់ក្ដៅកាលពីចុងសប្ដាហ៍នោះ មិនត្រឹមតែបងប្អូនខ្មែរប៉ុណ្ណោះទេ ដែលសម្រុកទិញសំបុត្រទស្សនាការសម្ដែងរបស់នាង សូម្បីតែភ្ញៀវជាជនបរទេស បូករួមទាំងមន្ត្រីស្ថានទូតប្រចាំនៅក្នុងប្រទេសនោះផង ក៏មកទិញសំបុត្រទស្សនាការសម្ដែងរបស់នាងផងដែរ ជាពិសេសក្នុងពេលនាងបកស្រាយបទចម្រៀងជាភាសាបរទេស ដែលតារាចម្រៀងរួមក្រុមមិនអាចធ្វើបាន។ ប្រភពពីអ្នកទៅចូលរួមទស្សនាការសម្ដែងដោយផ្ទាល់របស់នាងនៅលើទឹកដីអាមេរិក សុទ្ធតែលាន់មាត់សរសើរថា នាងជាតារាចម្រៀងខ្មែរ ដែលអាចបកស្រាយបានលន្លង់លន្លោចទាំងបទមនោសញ្ចេតនាជាភាសាខ្មែរ និងបរទេស ខណៈដែលបទចម្រៀងជាចង្វាក់រាំៗដែលនាងបកស្រាយក៍ពោរពេញដោយស្ទីលក្រម៉ិចក្រម៉ើម ធ្វើអោយអ្មកទស្សនាដោយផ្ទាល់ជាប់ចិត្ត។ ម្នាក់ៗនិយាយថា ស៊ូ ស៊ីរីកា ពិតជាមានប្រជាប្រិយភាពនៅលើទឹកដីស៊ីវិល័យនោះមិនធម្មតាមែន ដោយអ្នកធានាយកនាងអោយទៅច្រៀងនៅទីនោះញញឹមបិទមាត់មិនជិត និងសរសើរថានាងគឺជាតារាល្បីមកពីកម្ពុជាតែម្នាក់គត់ដែលចេះសម្របតាមបរិយាសដោយតស៊ូច្រៀងបំពេញតាមសំណូមពរអ្មកគាំទ្រ ដោយមិនកំណត់ចំនួនបទ និងម៉ោងពេល ធ្វើអោយកម្មវិធីទាំងមូលកាន់តែរស់រវើកនោះផង។

ក្រឡេកមកមើលក្នុងស្រុកឯណេះវិញ ប្រជាប្រិយភាពរបស់នាង ក៍មិនអន់ជាងតារាដែលចេះប្រូម៉ូតបទផ្ទាល់ខ្លួនជារៀងរាល់សប្ដាហ៍នោះផង។ បទ”ម៉ាឌីហ្សុនឈូសស្បែកជើង” របស់នាងក៍ត្រូវគេចាក់បន្លឺយ៉ាងកងរំពងមិនអន់ដែរ នៅតាមស្តង់តាំងលក់ផលិតផល និងក្នុងវេទិការាំលេងក្នុងមង្គលការ ស្របគ្នាដែលបទចម្រៀងនេះ ក៍មានអ្នកចូលស្ដាប់ច្រើនមិនធម្មតា នៅលើបណ្ដាញយូធូប។ ស៊ូ ស៊ីរីកា មិនត្រឹមតែកន្ត្រាក់អ្នកនិយមទឹកដមសំលេងរបស់នាងក្នុងបទ”ម៉ាឌីហ្សុនឈូសស្បែកជើង”នោះតែមួយបទទេ សូម្បីតែបទប្រភេទមរតកដើម ដូចជាបទ”ចាស់ហើយលោកប្ដី” ដែលនាងបកស្រាយរួមគ្នា ជាមួយលោក ម៉ៅ ហាជី ក៍ត្រូវគេបន្លឺតាមវិទ្យុ និងទីសាធារណៈ ដែលធ្វើអោយតារាស្រីរូបនេះ ត្រូវគេកត់សម្គាល់ថា ខ្លាំងក្នុងការក្រសោបការគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុកក្នុងរយៈពេលនេះផងដែរ។ ក្រៅពីត្រូវគេកត់សម្គាល់ថា សន្ទុះគាំទ្រឈានឡើងទាំងក្នុង និងក្រៅស្រុក តារាស្រីរូបនេះ ក៏ល្បីថាមានកន្លង់អាមេរិកឆ្វែលឆាបចង់គ្រងបេះដូងណាស់ដែរ ប៉ុន្តែឮថានាងមិនធ្វើការពិចារណាឮ៕

LEAVE A REPLY

Please enter your comment!
Please enter your name here