រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រព្រឹត្តិការណ៍ធម្មយាត្រាក្នុងដែនដីទាំង៥ប្រទេស

0

ក្នុងវេទិកាសន្និសីទស្ដីពីដំណើរធម្មយាត្រាក្នុងដែនដីនៃប្រទេសទាំង៥ រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃឡងដ៍ និងវៀតណាម ដែលជាប្រទេសតាមដងទន្លេមេគង្គ កាលពីព្រឹកថ្ងៃទី១៨ កញ្ញា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញ្ញារិទ្ធិ បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍មួយនេះ។ ឯកឧត្តមថានេះជាការផ្សាភ្ជាប់ប្រទេសទាំង៥កាន់តែប្រសើរនៅក្នុងតំបន់ទន្លេមេគង្គ។

ឯកឧត្តមបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ធម្មតាយាត្រាក្នុងដែនដីនៃប្រទេសទាំង៥ គឺជាផ្សព្វផ្សាយមាគ៌ាព្រះពុទ្ធសាសនាកាន់តែទូលំទូលាយ ដើម្បីអោយពុទ្ធសាសនិក និងក្មេងជំនាន់ក្រោយ បានស្គាល់ពីគុណតម្លៃនៃព្រះពុទ្ធសាសនា។ ក្នុងនោះក៏ធ្វើអោយប្រទេសទាំង៥ នឹងកាន់តែយល់ដឹងពីទំនាក់ទំនងរវាងគ្នានឹងគ្នា ដើម្បីថែរក្សាវិស័យព្រះពុទ្ធសាសនាអោយនៅតែមានតម្លៃក្នុងផ្នត់គំនិតមហាជន។ ឯកឧត្តមប្រកាសគាំទ្រចំពោះព្រឹត្តិការណ៍នេះ ដោយស្នើអោយមានការចូលរួមគាំទ្រចំពោះព្យុហយាត្រានេះអោយបានកុះករ ដើម្បីជំរុញទឹកចិត្តពលរដ្ឋនៃប្រទេសទាំង៥ អោយមានគុណធម៌ សីលធម៌ និងយល់ដឹងពីពុទ្ធឱវាទរបស់ព្រះពុទ្ធ តាមរយៈការផ្សព្វផ្សាយធម៌វិន័យពីព្រឹត្តិការន៍នេះ។ ឯកឧត្តមក៏ប្រកាសឲ្យពលរដ្ឋយល់ដឹងពីសុខភាព និងសុវត្ថិភាព ដោយកុំជក់បារី និងកុំមើលឃើញស្រាជាធំ ដើម្បីធ្វើយ៉ាងណាអោយមើលឃើញថាការប្រើសុរាដើម្បីជួបជុំគ្នា ឬ ពេលខូចចិត្ត គឺជារឿងខុសឆ្គងផងដែរ។ ឯកឧត្តមថារដ្ឋាភិបាលនឹងធ្វើច្បាប់ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពីគ្រឿងស្រវឹង ប៉ុន្តែដើម្បីអោយច្បាប់នេះមានប្រសិទ្ធិភាព ក៏ជំរុញអោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសក្រុមផលិតវីដេអូ ដោយកុំធ្វើឈុតខូចចិត្តផឹកស្រាៗ ដែលធ្វើអោយមនុស្សគ្រប់គ្នាមើលឃើញពីគុណតម្លៃរបស់គ្រឿងស្រវឹងផងដែរ។

នៅក្នុងពិធីគេឃើញមានវត្តភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ដោយមានទាំងវត្តមានតារាសិល្បៈ និងថ្នាក់ដឹកនាំតំណាងប្រទេសទាំង៥ ដែលជាអ្នករៀបចំព្រឹត្តិការណ៍។ លោក ស៑ុផាឆៃ វិរៈភូជុង អគ្គលេខាធិការវិទ្យាស្ថានពោធិខាយ៉ាវិឆាឡា៩៨០ បានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងធ្វើពិធីដង្ហែរក្បួនក្នុងប្រទេសទាំង៥ ដោយបន្ទាប់ពីប្រកាសអោយដឹងនៅប្រទេសកម្ពុជា ក្បួនរថយន្ត និងក្បួនថ្មើជើង នឹងចាប់ធ្វើដំណើរនាំព្រះធម៌បង្កើតមិត្តភាពពីខេត្តឈៀងរ៉ៃប្រទេសថៃ នៅថ្ងៃទី១៤ តុលា ឆ្ពោះទៅមីយ៉ាន់ម៉ា ឡាវ វៀតណាម និងត្រលប់មកបញ្ចប់នៅសៀមរាបនៅថ្ងៃទី៣១ តុលា ឆ្នាំ២០១៩។ ព្រឹត្តិការណ៍នេះរំពឹងថានឹងមានមនុស្សច្រើនចូលរួម ខណៈដែលប្រទេសទាំង៥ ក៏បានយោគយល់គ្នា ដោយអនុញ្ញាតិក្បួនដង្ហែរចេញចូលដោយមិនបាច់ប្រើលិខិតឆ្លងដែន ដើម្បីរួមគ្នាផ្សព្វផ្សាយសាសនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here