កីឡាករបាល់ទាត់ល្បីឈ្មោះពីររូប ក្លាយជាគូប្រជែងស៊ីសាច់ហុតឈាមនឹងគ្នាក្រោយបំបែកក្រុម

0

ដំណើរចាកចេញរបស់ កីឡាករ ទេស សម្បត្តិ ពីក្រុមបឹងកេត បានធ្វើអោយគេមើលឃើញភ្លាមៗថា កីឡាកររូបនេះ នឹងក្លាយជាគូប្រជែងនៅលើទីលាន ខណៈដែលកន្លងមកអ្នកទាំងពីរត្រូវគេដឹងថាគឺជាបងប្អូនដែលមានអនុស្សាវរីយ៍រាប់មិនអស់។

អ្នកតាមដានវិស័យបាល់ទាត់មិនតិចនោះទេ បានបង្ហាញការលើកឡើងថា វត្តមានចាកចេញរបស់ ទេស សម្បត្តិ ពីក្លិបបឹងកេត ដែលធ្លាប់តែរួមសុខរួមទុក្ខ ជាមួយ កីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នឹងធ្វើអោយខ្សែការពារល្បីឈ្មោះរូបនេះ នឹងក្លាយជាគូប្រជែងនឹងគ្នា។ កីឡាករ ទេស សម្បត្តិ សម្រេចចិត្តកុងត្រាចូលលេងអោយក្លិបវិសាខា ខណៈដែលក្លិបទាំងពីរគឺជាគូប្រកួតស៊ីសាច់ហុតឈាមស្ទើរគ្រប់ការប្រកួត។ ការបំបែកក្រុមរវាង ទេស សម្បត្តិ និង ចាន់ វឌ្ឋនាកា គឺច្បាស់ណាស់ថា អ្នកទាំងពីរនឹងប្រើភាពខ្លាំងរៀងខ្លួនដើម្បីប្រឆាំងគ្នា ដែលខុសពីគ្រាមុន គឺអ្នកទាំងបានសាមគ្គីគ្នា ហើយប្រមូលភាពខ្លាំងទៅផ្ដួលគូសត្រូវនៅលើទីលានរួមគ្នា។ កីឡាករ ចាន់ វឌ្ឍនាកា បានទទួលស្គាល់ថា ការចាកចេញពីបឹងកេតរបស់សិស្សប្អូនរូបនេះ គឺពិតជាជៀសមិនផុតដែលនឹងធ្វើអោយលោកក្លាយជាអ្នកប្រឈមជាមួយគេនៅពេលប៉ះគ្នា ហើយក្រោយការចាកចេញពីគ្នានេះ ក៏មានន័យថា បទពិសោធន៍ដែលធ្លាប់តែផ្ដល់អោយគ្នា នឹងក្លាយជាកាលៈទេសៈដែលត្រូវរិះរកវិធីប្រជែងគ្នាផងដែរ។ លោកបានសរសេរនៅលើហ្វេសប៊ុកថា”បាល់ទាត់គឺបែបនេះ ថ្ងៃណាមួយយើងនឹងប្រឈមមុខជាមួយគ្នា ពួកយើងគោរពនៅការសម្រេចចិត្តរបស់ប្អូន ប្អូនធំហើយប្អូនត្រូវរៀនពីជីវិតថ្មីមួយទៀត បទពិសោធន៍ថ្មី មិត្តរួមក្រុមថ្មី អ្វីៗនឹងថ្មីសម្រាប់ប្អូន តែបងនៅតែជូនពរប្អូនជោគជ័យលើវិថីបាល់ទាត់មួយនេះ?? Tes Sambath”។ សំណេររបស់លោកបង្ហាញពីអារម្មណ៍តានតឹងយ៉ាងច្បាស់ថា លោកមិនចង់ក្លាយជាអ្នកតតាំងជាមួយគ្នានោះទេ ដោយសារតែតិចនិក និង ចំណុចខ្សោយចំណុចខ្លាំងម្ខាងៗដែលពួកគេដឹងពីគ្នារៀងខ្លួន គឺពិតជាត្រូវយកទៅលាតត្រដាង ហើយប្រជែងគ្នានៅតារាងបាល់។ ក្រោយការលើកឡើងរបស់ ចាន់ វឌ្ឍនាកា គេឃើញមានអ្នកបញ្ចេញមតិជាច្រើន លើកឡើងថា បើសិស្សប្អូនសិស្សច្បងទាំងពីរប្រឈមមុខគ្នានៅលើទីលាន តើការបន្ធូរដៃនឹងកើតមានឡើងដែរទេ បើម្នាក់ជាខ្សែប្រយុទ្ធ ហើយម្នាក់ជាខ្សែការពារ ដែលជៀសពីការប្រឈមមុខគ្នាមិនរួចនោះ។

គួរបញ្ជាក់ផងដែរថា ខ្សែការពារ ទេស សម្បត្តិ គឺជាសិស្សប្អូនដ៏ឆ្នើមប្រចាំក្លិបបឹងកេត ដែលមានប្រវត្តិការពារគ្រាប់បាល់ ជួយអោយក្រុមបឹងកេតទទួលជ័យជម្នះលើទីលានជាច្រើនលើក។ លោកកើតនៅថ្ងៃកំណេីត ថ្ងៃទី20 ខែតុលា ឆ្នាំ2000 នៅខេត្តកំពង់ស្ពី។ លោកចូលរួមជាមួយសាលាបាល់ទាត់ជាតិបាទីតាំងពីអាយុ15ឆ្នាំ ហេីយក្រោយពីលេងបានល្អ ក៌ផ្លាស់ទៅលេងនៅភ្លិបបាល់ទាត់បឹងកេតតាំងពីឆ្នាំ2018 ហើយក៏ក្លាយជាជម្រេីសជាតិ ឈុតតូច និងឈុតធំ។ លោក ត្រូវបានគេចាត់ទុកថាជាដៃគូដ៏ល្អរបស់ ចាន់ វឌ្ឍនាកា ក្នុងក្រុមបឹងកេត ដោយសារតែម្នាក់គឺជាទ័ពប្រយុទ្ធដ៏សំខាន់សម្រាប់បុកទៅលើគូប្រជែង ហើយកីឡាករ
ទេស សម្បត្តិ គឺជាទប់បាល់មិនអោយឈានចូលបរិវេណតារាងសំណាញ់ ដែលធ្វើអោយក្រុមផ្សេងទៀតមានកម្លាំងប្រយុទ្ធ។ ដោយឡែក ចាន់ វឌ្ឃនាកា វិញ គឺជាខ្សែប្រយុទ្ធដ៏ឆ្នើមប្រចាំក្រុម។ លោកជាកីឡាកររត់លឿន និងមានសមត្ថភាពបញ្ជូនបាល់ខ្លាំងទៅកាន់ទីសំណាញ់ តែបើប៉ះជាមួយអ្នកការពារឆ្នើម ដូច ទេស សម្បត្តិ មិនដឹងថា តើលទ្ធផលនៃការប៉ះគ្នានឹងក្លាយជាយ៉ាងណា។ ចាន់ វឌ្ឍនាកា កើតនៅថ្ងៃទី 23 មករា 1994 កម្ពស់1.73 m និង ជាកូនអ្នកកំពត។

LEAVE A REPLY

Please enter your comment!
Please enter your name here