មកស្គាល់ទំនាក់ទំនងតារាទាំង៤ ដែលគេមិននឹកស្មាន

0

ក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់តារាសម្ដែងកញ្ញា ឡុង ថាវរី ហៅម៉ារី កាលពីថ្ងៃទី១៧ កុម្ភៈ នៅក្នុងបុរីអ័រគីដេវីឡា គេកត់សម្គាល់តារា៣រូបដុតដៃដុតជើងខ្លាំងជាងម្ចាស់ពិធីទៅទៀត ខណៈដែលតារា២រូបក្នុងចំណោមអ្នកទាំងបី បានប្រកាសថាខ្លួនគឺជាបងប្អូនក្រៅផ្ទៃរបស់តារាសម្ដែង ម៉ារី នោះផង ទើបនាងសុខចិត្តចោលការងារ ហើយរត់មកជួយចាត់ចែងពិធីរបស់នាងយ៉ាងពេញទំហឹង។ ការប្រកាសអោយដឹងពីទំនាក់ទំនងរបស់អ្នកទាំង៤ បានធ្វើអោយម្នាក់ៗចាប់អារម្មណ៍ ក្នុងពេលដែលតារាទាំង៤មិនសូវឃើញមុខបណ្ដើរគ្នានៅក្នុងកម្មវិធីសិល្បៈ ហើយសម្រាប់តារាសម្ដែងកញ្ញា ម៉ារី ក៏បាត់មុខពីសិល្បៈយូរទៅទៀត។

កញ្ញា ឡុង ថាវរី ហៅម៉ារី បានថ្លែងបញ្ជាក់ថា បើទោះជាកញ្ញាមិនសូវចេញមុខក្នុងការសម្ដែង និងមិនសូវបង្ហាញមុខក្នុងកម្មវិធីសិល្បៈដូចជាកម្មវិធីខួបកំណើត និងជប់លៀងផ្សេងៗ ប៉ុន្តែសម្រាប់នាង និងតារា៣រូប គឺតារាសម្ដែង កញ្ញា ញឹម ចាន់ថន តារាសម្ដែងកញ្ញា ណាតាយ៉ា និងតារាសម្ដែងកញ្ញា ផាណាម៉ុច ហៅប៊ែលឡា គឺស្ទើរតែលើសពីបងប្អូនបង្កើតទៅទៀត ដោយសារតែការរាប់គ្នា និងមានការអ្វីក៏រត់រកគ្នា។ កញ្ញាថាទំនាក់ទំនងរបស់ពួកនាងទាំំង៤ ច្រើនតែបង្ហាញនៅក្រៅរង្វង់សិល្បៈ ជាពិសេសបន្ទាប់ពីនាងមិនសូវទទួលសម្ដែង ហើយកម្របានបណ្ដើរគ្នាទៅកម្មវិធីផ្សេងៗរួមគ្នា។ ក្នុងចំណោមតារាទាំំង៣ កញ្ញាថាកញ្ញា ផាណាម៉ុច និងកញ្ញា ណាតាយ៉ា ស្ទើរតែក្លាយជាបងស្រីដ៏ស្និទ្ធស្នាលរបស់នាងតែម្ដង បន្ទាប់ពីអ្នកទាំងពីរស្រឡាញ់នាងដូចប្អូនស្រី ហើយចំណាយពេលជាប្រចាំតែជាមួយនាងក្រៅពីរវល់នឹងការថត។ យ៉ាងណាមិញ កញ្ញាថា ទំនាក់ទំនងជាមួយតារាសម្ដែង ញឹម ចាន់ថន ក៏មិនខុសពីបងស្រីបង្កើតនោះដែរ ដោយគ្រាន់តែកញ្ញាញឹម ចាន់ថន រវល់ច្រើន ហើយមិនសូវបានជួបគ្នាប៉ុណ្ណោះ ទើបរវាងនាង និងតារា២រូបទៀតហាក់មានទំនាក់ទំនងស្និទ្ធជាង។

នៅក្នុងពិធីនោះ គេឃើញតារា៣រូប រួមមាន កញ្ញា ញឹម ចាន់ថន កញ្ញា ផាណាម៉ុច និងណាតាយ៉ា ស្ទើរតែត្រូវគេច្រលំថាជាម្ចាស់ពិធី ដោយអ្នកទាំង៣ដើរតួជាទទួលភ្ញៀវចូលតុផង មើលខុសត្រូវភ្ញៀវផង និងចេញមុខសុំទោសចំពោះការខ្វះខាតរបស់ភ្ញៀវផង។ អ្នកទាំង២ក៏ឡើងច្រៀងឡើងរាំ និងបានប្រកាសយ៉ាងក្ដែងៗថាកញ្ញា ឡុង ថាវរី គឺប្អូនស្រី ទើបនាំអោយពួកនាងចេញមុខមិនខុសពីការម្ចាស់វិធី។
គួរបញ្ជាក់ថា នៅក្នុងថ្ងៃនោះកញ្ញា ម៉ារី មិនត្រឹមតែធ្វើអោយភ្ញាក់ផ្អើលនឹងគម្រោងឡើងផ្ទះវីឡានៅក្នុងបុរីអ័រគីដេវីឡាក្នុងតម្លៃជិត៣០ម៉ឺនប៉ុណ្ណោះទេ ប៉ុន្តែនាងក៏មើលទៅស្រស់ស្អាត និងមានជីវភាពឡូយឆ្ងាយមិនដូចភាពស្ងប់ស្ងាត់ការងារក្នុងសិល្បៈរបស់នាងឡើយ។ នាងថាខ្លួននឹងទទួលសម្ដែងឡើងវិញ បន្ទាប់ពីឡើងផ្ទះហើយ ដើម្បីកុំអោយមានឆ្ងល់រឿងអ្នកស្ងាត់មុខនាង។ នៅក្នុងពិធីនោះ គេឃើញតារាៗបង្ហាញមុខចូលរួមច្រើន ដោយម្នាក់ៗក៏តែងខ្លួនស្អាតឡើងកប់ផងដែរ ទើបធ្វើអោយពិធីនាងកាន់តែងអធឹកអធម៕

LEAVE A REPLY

Please enter your comment!
Please enter your name here