​ក្រោយដូរឈ្មោះ ឯម ខ្លឹមខ្មៅ ធ្វើឲ្យសង្វៀន SEATV ប្រកាសគម្រោង

0

គ្មានអ្នកណាមិនដឹងនោះទេថា កីឡាករខ្លឹមខ្មៅ ត្រូវបានគេស្គាល់យូរមកហើយ ដោយលោកសាងភាពល្បីរន្ទឺតាមរយៈការប្រើឈ្មោះថា ឯម ខ្លឹមខ្មៅ។ លោកត្រូវបានគេដឹងថាស្ងាត់មួយរយៈ និងបានត្រលប់មកវិញជាមួយនឹងត្រកូលថ្មី ដោយការបង្ហាញខ្លួនកាលពីយប់ថ្ងៃសៅរ៍ ថ្ងៃទី៨ កញ្ញា នៅលើសង្វៀនទូរទស្សន៍អាស៊ីសុទ្ធតែធ្វឲ្យម្នាក់ៗលាន់មាត់នឹងភាពខ្លាំងក្លារបស់លោក ក្នុងការបំបាក់គូប្រកួត។

ការប្រកួតនៅក្នុងយប់នោះ កីឡាករ ឯម ខ្លឹមខ្មៅ ដែលបានផ្លាស់ឈ្មោះថា មុត ខ្លឹមខ្មៅ បានឈ្នះគូប្រកួតដោយពិន្ទុប៉ុណ្ណោះ តែអ្នកទស្សនាភាគច្រើនបានហៅ ជ័យជម្នះនេះថា បានមកដោយសមត្ថភាព។ តាំងពីទឹកទី១បើកឆាក បង្គោលក្រហម មុត ខ្លឹមខ្មៅ បានវាយបំបុកកីឡាករបង្គោលខៀវ ប៊ី ចាន់ណា មកពីក្លិប ខេត្តស្វាយរៀង ធ្វើឲ្យម្នាក់ៗហើបគូទពីកៅអី នឹងប្រឹងតាមដានតែម្ដង។ ទាំងកណ្ដាប់ដៃ កែង និងជង្គង់ កីឡាកររូបនេះ មានភាពរស់រវើកព្រមគ្នា ដោយការវាយចេញក្នុងមួយទឹកៗ ភាគច្រើនត្រូវចំគោលដៅ ដែលសូម្បីតែអ្នករៀបចំការប្រកូតក៍សរសើរពីភាពស្វាហាប់នេះ។ យ៉ាងណាមិញ កីឡាករបង្គោលខៀវ គឺជាកីឡាករខ្លាំង និងរឹងមាំម្នាក់មិនធម្មតា ទើបការវាយបំបុកតាំងពីទឹកទី១ របស់កីឡាករ មុត ខ្លឹមខ្មៅ មិនអាចបង្ខំឲ្យបង្គោលខៀវបោះបង់ការប្រកួតបានឡើយ។ មួយគូនេះ វាយគ្នាពេញកម្លាំងដល់៥ទឹកពេញ ទើបអាចធ្វើឲ្យអ្នកគាំទ្រ កាន់តែលាន់មាត់ នៅពេលភាគីណាមួយឈ្នះពិន្ទុចុងក្រោយ។

លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ បានអះអាងថា ការប្រកួតមួយគូនេះ គឺអាចនិយាយបានថា ល្អមើលចង់ជាងការប្រកួតអន្តរជាតិ រវាងកីឡាករកម្ពុជា ថៃ និងបារាំង ដែលតែងធ្វើឡើង នៅរាល់យប់ថ្ងៃសៅរ៍នោះទៅទៀត។ លោកថា ការប្រកួតមួយគូនេះ ទទួលការចាប់អារម្មណ៍ខ្លាំង ប៉ុន្តែក៍អាចនឹងមានការធ្លាក់ដៃម្ខាងៗវិញផងដែរ ដោយសារតែ មុត ខ្លឹមខ្មៅ និង ចាន់ណា ក៍ធ្លាប់ឡើងប្រកួតមិនសូវបានល្អនាពេលកន្លងមកផងដែរ នៅពេលមិនធ្លាប់ប៉ះគ្នា។ លោកថាខ្លឹមខ្មៅ បើប្រកួតបានល្អដូចប៉ះជាមួយ ចាន់ណា នោះលោកនឹងដាក់ឲ្យប្រកួតជាមួយគូអន្តរជាតិ ដើម្បីឲ្យគេល្បីឈ្មោះម្ដងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here