កូនសិស្សអេ ភូថង ដាក់ សិស្សបឺត សំខាន់ សន្លប់ភីងនៅSEATV

0

ការប្រដាល់នៅលើសង្វៀនមុនភ្ជុំ កាលពីថ្ងៃអាទិត្យទី៧ តុលា មុននេះ ម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកីឡាករ ជាសិស្សរបស់កីឡាករជើងចាស់ អេ ភូថង អាចធ្វើអោយកូនសិស្សរបស់កីឡាករជើងចាស់ បឺត សំខាន់ បោះបង់ការប្រកួតទាំងមិនដល់១នាទី ដោយសារតែស្នៀតពិសេស ដែលអ្នកណាៗក៏មិនចង់ជឿ។ ការបប្រកួតមួយនេះ កូនសិស្ស អេ ភូថង ត្រូវបានគេសរសើរយ៉ាងខ្លាំង តែងាកទៅកូនសិស្សរបស់ បឺត សំខាន់ ឯណោះវិញ ក៏បាក់មុខមិនអន់ដែរ។
ការប្រកួតដែលបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នោះ គ្រាន់តែមានការប្រកាសអោយដឹងពីឈ្មោះក្លិប គឺអ្នកគាំទ្រចាប់អារម្មណ៍មួយគូនេះតែម្ដង ដោយសារតែគេដឹងថាម្នាក់ជាសិស្សរបស់គ្រូ អេ ភូថង ហើយម្នាក់ទៀតជាសិស្សរបស់គ្រូគុន បឺត សំខាន់ ។ កីឡាករ ខាំ សុរិយា មកពីក្លិបរ៉ាហាប់ស្វាយប៉ាក បង្គោលខៀវ គឺជាកូនសិស្សរបស់កីឡាករ បឺត សំខាន់ ហើយកីឡាករ ផាត់ សូដា មកពីក្លិបអេភូថងកីឡា គឺជាកូនសិស្សរបស់កីឡាករ អេ ភូថង ដ៏ល្បីឈ្មោះ។ ក្លិបទាំងពីររមែងបង្អួតសមត្ថភាពរបស់សិស្សខ្លួន ខណៈដែលកីឡាករដែលបានទទួលការបង្វឹកនៅក្នុងក្លិបទាំងពីរក៏មានសមត្ថភាពមិនធម្មតានាពេលកន្លងមក។ ការប្រកួតមួយគូនេះ គ្រាន់តែឡើងរេញថ្វាយបង្គំគ្រូ អ្នកគាំទ្រទះដៃជាមុនបាត់ទៅហើយ ដោយសារតែកីឡាករម្ខាងគុនគ្រូបង្អួតសាច់ដុំគ្នារបៀបកំប្លែងៗ ហើយឌឺដងគ្នា។ យ៉ាងណាមិញ ការប្រកួតត្រូវបានបញ្ចប់មិនដល់១នាទីក្រោយវាយជួងនោះទេ ដោយសារតែកីឡាករបង្គោលក្រហម កូនសិស្សរបស់ អេ ភូថង ប្រើស្នៀងនាគវ័ធកន្ទុយ ហើយត្រូវកញ្ចឹងករ របស់កូនសិស្សបឺត សំខាន់ អោយដួលខ្ពក ឈានដល់ការសន្លប់។
លោក ញាណ សុធី អ្នករៀបចំការប្រកួតបានអះអាងថា មួយគូនេះ នឹងអោយប៉ះគ្នាជាថ្មីម្ដងទៀត ដើម្បីអោយដឹងថាបើកូនសិស្សលោក អេ ភូថង និង បឺត សំខាន់ ប្រកួតគ្នាម្ដងទៀត តើអ្នកណានឹងឈ្នះ។ កីឡាករបង្គោលក្រហមក្រៅពីបានទទួលការសរសើរ ក៏បានប្រាក់រង្វាន់មិនតិចនោះដែរ ពីការប្រើស្នៀតពិសេសមួយនេះ ធ្វើអោយគូប្រកួតសន្លប់ ហើយបោះបង់ការប្រកួតតាមការចង់បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here