មិនគួរជឿ ជើងខ្លាំង បានត្រឹមស្មើជើងថ្មីអ៊ីរ៉ង់

0

គ្មានអ្នកណាមិនស្គាល់នោះទេថា កីឡាករ មាស សុជាតិ គឺជាជើងខ្លាំងម្នាក់ ដែលមានប្រវត្តិវាយផ្ដួលកីឡាករខ្លាំងៗរាប់មិនអស់នៅលើសង្វៀនអន្តរជាតិ ជាពិសេសកីឡាករថៃល្អៗ។ ប៉ុន្តែមួយរយៈចុងក្រោយកីឡាកររូបនេះ ត្រូវគេកត់សម្គាល់ថាបាត់មុខមួយរយៈ ហើយការបង្ហាញខ្លួនលើកក្រោយៗបែរជារៀងធ្លាក់ដៃជាងមុន។ អ្វីដែលគេកាន់តែខកចិត្តទៀតនោះ គឺគេប្រែប្រួលដល់ថ្នាក់ប្រកួតជាមួយកីឡាករអ៊ីរ៉ង់ ដែលគ្រាន់ហ្វឹកហាត់ និងឡើងសង្វៀននៅក្នុងប្រទេសថៃមិនបានច្រើនប៉ុន្មាន គឺកីឡាករ Gafari Goloojeh ហើយរកលទ្ធផលឈ្នះមិនឃើញ។

គេបានត្រឹមតែស្មើទាំងវេទនាប៉ុណ្ណោះ បន្ទាប់ពីបានចំណាយពេលប្រកួតពេញ៥ទឹក។ ក្នុងនោះកីឡាករអ៊ីរ៉ង់ មានឱកាសវាយចូលឡើងចាស់ដៃសម្រាប់ការប្រកួតមួយនេះផង។ យ៉ាងណាមិញអ្នកលើកទឹកចិត្តចំពោះលោក ក៍បានសរសើរថា កីឡាករអ៊ីរ៉ង់ដ្បិតថាជើងថ្មីមកពីថៃមែន តែគេក៍ជើងខ្លាំងផងដែរ ទើបកីឡាករ មាស សុជាតិ វាយយកស្មើបានទាំងលំបាក។

គួរបញ្ជាក់ថា នេះជាការប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃទី២៤ មីនា រវាងកីឡាករល្បីល្បាញ បង្គោលក្រហម មាស សុជាតិ តាមស្មើកីឡាករជើងថ្មីមកពីអ៊ីរ៉ង់ ដោយលទ្ធផលគូនេះ ធ្វើអោយគាំទ្រទាយខុសគ្រប់គ្នាខណៈដែលលទ្ធផលនេះ អ្នកខ្លះបានទាំងលើកឡើងថា អោយស្មើព្រោះតែគណកម្មការអោយយោងមុខមាត់នោះផង។ លទ្ធផលដែលបានស្ដែងឡើងលើកនេះ ហាក់ធ្វើអោយមាស សុជាតិ រងនូវការរិះគន់មិនយិចទេ ថាបណ្ដោយខ្លួនអោយធ្លាក់ដៃ ប៉ុន្តែក៍ត្រូវអ្នកខ្លះថា បណ្ដាលមកពីជើងថ្មីអ៊ីរ៉ង់ គឺជាកីឡាករល្អដែរប៉ុណ្ណោះ។