យន សុភ័ក្រ និងក្រុមការងារ Surprise អ៊ុំៗរត់ស៊ីក្លូទាំងយប់

0

កាលពីយប់មិញថ្ងៃទី២៩ មករា តារាសម្ដែង លោក យន សុភ័ក្រ និងក្រុមការងាររបស់លោកប្រចាំសមាគម”ស្នាមញញឹម” បានលើកគ្នាទៅពញាក់អារម្មណ៍ក្រុមអ្នករត់ស៊ីក្លូទាំងយប់ នៅតាមបណ្តោយផ្លូវសាលដឺហ្គោលរាជធានីភ្នំពេញ ក្នុងពេលដែលពួកគាត់ចតស៊ីក្លូសម្រាប់តាមផ្លូវដូចសព្វដង។ លោក និងក្រុមការងារ បានចុះទៅចែកអាហារ និងភេសជ្ជៈ ដោយធ្វើអោយអ៊ុំៗ អ្នករត់ស៊ីក្លូ អររំភើបយ៉ាងខ្លាំង។

លោក យន សុភក្រ័ ដែលមហាជនបានស្គាល់តាមរយៈការសម្ដែងរាប់មិនអស់ បានថ្លែងបញ្ជាក់ថា តាំងពីលោកបង្កើតសមាគម”ស្នាមញញឹម” លោករមែងគៀងគរជំនួយសប្បុរសធម៍ យកមកចែកជូនដោយផ្ទាល់បែបនេះ ច្រើនលើកមកហើយ ដោយក្នុងពេលខ្លះ គឺលោក និងក្រុមការងាររៃលុយគ្នា ទិញជាសៀវភៅ និងសម្ភារៈ យកទៅចែកដោយផ្ទាល់ច្រើនលើកនោះផង នៅពេលអំពាវនាវសុំជំនួយបានតិច ឬ មិនបានសោះ។

ដោយឡែកសម្រាប់ថវិកាក្នុងការចាត់ចែងទិញអាហារ និងភេសជ្ជៈ ដល់ក្រុមអ្នករត់ស៊ីក្លូ ដែលទើបធ្វើឡើងនេះ ក៍បានពីការជួយជ្រោមជ្រែងពីសប្បុរសជន និងពីការរ៉ៃគ្នា មិនខុសមុននោះដែរ ដោយលោកបានចាត់ទុកថា សកម្មភាពដែលចុះមកជូនអាហារបន្តិចបន្តួចដល់ក្រុមអ្នករត់ស៊ីក្លូនេះ គឺជារឿងល្អមួយ ក្នុងចំណោមសកម្មភាពសប្បុរសធម៍របស់ខ្លួន។ លោកថា ក្រុមអ្នករត់ស៊ីក្លូ ទើបជាក្រុមទុរគតជនដែលក្រលំបាក ហើយពោរពេញដោយការតស៊ូមួយគួរសរសើរ ដែលលោកយល់ថា មហាជនគួរតែផ្ដោតការអាណិតដល់ពួកគាត់ អោយបានច្រើន ជាពិសេសក្នុងពេលដែលពួកគាត់គ្មានទីអាស្រ័យសម្រាកពេលយប់ឡើង ខ្វះខាតការហូបចុកគ្រប់គ្រាន់ និងប្រឈមដូចជាត្រូវចោរខ្វេះហោប៉ៅយកលុយជាដើម។ លោកទទូចអោយមានការយកចិត្តទុកដាក់ចំពោះ ក្រុមអ្នករត់ស៊ីក្លូអោយបានច្រើន ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ អោយកាន់តែមានកម្លាំងតស៊ូដែលកាន់តែលំបាកសម្រាប់ពួកគាត់នាពេលនេះ។

នៅក្នុងសកម្មភាពចុះចែកបាយទឹកនាយប់នោះ គេឃើញក្រុមអ្នករត់ស៊ីក្លូភាគច្រើន អររំភើបចង់ស្រក់ទឹកភ្នែក ជាពិសេសក្នុងពេលក្រុមការងារសមាគមស្នាមញញឹម និងលោក យន សុភ័ក្រ បង្ហាញកាយវិការស្និទ្ធិស្នាល ដោយមិនរើសអើង៕ ​

LEAVE A REPLY

Please enter your comment!
Please enter your name here