វ័យទើបតែ១៤ឆ្នាំ និងជាជើងថ្មីប៉ុណ្ណោះ តែពន្លកថ្មីអ្នកប្រដាល់ ខាំ កូនខ្លាទទួលបានការចាប់អារម្មណ៍មិនធម្មតានោះទេ ក្នុងពេលដែលគេឡើងប្រកួតនៅប៉ុស្តិ៍លេខ៥ ក្នុងនាមជាគូមិត្តភាព កាលពីថ្ងៃទី១៥ មិថុនា នៅសង្វៀនព្រែកកំពិស។ ខាំ កូនខ្លា មកពីក្លិបរ៉ាហាប់ស្វាយប៉ាក បានបំបាក់កីឡាករ ឡុង សុខលីម មកពីក្លិបសាលវ័ន្តកីឡា បានយ៉ាងជោគជ័យ។
នោះគឺជាការប្រកួតមិត្តភាពនៅក្នុងព្រឹត្តិការណ៍ កំពូលជើងឯកTV5 BOXING KNOCK OUT SERIES(K-Cement) ដើម្បីជ្រើសរើសជើងឯងខ្សែក្រវាត់ទម្ងន់៥៤គីឡូក្រាមរដូវកាលទី៥ ក្នុងពេលដែលកីឡាករ៤រូបដែលត្រៀមខ្លួនប្រកួតគ្នាចុងក្រោយ សម្រាកយកកម្លាំង។ អវត្តមានកីឡាករឡើងប្រកួតជ្រើសរើសជើងឯក ទើបកីឡាករទាំង២នាក់ខាងលើត្រូវគេអោយប្រកួតប៉ះគ្នា ដើម្បីអោយកញ្ជ្រោលសង្វៀននៅប៉ុស្តិ៍លេខ៥។
បើកឆាកការប្រកួតរបស់មួយគូនេះ គេឃើញអ្នកទាំងពីរបញ្ចេញផ្លែល្អ គួរឲទាក់ទាញ ដោយម្នាក់ៗវាយគ្នាលាន់ឭពេញសង្វ្រៀន។ កីឡាករ កូនខ្លា រំលេចបច្ចេកទេសវាយចេញបានល្អយ៉ាងខ្លាំង ពោលគឺប្លែក ហើយវាយត្រូវចូលចំទិសដៅតែម្ដង ដោយវាយ កីឡាករ សុខលីម ដួលលើសង្វៀនជាច្រើនអន្លើ រហូតធ្វើអោយអាជ្ញាកណ្តាលរាប់ម្តងក្នុងទឹកទី១។ កីឡាករ កូនខ្លា ធ្លាប់មានប្រវត្តិធ្វើឲ្យកីឡករវ័យក្មេងថៃចាញ់លើរេញលេខ៥រួចមកហើយ នាពេលកន្លងមក។ចូលដល់ទឹកទី២ កីឡាករ កូនខ្លា វាយតែមួយប្រាវ ធ្វើឲ្យ សុខលីម សន្លប់រហូតត្រូវគេបញ្ឈប់លែងឲ្យប្រកួត បញ្ចប់ការប្រកួត។ នៅចុងបញ្ចប់ កូនខ្លា ក្លាយជាតួឯកឈ្នះការប្រកួតសាជាថ្មីសូម្បីអ្នកមើលទះដៃកោតសរសើរថាជាក្មេងខ្លាំងកម្ររកបានលើវិស័យកីឡា។
អ្នកទស្សនា លាន់មាត់ថា កីឡាករបង្គោលក្រហមក្មេងមែន ប៉ុន្តែគេមានឆន្ទៈ និងមានសមត្ថភាពអាចបណ្ដុះឲ្យក្លាយជាជើងខ្លាំងបាន ដោយយោងលើសមត្ថភាពរបស់គេ តាមរយៈការប្រកួតនៅក្នុងថ្ងៃនោះ។ ប៉ុស្តិ៍លេខ៥ ក៍ប្រកាសនឹងដាក់ឲ្យគេឡើងប្រកួតអោយបានញឹកញាប់ផងដែរ ដើម្បីលើកកម្ពស់កីឡាករក្មេងៗ៕