ញាក់សាច់ អ្នកឈ្នះខ្សែក្រវាត់TV5 រដូវកាលនេះ បានវីឡាតម្លៃសែនដុល្លារ មួយប្លង់

0


ខុសពីការប្រកួតជើងឯកកន្លងមក សម្រាប់ការប្រដាល់ជ្រើសរើសជើងឯក ក្រោមការរៀបចំដោយ TV5 ដែលប្រកាសធ្វើសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២៣ មុននេះ គឺអ្នកឈ្នះខ្សែក្រវាត់ មិនត្រឹមតែបានប្រាក់រង្វាន់ និង ក្លាយជាជើងឯកនៅលើសង្វៀនប្រដាល់តែម្យ៉ាងទេ តែក៏ទទួលបានវីឡាភ្លោះមួយខ្នង នៅក្នុងបុរីភូមិឋានសំណាង ដែលស្ថិតនៅក្រុងសៀមរាប ដែលមានតម្លៃសែនដុល្លារផងដែរ។ ការប្រកាសនេះ បានធ្វើអោយកីឡាករដែលមានវត្តមានក្លាយជាបេក្ខភាពចូលប្រកួតដណ្ដើមជើងឯក មានអារម្មណ៍រំភើប និង កក់ក្ដៅយ៉ាងខ្លាំង ដោយសារតែរង្វាន់ជាផ្ទះវីឡាដ៏ធំស្កឹមស្កៃនេះ គឺជារង្វាន់ដ៏មហិមា និង ជារង្វាន់ដែលជួយពង្រឹងជីវភាពរបស់កីឡាករ ដែលប្រឹងប្រែងរហូតក្លាយជាជើងឯក។ ដោយឡែកផ្ទះវីឡាដែលជារង្វាន់ដ៏កម្រនេះ គឺជាប្រភេទវីឡាភ្លោះ តែជាផ្ទះទាំងពីរជាប់គ្នា ហើយអ្នកឈ្នះអាចរស់នៅក៏បានលក់ភ្លាមក៏បាន ដោយម្ចាស់គម្រោងនឹងផ្ទេរកម្មសិទ្ធិអោយផ្ដាច់តែម្ដង ដើម្បីអោយអ្នកឈ្នះមានទឹកចិត្តសម្រាប់ការប្រកួត។ ដោយឡែកលេខ២ បានដីមួយឡូតិ័ទំហ៊ំ១០×២០ និង លេខ៣ លេខ៤ បានដីមួយឡូតិ៍ម្នាក់ទំហ៊ំ៥×២០ អមដោយប្រាក់រង្វាន់។

យោងតាមសេចក្ដីប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើងនៅប៉ុស្តិ៍លេខ៥ Sofitel Phnom Penh បានលើកឡើងថា ចាប់ពីថ្ងៃអាទិត្យទី១៨ កញ្ញា ឆ្នាំ២០២២ នេះតទៅ សង្វៀនប្រដាល់ នឹងបើកការប្រកួតដណ្ដើមជើងឯកប្រដាល់ជាថ្មីវិញហើយ ដោយការប្រកួតលើកនេះគឺជ្រើសរើសជើងខ្លាំងក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម បន្ទាប់ពីសម្រាំងបានកីឡាករជើងខ្លាំងពីក្លិបផ្សេងៗ ចំនួន៨នាក់។ ជើងខ្លាំងមកពីក្លិបទាំង៨រូបនេះ នឹងប្រកួតជម្រុះគ្នារៀងរាល់សប្ដាហ៍ តាមរូបមន្តដែលបានកំណត់ រហូតរកឃើញអ្នកខ្លាំងតែម្នាក់ អោយក្លាយជាម្ចាស់ជើងឯក។ នេះជាការប្រកួតដណ្ដើមខ្សែក្រវាត់ ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋតន្ត្រីក្រសួងការពារជាតិ ទា បាញ់ និង ជាប្រកួតជ្រើសរើសជើងឯកក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ដើម្បីស្វែងរកធនធានជើងខ្លាំងម្នាក់ ឆ្ពោះទៅកាន់កីឡាស៊ីហ្គេមឆ្នាំ២០២៣។ អ្វីដែលសំខាន់គឺការប្រកួតនេះ នឹងប្រកួតផ្ដាច់ព្រ័ត្រនៅខេត្តសៀមរាប ក្នុងបុរីភូមិឋានសំណាង ដើម្បីប្រកួតចប់គឺប្រគល់វីឡាជូនអ្នកឈ្នះតែម្ដង ខណៈដែលចំណាត់ថ្នាក់បន្ទាប់ពីជើងឯក ក៏ទទួលបានដីឡូតិ៍ អមដោយប្រាក់រង្វាន់ ដែលជារង្វាន់ធំដ៏កម្រ នៅក្នុងវិស័យប្រកួតជើងឯក។ ការប្រកួតនេះ នឹងបន្តផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីថ្ងៃអាទិត្យទី១៨ កញ្ញា តទៅ នៅសង្វៀនព្រែកកំពិស។

LEAVE A REPLY

Please enter your comment!
Please enter your name here