ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ថា បុរី VIP រួមចំណែកខ្លាំងផ្នែកសក្កានុពល

0

ក្នុងពិធីបុកគ្រឹះបើកសម្ពោធបុរី VIP កាលពីព្រឹកថ្ងៃទី៩ មករា នៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក្នុងខេត្តព្រះសីហនុ ថ្នាក់ដឹកនាំខេត្តនេះ បានអះអាងថា ក្រុមហ៑ុនបុរីវីអាយភី ដែលគម្រោងសាងសង់ផ្ទះរហូតដល់ជាង៤ពាន់ល្វែង កំពុងរួមចំណែកធ្វើអោយខេត្តព្រះសីហនុ កាន់តែមានសក្កានុពលឈានឡើង។ វត្តមានរបស់ក្រុមហ៑ុននេះ ត្រូវបានទទួលការស្វាគមន៍ពីមន្ត្រីអាជ្ញាធរខេត្តយ៉ាងខ្លាំង ដោយបានចាត់ទុកថា ក្រៅពីជំរុញអោយខេត្តព្រះសីហនុទាំងមូលកែប្រែមុខមាត់ថ្មី ក៍ជាសារជំរុញអោយអ្នកវិនិយោគក្នុងស្រុកចាប់អារម្មណ៍លើគម្រោងអភិវឌ្ឍន៍បន្ថែមទៀតក្នុងខេត្តទាំងមូល។

លោក ហេង ប៑ុនទី អគ្គមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងឯកឧត្តម យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុមិនអាចខ្វះការចូលរួមវិនិយោគពីអ្នកវិនិយោគទុនក្នុងស្រុកបានទេ ដើម្បីអោយការវិនិយោគទាំងមូលមាននិរន្តភាពច្បាស់លាស់ ហើយរឹងមាំ។ លោកថា តំបន់ទេសចរណ៍ពិតជាត្រូវការបំផុតរាល់ការវិនិយោគពីសំណាក់ជនបរទេស ប៉ុន្តែបើគ្មានគម្រោងតូចធំរបស់ក្រុមវិនិយោគក្នុងស្រុក ក៍មិនមែនជាសេចក្ដីត្រូវការរបស់ខេត្តនោះដែរ ដោយសារតែក្រុមអ្នកវិនិយោគក្នុងស្រុក ទើបយល់ពីសេចក្ដីត្រូវការរបស់អតិថិជនក្នុងស្រុកបានច្បាស់លាស់ជាងបើធៀបនឹងការវិនិយោគរបស់ជនបរទេស។ លោកបង្ហាញការកោតសរសើរ ចំពោះគម្រោងសាងសង់បុរីរបស់ក្រុមហ៑ុនបុរីវីអាយភី ដែលបានសម្រេចចិត្តបោះទុនសាងសង់បុរីរហូតដល់រាប់ពាន់ល្វែង លើទឹកដីខេត្តព្រះសីហនុ ដែលចរន្តនៃការបោះទុននេះ កំពុងធ្វើអោយសក្កានុពលរបស់ខេត្តទាំងមូល ក្លាយជាយុទ្ធសាស្ត្រនៃការចាប់អារម្មណ៍ពីក្រុមវិនិយោគក្នុងស្រុកផ្សេងទៀត។ ក្នុងនោះវត្តមានរបស់សំណង់បុរីដ៍ធំរបស់ក្រុមហ៑ុន VIP ក៍បានបង្ហាញខ្លួនស្របគ្នានឹងខេត្តព្រះសីហនុកំពុងត្រូវការលំនៅដ្ឋានប្រកបដោយស្ដង់ដារ និងភាពជឿជាក់នាពេលបច្ចុប្បន្នផងដែរ។ លោកទទូចអោយអ្នកទេសចរណ៍ដែលចង់បានផ្ទះស្នាក់នៅនៅខេត្តព្រះសីហនុ និងក្រុមពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុទាំងមូល ទិញសំណង់របស់បុរីវីអាយភីអោយបានរួសរាន់ ដើម្បីទទួលបានប្លង់ល្អ ដោយសារតែគម្រោងរបស់ក្រុមហ៑ុននេះ សាងសង់ក្នុងទីប្រជុំជនស្រុកព្រៃនប់ ដែលងាយចំណេញក្នុងរយៈពេលមួយខ្លី ខណៈស្របដែលគម្រោងទាំងមូល ក្រៅពីក្លាយជាក្រុងរណបទ្រង់ទ្រាយធំប្រចាំខេត្ត ក៍ជាតំបន់ដែលមានទីតាំងតែប្រមាណ៧គីឡូម៉ែត្រពីព្រលានយន្តហោះខេត្តព្រះសីហនុ ដែលលោកបញ្ជាក់ថា គឺមិនលើសពី២ឆ្នាំទៀតទេ ដីផ្ទះនៅក្នុងតំបន់នេះ នឹងថ្លៃដូចមាស ព្រោះក្នុងរយៈពេលថ្មីៗទឹកដីខេត្តព្រះសីហនុ បានទទួលគម្រោងអភិវឌ្ឍន៍ច្រើនណាស់ ដែលត្រៀមលេចចេញរូបរាងនៅជុំវិញបរិវេណព្រលាន។

