បានកៅអីទៅកាន់វគ្គបន្តទៀតហើយ លន បញ្ញា

0

បើក្រឡេកទៅមើលការប្រកួតកាលពីថ្ងៃទី៤ សីហា នៅក្នុងព្រឹត្តិការណ៍ជើងឯកTV5 KNOCK OUK Series By (K-Cement) នៅព្រែកកំពឹស គេកត់សម្គាល់ថាទាំងអ្នកឈ្នះ និងអ្នកចាញ់ប្រើអស់ពីសមត្ថភាពសម្បើមណាស់ ទម្រាំអាចបញ្ចប់ការប្រកួតមួយគូ ដើម្បីកំណត់ថាអ្នកណាបានឡើងទៅកាន់វគ្គបន្ត ហើយអ្នកណាត្រូវហាលអាវបាន។ កីឡាករ លន បញ្ញា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដែលដណ្ដើមបានកៅអីតាំងពីវគ្គជម្រុះ៣២នាក់ គឺជាអ្នកដណ្ដើមបានកៅអីក្នុងវគ្គ៨នាក់គួរអោយភ្ញាក់ផ្អើល បើទោះជាគូប្រកួតរបស់គេ គឺ កីឡាករ នួន រ៉ាថេប មកពីក្លិបតាឯកដំបងរិទ្ឋខេត្តព្រៃវែង គឺជាអ្នកខ្លាំងនៅក្នុងថ្ងៃនោះ។

លន បញ្ញា បានសម្ដែងអារម្មណ៍រីករាយមិនធម្មតា បន្ទាប់ពីលោកដណ្ដើមបានជ័យជម្នះ ហើយដណ្ដើមបានកៅអី៨នាក់នៅក្នុងការប្រកួតជម្រុះពី១៦នាក់ យក៨នាក់ឆ្ពោះទៅកាន់វគ្គបន្ត ក្នុងពេលដែលគេគឺជាកីឡាកររៀមច្បងដែល មនប្រវត្តិប្រកួត៣២ដង ឈ្នះ២៧ ចាញ់៥ ច្រើនជាងជើងខ្លាំង រ៉ាថេប ដែលជាកីឡាករល្អ និងទើបតែប្រកួតបាន១៥ដង ឈ្នះ១៣ ចាញ់២ តិចជាងខ្លួន។ ក្នុងនាមជាម្ចាស់ជ័យលាភីលេខ២ កាលពីទម្ងន់៥៧គីឡូក្រាម ក្នុងរដូវកាលទី២ លន បញ្ញា ប្រកាសថាលោកមិននឹកស្មានថាខ្លួនដណ្ដើមបានកៅអីទៅកាន់វគ្គបន្តដូចការគ្រោងទុកយ៉ាងនេះឡើយ ក្នុងពេលដែលគូប្រកួតរបស់លោក ប្រើសុទ្ធតែយុទ្ឋគុនយ៉ាងសាហាវៗដូចទឹកបាក់ទំនប់វាយសន្ឋាប់លើខ្លួនពេញរយៈពេល៣ទឹក។

ឱកាសដណ្ដើមបានទីតាំងបន្ទាប់របស់លោកបាន នឹងធ្វើអោយលោកកាន់តែទទួលបានការចាប់អារម្មណ៍ ដោយលន បញ្ញា ខ្លួនត្រូវការពេលវេលាហ្វឹកហាត់ជាច្រើនថែមទៀត ទើបអាចបន្តដណ្ដើមបានកៅអីប្រកួតក្នុងវគ្គបន្ត កុំអោយភ្លាត់ដូចការបរាជ័យកាលពីរដូវកាលមុន។ លោកថាខ្លួនបានដំឡើងទម្ងន់ពីជាង៥០គីឡូ ដើម្បីអាចប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូលើកនេះ ដូច្នេះលោកនឹងប្រឹងអោយអស់ពីសមត្ថភាពដោយទោះជាភ្លាត់មួយលើកនេះ ក៏នឹងធ្វើអោយអ្នកគាំទ្រ និងខ្លួនឯងអស់ចិត្តនោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here