ប្រធានសមាគមភាពយន្តកម្ពុជា បង្ហាញមោទនភាពនៅហុងកុង

0

ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិក្នុងទីក្រុងហុងកុង លោក ព្រំ សិលា ប្រធានថ្មីសមាគមភាពយន្តកម្ពុជា ក៍បានដឹកនាំផលិតករ និងតាំងស្ដង់លក់ភាពយន្តរបស់ខ្មែរ នៅក្នុងព្រឹត្តិការណ៍នោះដែរ។ លោកបានផ្ដល់កិច្ចសម្ភាសន៍មួយចំនួន បង្ហាញពីមោទនភាព និងពីអ្វីដែលលោកសំលឹងឃើញពីព្រឹត្តិការណ៍នេះ។

លោក ព្រំ សិលា ថ្លែងបញ្ជាក់ក្នុងពេលអ្នកសារព័ត៍មានពីទីក្រុងហុងកុងមកថា ជាលើកទី១ ដែលលោកបានដឹកនាំបណ្ដាក្រុមផលិតករក្នុងស្រុកអោយមកតាំងពិព័រណ៍នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិ ឬ Filmart ដែលជាវេទិកាលក់ភាពយន្តធំប្រចាំឆ្នាំរបស់ពិភពលោក បន្ទាប់ពីលោកបានក្លាយជាប្រធានសមាគម។ យ៉ាងណាមិញ លោកថាវត្តមានរបស់លោក និងបណ្ដាផលិតករដែលបានតាំងស្ដង់ដាក់លក់ភាពយន្តគឺទទួលបានផ្លែផ្កាជាវិជ្ជមាន។ នោះគឺដោយសារតែមានបណ្ដាភ្ញៀវអន្តរជាតិ ជាក្រុមផលិតករមកពីប្រទេសផ្សេងៗច្រើនក្រុម បានចាប់អារម្មណ៍ពីផលិតផលភាពយន្តរបស់ខ្មែរ ដោយក្រៅពីចាប់អារម្មណ៍ចង់ទិញសាច់រឿងមួយចំនួនយកទៅលក់បន្ត ក៍បានប្រកាសចាប់ដៃជាមួយផលិតករខ្មែរ ដើម្បីផលិតរឿងនៅកម្ពុជា។ លោកថាគឺជាមោទនភាព ដែលភាពយន្តរបស់ខ្មែរ ត្រូវបានគេអនុញ្ញាតិអោយតាំងស្ដង់ក្នុងZone ភាពយន្តហូលីវូត ហើយមិនខុសពីជួយអោយភាពយន្តរបស់ខ្មែរ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

លោកបង្ហាញការរំពឹងយ៉ាងខ្លាំងថា ផលិតករបរទេសនឹងចាប់អារម្មណ៍ចុះមកផលិតភាពយន្តនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល ក៍បានប្រកាសពីគោលការណ៍លើកលែងពន្ធក្នុងការផលិតភាពយន្តរហូតដល់ឆ្នាំ២០២៣ ដែលមិនខុសពីការបើកផ្លូវអោយផលិតករទាំងក្នុង និងក្រៅស្រុក បង្កើនការផលិតស្នាដៃព្រោះលែងមានការស្មុគស្មាញជាងមុន។ លោកថាវត្តមានតាំងស្តង់នៅក្នុងទីក្រុងហុងកុងចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ មីនា កម្ពុជាមិនរំពឹងច្រើនពីការលក់ភាពយន្តបានច្រើននោះទេ ប៉ុន្តែអ្វីដែលសមាគមសំលឹងឃើញគឺ ការទំនាក់ទំនងពីផលិតករបរទេសដើម្បីផលិតរឿងនៅកម្ពុជា ដែលនឹងជួយអោយវិស័យភាពយន្តខ្មែរ មានការឈានឡើង។ ក្នុងនោះ ផលិតករហ្វីលីពីន និងសហរដ្ឋអាមេរិក ហាកចាប់អារម្មណ៍ខ្លាំង នៅពេលដឹងថាកម្ពុជា ក៍មានធនធានផលិតករ ដែលមានសមត្ថភាពអាចចាប់ដៃផលិតភាពយន្តប្រកបដោយស្ដង់ដារបានយ៉ាងល្អដែរនោះ។

នៅក្នុងព្រឹត្តិការណ៍នោះ គេឃើញបណ្ដារប្រទេសរហូតដល់ជាង១៨០ប្រទេសចូលរួមតាំងស្ដង់ ដោយក្នុងនោះផលិតករខ្មែរដែលចូលរួមរួមមាន អ្នកស្រី សរ កេសរា ម្ចាស់ផលិតកម្មកេសរាភាពយន្ត លោកហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្មមាតុចក្រ និង ម្ចាស់ផលិតកម្មកងចក្រជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here