តំណាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន និង សមាគមតន្ត្រីសំនៀងជនពិការ ចុះជួបសំណេះសំណាលនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា គុយវ៉ែត

0

ព្រឹកថ្ងៃទី24 ខែធ្នូ ឆ្នាំ2022 នេះ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា គុយវ៉ែត បានរៀបចំពិធីសំណេះសំណាល និងពិគ្រោះពិនិត្យព្យាបាលជំងឺដល់ជនមានពិការភាពភ្នែកនិងកាយសម្បទា ចំនួន 172នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឆៃច័ន្ទរិទ្ធី សូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាអនុប្រធានកិត្តិយសសមាគម តន្ត្រីសំនៀងជនពិការតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរពេទ្យកម្ពុជាគុយវ៉ែត លោកស្រីនាយិកាអង្គការ វិថីយុវជន សមាគម ពិភពល្អកម្ពុជា និងបងប្អូនកូនជនមានពិការភាពភ្នែកនិងកាយសម្បទា។
លោក ចាបតូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ តំណាងឲ្យបងប្អូនជនមានពិការភាពភ្នែកនៅកម្ពុជា មានសេចក្ដីរំភើបរីករាយយ៉ាងក្រៃលែងដែលមន្ទីរពេទ្យ កម្ពុជា គុយវ៉ែត បានរៀបចំពិគ្រោះ ពិនិត្យព្យាបាលជំងឺជូនដល់ជនមានពិការភាពភ្នែកនិងកាយសម្បទាចំនួន172នាក់ ដោយមិនគិតប្រាក់។

លោក ចាប តូ បានបញ្ជាក់ថា សមាគមតន្ត្រីសំនៀងជនពិការបានចុះបញ្ជីកាទទួលស្គាល់នៅថ្ងៃទី 17 ខែសីហា ឆ្នាំ 2012 នៅក្រសួងមហាផ្ទៃ សមាជិកសមាជិកា ជនមានពិការភាពនៅក្នុងសមាគម សរុបមានចំនួន 654នាក់ ក្នុងនេះមានស្រី្ត 284នាក់ កន្លងមកលោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ប្រធានកិត្តិយស ស្ថាបនិកសមាគម និងលោក ចាប តូ ប្រធានសមាគម តែងតែគិតគូរចំពោះសុខទុក្ខ និងសុខមាលភាពរបស់បងប្អូនជនមានពិការភាព ដោយស្វែងរកជំនួយសប្បុរស និងស្នើសុំកិច្ចអន្តរាគមន៍ ពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន មន្ទីរពេទ្យរុស្ស៊ី មន្ទីរពេទ្យជប៉ុន មន្ទីរពេទ្យកុមារជាតិ។ល។ដើម្បីជួយព្យាបាល និងវះកាត់ សម្រាលកូន ជូនបងបងប្អូនជនពិការ។

លោកប្រធានមន្ទីរពេទ្យកម្ពុជាគុយវ៉ែត បានមានប្រសាសន៍ថា ពេលដែលបងប្អូនជនមានពិការភាពមកទទួលសេវានៅមន្ទីរពេទ្យនេះទោះបីជាត្រូវការវះកាត់ធ្ងន់ធ្ងរក្ដីក៏មន្ទីរពេទ្យមិនតម្រូវអោយបង់ប្រាក់ឡើយ លោកស្រីនាយិកាអង្គការ វិថីយុវជនកម្ពុជា ក៏បានលើកឡើងផងដែរថា លោកស្រីនឹងព្យាយាមរកម្ចាស់ជំនួយដើម្បីជួយឧបត្ថម្ភម្ហូបអាហារ ព្រមទាំងរកមុខជំនាញនឹងការងារបន្ថែមទៀតជូនដល់ជនមានពិការភាពដែលជាសមាជិក សមាជិការបស់សមាគមតន្ត្រីសំនៀងជនពិការ ។ នៅក្នុងឱកាសនោះផងដែលលោកជំទាវ ឆៃ ច័ន្ទរិទ្ធី សូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយសសមាគមតន្ដ្រីសំនៀជនពិការ បានមានប្រសាសន៍ថា «ថ្ងៃនេះក្នុងនាម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីរីករាយដោយបានចូលរួមជាមួយ លោកជំទាវ  ឯកឧត្តម លោក លោកស្រី ក្នុងពិធីសំណេះសំណាលពិគ្រោះ និងព្យាបាលជំងឺ ដល់ជនមានពិការភាពភ្នែក និងកាយសម្បទា ដោយឥតគិតថ្លៃ។ នាងខ្ញុំដឹងថា ជនមានពិការភាពត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានផ្តល់នូវក្តីអាណិត ក្ដីស្រលាញ់ សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខរបស់បងប្អូនជនមានពិការភាពគ្រប់ៗរូប។

ខ្ញុំក៏សូមកោតសរសើរដោយស្មោះជូនចំពោះ លោកជំទាវ ញ៉ែម មរកត និងលោក ចាប តូ ដែលបានព្យាយាមទំនាក់ទំនងជាមួយ និងមន្ទីរពេទ្យនានា ដើម្បីបញ្ជូនជនមានពិការភាពចូលសម្រាកព្យាបាល វះកាត់ សម្រាលកូនក្នុងរយះពេលកន្លងមកដល់ជនមានពិការភាពយ៉ាងច្រើន និងបានគិតគូរ ពីសុខទុក្ខ ទាំងជីវភាព សុខភាព  វិស័យច្បាប់ ដោយបង្ករឱកាសដល់ជនពិការភាពឲ្យទទួលបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា មានអត្តសញ្ញាណកម្មក្រីក្រ ប័ណ្ណសមធម៌ សុខាភិបាល ប័ណ្ណអត្តសញ្ញាណកម្មជនពិការ និងប័ណ្ណបសស  និងជួយសម្រួលជម្រុញឲ្យជនពិការទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមករបស់គណៈគ្រប់គ្រង បុគ្គលិក សមាជិក សមាជិកា នៃសមាគមតន្ត្រីសំនៀងជនពិការ និងគណៈកម្មកាវេទិកាស្ត្រីមានពិការភាព។

លោកជំទាវរដ្ឋលេខាធិការមានថ្លែងថា លោកជំទាវសូមចូលរួមគាំទ្រឧបត្ថម្ភ និងផ្តល់ភាពកក់ក្តៅចំពោះជនមានពិការភាព មិនទុកឱ្យជនមានពិការភាពនៅឯកកោឡើយ។ លោកជំទាវរដ្ឋលេខា ក្នុងនាមក្រុមគ្រួសារជនមានពិការភាព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក Dr. ROS SALAM ប្រធានមន្ទីរពេទ្យកម្ពុជា គុយវែត  លោកស្រី  MATH  AMIROSH  នាយិកាអង្គការវិថីយុវជន ឯកឧត្តម តហ៊េរ អ៊ូរមើរ ប្រធានសមាគមប្រភពល្អកម្ពុជា ដែលបានជួយពិគ្រោះនិងពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃនិងរៀបចំម្ហូបអាហារទទួលទានក្នុងកម្មវិធីសំណេះសំណាលដល់ជនមានពិការភាពភ្នែក និងកាយសម្បទាចំនួន ១៧២នាក់ ឆ្លៀតក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះលោកជំទាវក៍បានជូនពរលោកប្រធានមន្ទីរពេទ្យ ឯកឧត្ដម លោក លោកស្រីនិងសប្បុរសជនសូមទទួលនូវបានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន និងទទួលជោគជយ័គ្រប់ភារៈកិច្ច៕


 

LEAVE A REPLY

Please enter your comment!
Please enter your name here