នៅ ណាវីន បង្ហូរទឹកភ្នែក ក្រោយរស់ម្ដងទៀត

0

គ្មានអ្នកណាមិនដឹងនោះទេថា តារាចម្រៀង និងជាតារាសម្ដែងអ្នកនាង នៅ ណាវីន មានជំងឺខូចក្រលៀនដល់ថ្នាក់ប្រកាសលែងចង់រស់ និងអំពាវសុំជំនួយកាលពីមួយរយៈមុន ខណៈដែលស្ថានភាពជំងឺរបស់អ្នកនាងត្រូវបានគេតាមដានជាប្រចាំក្រោយពីមានការបញ្ជាក់ថាអ្នកនាងត្រូវបានបញ្ជូនចេញទៅព្យាបាលនៅក្នុងប្រទេសឥណ្ឌា។ អ្នកនាងត្រូវគេឃើញបង្ហូរទឹកភ្នែកនៅពេលចុះមកដល់កម្ពុជាកាលពីថ្ងៃទី១០ កុម្ភៈ តែម្ដង ជាពិសេសក្នុងពេលដែលនាងពោលថាខ្លួនត្រូវស្លាប់បាត់ហើយ តែបែរជាបានរស់។

អ្នកនាងបានថ្លែងថា រយៈពេល៧២ថ្ងៃរាប់ទាំងថ្ងៃវះកាត់ក្រលៀន និងសម្រាកព្យាបាលនៅក្នុងប្រទេសឥណ្ឌា អ្នកនាងបន់អោយតែដល់ប្រទេសកំណើតប៉ុណ្ណោះ ដោយអ្នកនាងបានចាត់ទុកថាបើគ្មានការជ្រោមជ្រែងពីបណ្ដាសប្បុរសជន និងអ្នកស្រឡាញ់រាប់អានទេ គឺអ្នកនាងប្រហែលជាស្លាប់បាត់ហើយ។

អ្នកនាងថាខ្លួនចំណាយការវះកាត់ក្រលៀនអស់សរុបជិត៥ម៉ឺនដុល្លារ ដោយថវិកាទាំំងនេះមួយចំនួនបានពីការលក់ឡាន បញ្ចាំទ្រព្យ និងបានពីការបរិច្ចាគពីក្រុមសប្បុរសជនតែម្ដង ទើបអ្នកនាងមានសំណាងបានទៅដល់ទឹកដីឥណ្ឌា។ អ្នកនាងទ្រហ៊ោយំ នៅពេលរំលឹកដល់ស្ថានភាពជំងឺមុនពេលព្យាបាល ដោយអ្នកនាងបញ្ជាក់ថាមិនដែលចង់រស់អោយមានដង្ហើមដកនោះទេ ដោយសារតែស្ថានភាពពេលនោះគឺធ្វើទុក្ខខ្លាំងពេក។ អ្នកនាងថាត្រេកអរខ្លាំងណាស់ដែលពេលនាងជិតស្លាប់ គឺមានមនុស្សជាច្រើន សូម្បីតែអ្នកនោះមិនធ្លាប់មានទំនាក់ទំនងគ្នាក៏ជួយលើកទឹកចិត្តដល់នាង ដោយខលផងឆាតផង ដើម្បីអោយអ្នកនាងមានកម្លាំងចិត្តតស៊ូរស់បន្ត។

អ្នកនាងកាន់តែរំភើបនៅពេលបងប្អូនមហាជនភាគច្រើនចេញមុខរ៉ៃលុយជួយអ្នកនាង ដោយអ្នកនាងបានចាត់ទុកថាបើគ្មានកម្លាំងពីសប្បុរសជនក៏គ្មានជីវិតមកស្រុកខ្មែរដែរ។

អ្នកនាងនៅ ណាវីន ប្រកាសថាអ្នកនាងនឹងទទួលការងារសិល្បៈអោយពេញទំហឹងជាថ្មីនៅប្រមាណ៥ខែក្រោយ ដោយសារតែខាងពេទ្យឥណ្ឌាទទូចអោយអ្នកនាងមើលថែសុខភាពអោយបាន៦ខែរាប់ពីថ្ងៃវះកាត់ដូរក្រលៀនសិន ដើម្បីកុំអោយបាក់កម្លាំងនៅពេលធ្វើទុក្ខ។ អ្នកនាងថាខ្លួនខូចក្រលៀនទាំងសងខាង ប៉ុន្តែចំពោះការវះកាត់គឺដូរតែមួយចំហៀងប៉ុណ្ណោះ ដោយគ្រាន់តែតម្រូវអោយលេបថ្នាំជាប្រចាំគឺអាចរស់បានដូចជាមនុស្សដែលមិនមានបញ្ហាក្រលៀនផងដែរ។

អ្នកនាងថាខ្លួននឹងទទួលការងារឡើងឆាកស្រាលៗបណ្ដើរៗ ប៉ុន្តែសម្រាប់ការថតឆ្ងាយៗដែលតម្រូវអោយប្រើកម្លាំងខ្លាំង គឺទាល់តែ៥ខែក្រោយទើបហ៊ានទទួល។

ដោយឡែក លោក ម៉ាដូណា ដែលជាមិត្តភ័ក្ដ្រស្និទ្ធស្នាលបានអះអាងថា លោកនឹងផលិតបទចម្រៀងថ្មីៗដោយយកអ្នកនាង នៅ ណាវីន អោយរួមសម្ដែងជាមួយដូចគ្នានឹងលើកមុនៗដែរ ខណៈដែលលោកក៏ទទូចអោយបណ្ដាផលិតករជួយលើកទឹកចិត្តដល់សិល្បការិនីរូបនេះអោយច្រើន ដើម្បីជួយលើកទឹកចិត្តអោយនាងបានបន្តសិល្បៈ និងដើម្បីអោយនាងបានចំណូលទិញថ្នាំបន្តជីវិតកុំអោយក្រលៀនសិប្បនិមិត្តលែងដំណើរការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here