ទើបតែចប់ការប្រកួតជ្រើសបានជើងឯក ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមកាលពីសប្ដាហ៍មុនសោះ ប៉ុស្តិ៍លេខ៥ប្រកាសបើកព្រឹត្តិការណ៍ TV5 BOXING KNOCK OUT By K-CEMENT ក្នុងរដូវកាលថ្មីភ្លាម ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម កាលពីថ្ងៃ២ ខែមីនា។ វេទិកាសន្និសីទកាសែតនៅថ្ងៃបើកសម្ពោធនោះ កីឡាករ៤រូប ដែលមានឈ្មោះឡើងប្រកួតក្នុងសប្ដាហ៍បើកឆាក ក៍បានដំណើរការប្រកួតគ្នាចាញ់ធ្លាក់ៗយ៉ាងស្វិតស្វាញផងដែរ ដោយគេកត់សម្គាល់ថាអ្នកចាញ់ និងអ្នកឈ្នះ សុទ្ធតែប្រើអស់សមត្ថភាពមុនរកឃើញលទ្ធផល។
លោក សេង កដិកា អ្នករៀបចំការប្រកួត បានថ្លែងបញ្ជាក់ថា ការប្រកួតរដូវកាលទី៥នេះ លោកសម្រេចចិត្តជម្រើសយកកីឡាករក្នុងប្រភេទស្រាល៥៤គីឡូក្រាម ដោយសារតែកីឡាករក្នុងប្រភេទទម្ងន់នេះ សំបូរកីឡាករថ្មីៗល្អៗហើយគ្រប់ចំនួន៣២រូបតាមការចង់បាន។ ក្នុងនោះលោកក៍អាចបណ្ដុះកីឡាករក្មេងៗអោយក្លាយជាកីឡាករស្នូលសម្រាប់វិស័យប្រដាល់បានយ៉ាងស្រួលផងដែរ។
លោកថាការប្រកួតចាប់ទម្ងន់៦០គីឡូឡើង ច្រើនតែត្រូវសម្រាប់កីឡាករដែលមានឈ្មោះកេរ្តិ៍ឈ្មោះបោះសំឡេងរួចហើយ ហើយដំណើរស្វែងរកអ្នកស្ថិតក្នុងប្រភេទទម្ងន់ធ្ងន់បែបហ្នឹងក៏ពិបាករកផងដែរសម្រាប់៣២រូប ដោយសារតែស្ថិតក្នុងប្រភេទទម្ងន់នេះគឺស្ទើរមាននិងស្ទើរមិនមាន ដែលពិបាកអោយគណកម្មការធ្វើការជ្រើសរើស។ ជាក់ស្ដែងវត្តមានកីឡាករកាលពីរដូវកាលមុនៗ ដែលស្ថិតក្នុងប្រភេទទម្ងន់៦៥ និង៦៣,៥គីឡូក្រាម លោកថាប៉ុស្ដិ៍លេខ៥ស្វែងរកបាន៣២រូបយ៉ាងលំបាកបំផុត ដោយមានកីឡាករខ្លះត្រូវបង្ខំអោយសម្រកទម្ងន់ និងខ្លះអោយតំឡើងទម្ងន់ ដើម្បីអោយគ្រប់៣២រូបនោះ។
លោកអះអាងថាខ្លួនមិនចង់បានសមាសភាពដែលខ្វះតុល្យភាពបែបហ្នឹងនោះទេ ទើបសម្រេចចិត្តបើកការប្រកួតក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមកាលពីរដូវកាលទី៤ និងសម្រាំងយកក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមដែលជាប្រភេទស្រាលទៀត នៅក្នុងរដូវកាលនេះ។ លោកថាការប្រកួតគឺធ្វើដូចមុន ដោយប្រកួតចាញ់ធ្លាក់ៗ ដោយយកអ្នកឈ្នះប្រកួតយកអ្នកឈ្នះ រហូតទាល់តែនៅសល់អ្នកឈ្នះតែម្នាក់តាមលំនាំរូបមន្តចាស់ ដើម្បីកំណតថាជាម្ចាស់ជើងឯក។
នៅក្នុងថ្ងៃបើកសន្និសីទកាសែតនោះ កីឡាករ២គូក៍ត្រូវគេឃើញអោយប្រកួតគ្នាចាញ់ធ្លាក់ៗ ដោយកីឡាករទាំង៤ បានបើកការប្រកួតយ៉ាងជក់ចិត្តនៅលើសង្វៀន តាំងពីដើមរហូតរកឃើញពិន្ទុ ធ្វើអោយអ្នកទស្សនាសរសើរមិនដាច់ពីមាត់ផងដែរ។