សុខ សាវិន ប្រើក្បាច់ចឹងសោះ បានជើងខ្លាំងថៃសន្លប់ឈរ នៅSEATV

0

ការប្រកួតអន្តរជាតិកាលពីថ្ងៃទី២៤ មិថុនា កីឡាករវ័យក្មេង សុខ សាវិន ត្រូវគេកត់សម្គាល់ថាជាកីឡាករដែលធ្លាប់តែបង្ហាញមុខនៅលើសង្វៀនប៉ុស្ដិ៍ផ្សេងប៉ុណ្ណោះ ដោយប៉ុស្ដិ៍SEATV គឺជាសង្វៀនថ្មីសន្លាងដែលលោកបង្ហាញខ្លួនជាលើកដំបូង ហើយបង្ហាញក្នុងនាមជាកីឡាករដែលឡើងប្រកួតជាមួយកីឡាករបរទេសទៅទៀត។ អ្វីដែលម្នាក់ៗភ្ញាក់ផ្អើល គឺកីឡាកររូបនេះ ស្រាប់តែអាចវាយផ្ដួលកីឡាករបរទេសអោយសន្លប់ឈរតែម្ដងក្នុងទឹកទី១ ដោយចំណាយមិនទាំងដល់៣នាទីនោះផង។

​ជ័យជម្នះដែលបានលេចឡើង ហើយធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍មួយនេះ គឺកីឡាករ សុខ សាវិន មកពីក្លិបអេលីតគុនខ្មែរ ប្រកួតជាមួយកីឡាករថៃ Pin Ngen ដោយកីឡាកររូបនេះ ក៏ជាជើងខ្លាំងម្នាក់ដែរ ប៉ុន្តែនៅពេលប៉ះគ្នាជាមួយកីឡាករកម្ពុជារូបនេះ បែរជារងបច្ចេកទេសហើយត្រូវសន្លប់ឈរតែម្ដងលើរេញដែលធ្វើអោយម្នាក់ៗអ្នកណាក៏លាន់មាត់សរសើរ។ ការប្រកួតគូនេះ ត្រូវគេឃើញបើកឆាកលើរេញយ៉ាងស្វិតស្វាញភ្លាមៗតែម្ដង ហើយអ្វីដែលគេនឹកស្មានមិនដល់គឺ កីឡាករសុខ សាវិន ស្រាប់តែអាចប្រើស្នៀតនាគវ័ធកន្ទុយ ហើយធ្វើអោយត្រូវចំចំណុចសំខាន់របស់កីឡាករជាគូប្រកួត បណ្ដាលអោយកីឡាករថៃត្រូវពេញទំហឹង ហើយចំកញ្ចឹងកឈានដល់ភ្នែកសឆ្កឹងបន្តការប្រកួតលែងកើតតែម្ដង។

ក្រុមអ្នកអោយទឹក និងគ្រូពេទ្យជំនាញ ត្រូវគេឃើញស្ទុះធ្វើចលនាអោយ កីឡាករថៃ Pin Ngen ក្រោយគេបញ្ឈភ្នែករហូតដល់មួយសន្ទុះធំ ទម្រាំតែកីឡាកររូបនេះ គេដឹងស្មារតី ហើយអាចឈរបាន និងអាចដើរចុះពីលើរេញបាន។ ការប្រកួតដែលបានធ្វើឡើងត្រូវបានបញ្ចប់មុនចប់ទឹកទី១ ប៉ុន្តែមិនបានធ្វើអោយអ្នកគាំទ្រពោលថាមិនអស់ចិត្តនោះទេ ផ្ទុយទៅវិញ គឺម្នាក់ៗមានតែលាន់សរសើរដែលកីឡាកររូបនេះ ទើបតែមានមុខឡើងរេញអន្តរជាតិលើកទី១នៅប៉ុស្ដិ៍ SEATV តែអាចបង្កការភ្ញាក់ផ្អើលអោយម្នាក់ៗដក់អារម្មណ៍បាន ខណៈដែលខាងពិធីករក៏សរសើរដាក់ក្បាលមេក្រូក្ដែងៗថា សុខ សាវិន ពិតជាមិនធម្មតា ដែលអាចប្រើស្នៀតនាគវ័ធកន្ទុយ ធ្វើអោយកីឡាករថៃសន្លប់បានព្រោះតែកន្ទុយរបស់គេវ័ធចំកញ្ចឹងករយ៉ាងដំណំ។ យ៉ាងណាមិញ ភាគីខាងកីឡាករថៃ បានអះអាងថាហេតុផលដែលអាចវ័ធកន្ទុយមួយស្នៀតធ្វើអោយកីឡាករ Pin Ngen សន្លប់ឈរនៅក្នុងថ្ងៃនោះគឺដោយសារតែគេមិនធ្លាប់ប្រកួតទាំងព្រឹក គាប់ជួនជាធ្វើដំណើរពីថៃមកឆ្ងាយ ហើយក៏មានអារម្មណ៍ធីងធូងប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here