នៅទីបំផុត បង្គោលក្រហម សេក សារ៉ាន់ បានឡើងទៅវគ្គ១៦នាក់

0

ក្រោយបញ្ចប់បុណ្យចូលឆ្នាំភ្លាម ការប្រកួតកំពូលជើងឯក TV5 Boxing Knock Out Series By K-Cement នៅប៉ុស្ដិ៍លេខ៥ ត្រូវបានរៀបចំឡើងភ្លែត កាលពីថ្ងៃ២០ មេសា ដោយមានកីឡាករ៤រូប ប្រកួតគ្នាក្នុងនាមជាអ្នកដណ្ដើមឱកាសទៅប្រកួតនៅវគ្គបន្ត ដោយ២រូបដែលឈ្នះបានឡើងទៅវគ្គបន្ត ហើយ២នាក់ដែលចាញ់ការប្រកួតត្រូវធ្លាក់ហាលអាវ។ យ៉ាងណាមិញក្នុងចំណោម៤រូបដែលឡើងប្រកួតគ្នាគេកត់សម្គាល់ថាកីឡាករមួយគូ គឺកីឡាករសេក សារ៉ាន់ មកពីក្លិបអង្គរមានជ័យ ខេត្តសៀមរាប និងកីឡាករបង្គោលខៀវ ម៉ៅ ប៉ោក មកពីក្លិបរាជសីហ៍ ខេត្តរតនៈគីរី ដោយសារតែកីឡាករទាំងពីរ ទម្រាំរកឃើញចាញ់ឈ្នះគឺម្នាក់ៗវេទនាខ្លាំង។

ការប្រកួតដែលបានធ្វើឡើងនោះ ស្ថិតក្នុងវគ្គជម្រុះ៣២នាក់យកតែ១៦នាក់ដូចប៉ុន្មានសប្ដាហ៍មុនដដែល ដោយសារតែការប្រកួតទាំងមូលនៅមិនទាន់អស់វគ្គ៣២នាក់យក១៦នាក់នៅឡើយទេ។ ឆ្លងកាត់ការប្រកួតកន្លងមក កីឡាករដែលបានឡើងទៅវគ្គបន្តញញឹមបិទមាត់មិនជិតនោះទេ បើទោះជាដឹងថាការប្រកួតរបស់ខ្លួនក្នុងវគ្គ១៦នាក់យក៨នាក់ គឺជាវគ្គដ៏តានតឹងដែលពិបាកសង្ឃឹម តែសម្រាប់កីឡាករដែលបាត់បង់ឱកាសវិញគឺមានតែអស់សង្ឃឹមប៉ុណ្ណោះ ដោយសារតែលែងមានសំណាងបានបង្ហាញសមត្ថភាពនៅលើសង្វៀន។ កីឡាករបង្គោលក្រហម សេក សារ៉ាន់ ត្រូវគេឃើញបង្ហាញសមត្ថភាពបានយ៉ាងល្អសម្រាប់ការប្រកួតដែលពោរពេញដោយភាពស្វិតស្វាញនោះ។ ក្នុងទឹកទី១កីឡាករទាំងពីរប្រកួតទៅប្រកួតមក រកមិនឃើញអ្នកណាក្ដោបក្ដាប់ពិន្ទុបានច្រើននោះទេ ប៉ុន្តែឈានដល់ទឹកទី២ កីឡាករបង្គោលក្រហមដែលអ្នកទស្សនាភាគច្រើនមិនសូវសង្ឃឹមថានឹងឈ្នះស្រាប់តែធ្វើបានល្អ ហើយវាយសង្គ្រប់បង្គោលខៀវត្រូវចំគោលដៅ រហូតធ្វើអោយអ្នកគាំទ្រដែលក្នុងទឹកទី១ទុកចិត្តបង្គោលខៀវជាងប្រែជាទះដៃអបអរចំពោះបង្គោលក្រហមវិញ។

ក្នុងទឹកទី៣ដែលទឹកកាត់ក្ដី រឹតតែធ្វើអោយអ្នកទស្សនាជាប់ចិត្តនឹងកណ្ដាប់ដៃរបស់បង្គោលក្រហមខ្លាំងឡើង ជាពិសេសនៅពេលគេវ័ធកែងបានល្អ ហើយធ្វើអោយបង្គោលខៀវកាន់តែចូលកាន់តែទទួលកណ្ដាប់ដៃយ៉ាងចាស់ដៃ ហើយទ័លទីរកផ្លូវតស៊ូលែងបាន។ មួយគូរនេះ គេដឹងថាកីឡាករបង្គោលក្រហមឈ្នះប្រៀប និងបានឡើងទៅកាន់វគ្គ១៦នាក់តាំងពីមិនទាន់ប្រកាសលទ្ធផល អ៊ីចឹងហើយទើបគ្រាន់តែប្រកាសថាកីឡាករ សេក សារ៉ាន់ ជាអ្នកឈ្នះពិន្ទុគឺម្នាក់ៗសប្បាយចិត្ត។ យ៉ាងណាមិញ គេមិនទាន់ដឹងថាសមត្ថភាពយកឈ្នះយ៉ាងខ្លាំងក្លារបស់សេក សារ៉ាន់ តើអាចអោយគេបានឡើងទៅវគ្គ៨នាក់ក្នុងវគ្គបន្តបានឬមិនបាននោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here