លោក វ៉ន វណ្ណៈ អគ្គនាយកក្រុមហ៑ុនVIP បានថ្លែងបញ្ជាក់ថា គម្រោងសាងសង់បុរី និងផ្សារនៅក្នុងតំបន់ព្រៃនប់ គឺជាគម្រោងទី២ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីប៉ុន្មានខែមុន ក្រុមហ៑ុនក៍បានបុកគ្រឹះសាងសង់ខុនដូកម្ពស់១៧ជាន់ នៅកណ្ដាលក្រុងព្រះសីហនុ ដើម្បីទុកជួលអោយភ្ញៀវខ្មែរ និងបរទេសដែលទៅកម្សាន្តនៅខេត្តព្រះសីហនុជួលក្នុងតម្លៃមួយទាប ជាប្រយោជន៍អោយអ្នកទេសចរណ៍ក្នុងស្រុកអោយចង់ឡើងចុះខេត្តព្រះសីហនុអោយច្រើនឡើង។ សម្រាប់គម្រោងសាងសង់បុរីដែលជាលំនៅដ្ឋានទ្រង់ទ្រាយធំនេះវិញ លោកថាគម្រោងប្រើទុនប្រមាណ១២០លានដុល្លារ ដោយមានសំណង់ផ្ទះបីប្រភេទសរុបជាង៤ពាន់ល្វែង មានទាំងផ្សារ និងសួនលម្ហែកាយ។ គម្រោងនេះមានដីសរុបជាង៦០ហិកតា ដោយតាមផែនការនឹងពង្រីកអោយដល់ជាង១០០ហិកតារ ដើម្បីបំពេញតម្រូវការ។

លោក ហម រ៉ន ដៃគូហ៑ុនមួយរូបទៀតរបស់បុរីវីអាយភី បានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃបើកសម្ពោធបុកគ្រឹះសាងសង់ សំណង់នៅបុរីVIP ក្នុងខេត្តព្រះសីហនុលក់អស់ជាង១ពាន់ល្វែងហើយ ដោយក្នុងនោះអ្នកទិញភាគច្រើន គឺអ្នកនៅភ្នំពេញ និងនៅខេត្តកំពត។ លោកថាសំណង់បុរីនេះ នឹងផ្ដោតជាសំខាន់លើពលរដ្ឋដែលមានចំណូលមធ្យម និងក្រោមមធ្យម ដោយតម្លៃមានចាប់ពីជាង២មុឺនដុល្លារ ហើយធានានូវគុណភាពសំណង់ពាក់ព័ន្ធនឹងរឿងប្រេះ និងជ្រាបទឹក មិនអោយមានបញ្ហា។ លោកថាគម្រោងនៅខេត្តព្រះសីហនុ លក់ដាច់មិនចាញ់គម្រោងបុរីវីអាយភី នៅភ្នំពេញនោះទេ ទើបលោកបង្ហាញសុទិដ្ឋិនិយមបោះទុនអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុអោយកាន់តែខ្លាំងថែមទៀតក្នុងពេលបន្តបន្ទាប់ ដើម្បីរួមចំណែកលើកកម្ពស់ទឹកដីខេត្តជាប់មាត់សមុទ្រមួយនេះ អោយមានកំណើនវិនិយោគអោយកាន់តែខ្លាំង។

នៅក្នុងថ្ងៃនោះ ក៍មានពិធីជប់លៀងចាប់ឆ្នោតជូនដល់អតិថិជន និងប្រគំតន្ត្រីទ្រង់ទ្រាយធំរហូតដល់ពាក់កណ្ដាលអាធ្រាតុ ឡើងផ្អើលតំបន់ព្រៃនប់ផងដែរ ក្រោមវត្តមានតារាល្បីៗដូចជានាយចឺម និង កញ្ញា មាស សុខសោភា៕

LEAVE A REPLY

Please enter your comment!
Please enter your name here