ក្រោយជំនួបលោក ឡុង ឌីម៉ង់ ក្រុមហ៊ុន GJG RUTC ACADEMY ប្រកាសនាំម្ទេសពីកម្ពុជា ចូលទីផ្សារកូរ៉េ

0

បន្ទាប់ពីលោក ឡុង ឌីម៉ង អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូងធ្វើទស្សនកិច្ចដោយផ្ទាល់ នៅក្នុងក្រុមហ៊ុន GJG RUTC ACADEMY CO.,LTD ដែលបច្ចុប្បន្ន គឺមានមូលដ្ឋាននៅប្រទេសកូរ៉េផង និង នៅកម្ពុជាផង កាលពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២០ នៅទីតាំងក្នុងប្រទេសកូរ៉េ នាយកក្រុមហ៊ុនមួយនេះ បានអះអាងថា ក្រុមហ៊ុននឹងនាំចូលម្ទេសស្រស់ពីកម្ពុជា ចូលទៅវាយលុកនៅក្នុងប្រទេសកូរ៉េឆាប់ៗ ខណៈដែលក្រុមហ៊ុនក៏បានវិនិយោគដាំដុះម្ទេស និងផលិតផលកសិកម្មផ្សេងទៀត នៅកម្ពុជាជាបណ្ដើរៗហើយ។ នេះជាដំណើរទស្សនកិច្ចរបស់អគ្គរាជទូតខ្មែរលើកដំបូង ទៅកាន់ក្រុមហ៊ុន ខណៈដែលក្រុមហ៊ុន ក៏បានប្រកាសថា ក្រៅពីនាំចូលម្ទេសទៅកូរ៉េ ក៏នឹងនាំចេញនូវផលិតផលកសិកម្មមួយចំនួន ដែលក្រុមហ៊ុនកំពុងវិនិយោគនៅកសិដ្ឋានក្នុងប្រទេសកូរ៉េនេះ មកកម្ពុជាក្នុងពេលខាងមុខផងដែរ។

លោក ខ្វន់ យ៉ុងឆុល នាយកក្រុមហ៊ុន GJG RUTC ACADEMY CO.,LTD ប្រចាំនៅប្រទេសកូរ៉េ បានថ្លែងបញ្ជាក់ថា នៅក្នុងប្រទេសកូរ៉េក្រុមហ៊ុន មានកសិដ្ឋានដាំដុះ ហើយនៅកម្ពុជាក្រុមហ៊ុនក៏មានកសិដ្ឋានដាំដុះផងដែរ ដោយក្រុមហ៊ុនបានដំណើរការដាំម្ទេសជាច្រើនហិកតារ និង គ្រោងនាំចូលផលិតផលម្ទេសពីកម្ពុជាទាំងនោះ មកកាន់កូរ៉េ បន្ថែមពីលើការនាំផលិតផលកសិកម្មមួយចំនួនពីកូរ៉េ ទៅកម្ពុជា។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនក៏បានចរាចរផលិតផលគ្រឿងសម្អាងដ៏ល្បីនៅក្នុងប្រទេសកូរ៉េ ដោយផលិតផលគ្រឿងសម្អាងទាំងនោះ កំពុងជោគជ័យនៅកម្ពុជាផងដែរ។

លោកស្រី លី ហ្យ៊ុនជូ អនុប្រធានក្រុមហ៊ុន GJG RUTC ACADEMY CO.,LTD បានអះអាងដែរថា មកទល់ពេលនេះ ក្រុមហ៊ុនមិនគ្រាន់តែចរាចរគ្រឿងសម្អាង និង នាំចូលទៅវិញទៅមកនូវផលិតផលកសិកម្មរវាងកូរ៉េ និង កម្ពុជា តែប៉ុណ្ណោះទេ តែក៏មានកិច្ចសហប្រតិបត្តិការណ៍ផ្នែកពេទ្យ វិស័យអប់រំ និង ផ្នែកវប្បធម៍ជាមួយប្រទេសកម្ពុជាផងដែរ ទាំងការបញ្ជូន និង អញ្ជើញ អោយមានការទស្សនកិច្ចរវាងគ្នាទៅវិញទៅមក និង ការដោះដូរកិច្ចសហប្រតិបត្តិការគ្នា។
ងាកទៅមើលការបង្ហោះរបស់ លោក ឡុង ឌីម៉ង់ លោកក៏បានសរសេរថា”យើងខ្ញុំបានចុះបំពេញបេសកកម្មការទូតសេដ្ឋកិច្ច លើផ្នែកកសិកម្ម និង សុខាភិបាលនៅទីក្រុងគីមហេ Gimhae និង បានចូលជួបសំដែងការគួរសមពិភាក្សាការងារជាមួយអភិបាលក្រុង Miryang មីលយ៉ាង ក្នុងគោលដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម សំដៅលើកស្ទួយសុខុមាលភាពរស់នៅរបស់ប្រជាជនខ្មែររស់នៅតំបន់កសិកម្មដ៏ធំនេះ ហើយជាលទ្ធផលលោកអភិបាលបានសាទរ និងសន្យាចំពោះសំណើរបស់យើង។

ក្រុមការងារក៏បានចុះពិនិត្យកន្លែងរោចក្ររបស់រដ្ឋសម្រាប់ជួលម៉ាស៊ីន និងឧបករណ៍កសិកម្ម និង ផ្តល់ជី អោយប្រជាជនដែលពុំមានលទ្ធភាពទិញ សម្រាប់បង្កើនទិន្នផលរបស់កសិករ ព្រមទាំងបានចុះទៅសួរសុខទុក្ខសំណេះសំណាលជាមួយថៅកែ និងពលករខ្មែរយើងដែលកំពុងបម្រើការងារនៅកសិដ្ឋានដាំផ្លែស្រ្តូបឺរី និងម្ទេសប្រកបដោយបរិយាកាសស្និទ្ធស្នាលរីករាយក្រៃលែង។

ជាមួយគ្នានេះ ក្រមហ៊ុនកូរ៉េ១ នៅកម្ពុជាមានបំណងនាំចូលម្ទេសពីកម្ពុជាមកក្នុងទីផ្សារកូរ៉េក្នុងពេលឆាប់ៗខាងមុខបន្ទាប់ពីស្ថានការណ៍កូវីដ១៩ ប្រសើរឡើង”។

LEAVE A REPLY

Please enter your comment!
Please enter your name here