កក្រើកមិនធម្មតា ថ្ងៃទី១ ក្នុងពិធីសម្ពោធវិមានឈ្នះ! ឈ្នះ!

0

ពិធីសម្ពោធ វិមាន ឈ្នះ ឈ្នះ និងអបអរសាទរ ខូប២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា សម្រាប់ថ្ងៃទី១ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ត្រូវគេកត់សម្គាល់ថាកក្រើកមេឃ កក្រើកដី មិនធម្មតាជាពិសេសក្នុងពេលបាញ់កាំជ្រួច ដែលពិធីបាញ់កាំនេះមានរយៈពេលរហូតដល់៤៥នាទី។ ក្នុងថ្ងៃដំបូងនេះ គេឃើញមាន​​អ្នកចូលរួម​​មានរហូតដល់រាប់ម៉ឺននាក់ ដោយ​​​​​​​​មាន​​​មនុស្សកកកុញ​​ជាង​ពិធីបុណ្យ​អុំទូក​​​​​​​​​​​​រាល់ឆ្នាំ​​នោះផង។
យោងតាមរបាយការណ៏របស់គណៈកម្មការរៀបចំពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ បានឲ្យដឹងថា ពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ មានការរៀបចំក្បួនជាផែនឈររបស់យោធាចំនួន៥៤ផែន ដោយក្នុងនោះរួមមាន ផែនមន្ត្រីរាជការ ផែននិស្សិត ផែនក្រុមកាយឬទ្ធិ ផែនយុវជនកាកបាទក្រហម និងផែនមហាជន។ ពិធីសម្ពោធនេះ គម្រោងរយៈពេល៣ថ្ងៃ ដោយមានអុជកាំជ្រូចប្រភេទ3D សរុបចំនួន២ម៉ោង និង១៥នាទី ដោយនៅថ្ងៃទី២៩ បាញ់នៅវេលាម៉ោង៧យប់ មានរយៈពេល៤៥នាទី នៅថ្ងៃទី៣០ បាញ់នៅវេលាម៉ោង៧យប់ មានរយៈពេល៣០នាទី និងថ្ងៃទី៣១ ដែលជាថ្ងៃឆ្លងឆ្នាំផងនោះ គឺបាញ់កាំជ្រូច នៅវេលាម៉ោង១២យប់ ហើយមានរយៈពេលដល់១ម៉ោងពេញ។
គួរបញ្ជាក់ថា សំណង់វិមានឈ្នះ ឈ្នះ ត្រូវបានសាងសង់ឡើងដោយបញ្ជាក់នូវអត្ថន័យដ៏មានសារៈសំខាន់ចំនួន៣ ទី១. កំពូលវិមានដែលមាន៣ជ្រុងតំណាងឲ្យនយោបាយឈ្នះ ឈ្នះ ទី២.តួវិមានមានជ្រុង៥ តំណាងឲ្យយុទ្ធសាស្ដ្រឌីហ្វីត (DIFID) ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងទី៣.តួវិមានមានជ្រុង៧ តំណាងឲ្យនយោបាយឈ្នះ ឈ្នះ ដែលទទួលបានជោគជ័យ។ សំណង់នេះសាងសង់ឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ មានកំពស់៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ និងលំហរផ្ទៃក្រឡានៅបាតខាងក្រោមនៃតួវិមានគឺ ៧ពាន់ម៉ែត្រការ៉េ។ វិមាននេះសង់លើផ្ទៃដី៨ហិកតា ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយបរិវេណនៃវិមានអនុស្សាវរីយ៍នេះ ក៏បានចែកចេញជា៣តំបន់ គឺតំបន់ទី១. តួវិមាន ឈ្នះ ឈ្នះ តំបន់ទី២ គឺតំបន់សាមគ្គីផល ដែលមានដាំដើមឈើ មានតាំងរថគ្រោះ រថពាសដែក និងយន្តហោះធ្វើសឹកសង្គ្រាមចាស់ៗ និងតំបន់ទី៣.ជាតំបន់សុខដុមរមណីយកម្ម ដែលមានការសាង់សំណង់តាមរចនាបថប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក ប្រាសាទបាយ័ន ជាដើម។ ពិធីនេះ ក៏មានការតាំងពិព័រណ៍ពាណិជ្ជកម្ម ពិព័រណ៍ទេសចរណ៍ ម្ហូបអាហារ ក្បួនជិះកង់កម្សាន្ត ការប្រដាល់គុនដណ្តើមខ្សែក្រវ៉ាត់ពិភពលោក អុកចត្រង្គ ប្រណាំងរទះគោ ក្របី រទះសេះ ការប្រគំតន្ត្រី ការសម្តែងរបាំផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here