ការប្រកួតជម្រុះជ្រើសរើសជើងឯក ប្រភេទទម្ងន់៦៣,៥ គីឡូក្រាម រដូលកាលទី៧ នាសង្វៀនប៉ុស្តី៍លេខ៥ បានដំណើរការដល់វគ្គឆ្ពោះទៅរក៤នាក់ហើយ។ ការប្រកួតកាលពីថ្ងៃទី៧ មីនា ឆ្នាំ២០២០ គឺជាការប្រកួតជម្រុះស្វែងរក៤នាក់ ដើម្បីឡើងទៅវគ្គពាក់ផ្ដាច់ព្រ័ត្រ ដោយកីឡាករ រិន សារ័ត្ន គឺជាកីឡាករដំបូងគេ ដែលបានឡើងអង្គុយកៅអីនេះមុនគេ។
ការប្រកួតប្រដាល់កំពូលជើងឯក TV5 BOXING KNOCK OUT SERIES(K-Cement) នោះ កាន់តែទាក់ទាញក្នុងស្រទាប់អ្នកស្នេហាប្រដាល់។ បង្គោលក្រហម ខាំ សាបាន មកពីក្លិបរ៉ាហាប់ស្វាយប៉ាក ប៉ះជាមួយបង្គោលខៀវ រិន សារ័ត្នមកពីក្លិប កងទ័ពជើងទឹក។ នេះជាវគ្គជម្រុះជិតដល់ការប្រកួតដណ្ដើមពាន ដោយរើសយកកីឡាករ៨រូប ដែលឈ្នះការប្រកួតកន្លងមក ប្រកួតគ្នាយកតែ៤នាក់ ទៅកាន់វគ្គបន្ត។
ការប្រកួតមកដល់ ទឹកទី១ម្នាក់ហើបគូទពីកៅអី ដើម្បីអ៊ុតមើលថាខៀវ ឬក្រហមមានតែមជាង។ កាយវិការវាយទាត់ធាក់របស់អ្នកទាំងពីរ ឃើញថាវាយទៅមកយ៉ាងប្រកៀក្រកិតគ្នាតែម្តង។ សាបាន ហាក់វាយចូលចំគោលដៅ ធ្វើអោយអ្នកមើលរំពឹងថាបានឈ្នះ។ ប៉ុន្តែឈានដល់២ទឹក ចុងក្រោយសាបាន ធ្លាក់ដៃធ្លាក់កម្លាំង យ៉ាងចម្លែក ធ្វើអោយភាគីម្ខាងទៀត បានដៃវាយបកយ៉ាងចាស់ដៃ។ នៅទីបំផុតសាបាន ចាញ់ពិន្ទុ រិន សារ័ត្ន យ៉ាងសោកស្តាយព្រោះឡើងទៅវគ្គបន្ត ដែលជាវគ្គសំខាន់ ដែលកាន់តែមើលឃើញពីឱកាសកាន់ពាន និង ទឹកប្រាក់ រង្វាន់។