ខណៈអ្នកគាំទ្រថា រឿម វណ្ណៈ មិនសមសន្លប់ ភាគីថៃថាសម

0

ក្រោយបញ្ចប់ការប្រកួតកាលពីល្ងាចថ្ងៃទី៦ មករា នៅក្នុងព្រឹត្តិការណ៍Wurkz នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ អ្នកគាំទ្រប្រដាល់ភាគច្រើនបានអះអាងថា កីឡាករវ័យក្មេង ជើងខ្លាំង រឿម វណ្ណៈដែលអ្នកណាក៏ស្គាល់ជាកីឡាករឡើងកូដ មិនសមនឹងសន្លប់ក្នុងទឹកទី១ក្រោមដៃកីឡាករថៃនោះទេ ប៉ុន្តែភាគីខាងកីឡាករថៃបែរជាអះអាងថា ទោះមិនសន្លប់ដូចអ្វីដែលបានកើតឡើងក៏នឹងមិនអាចទៅរួចក្នុងទឹកបន្តបន្ទាប់នោះដែរ។

នេះជាការប្រកួតអន្តរជាតិដែលម្នាក់ៗមិនទាន់នឹងបានទស្សនាជក់ចិត្តផង ក៏រកឃើញអ្នកឈ្នះ និងអ្នកចាញ់បាត់ទៅហើយ។

លោកថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃអោយមកប្រកួតបានអះអាងថា កីឡាករថៃ ដែលមកប្រកួតជាមួយ រឿម វណ្ណៈ គឺជាជើងខ្លាំងនៅក្នុងប្រទេសថៃ ដោយការប្រកួតរបស់គេគឺមានតម្លៃខ្លួនក្នុងមួយជាង៤ពាន់ដុល្លារឯណោះ ប៉ុន្តែដោយសារតែចង់ស្គាល់ពីការប្រកួតនៅក្នុងប្រទេសកម្ពុជាទើបគេសុខចិត្តឡើងមកប្រកួតក្នុងតម្លៃ១៥០០ដុល្លារនៅទូរទស្សន៍អាស៊ីអាគ្នេយ៍។

លោកប្រកែកថាបើទោះជារឿម វណ្ណៈ ប្រកួតតាមសម្រួលក៏មិនងាយនឹងឈ្នះកីឡាករថៃនោះឡើយ ដោយលោកបញ្ជាក់យ៉ាងខ្លីថា កីឡាកររបស់លោក មានបច្ចេកទេសខ្ពស់ណាស់ ដោយលោកប៉ាន់ស្មានថាឈ្នះរឿម វណ្ណៈ តាំងពីពេលប៉ះគ្នា។

ងាកមកកាន់អ្នកគាំទ្ររបស់រឿម វណ្ណៈ វិញ អ្នកទស្សនាភាគច្រើនបានអះអាងថា កីឡាករ រឿម វណ្ណៈ បោះបង់ការប្រកួតក្នុងទឹកទី១ គឺដោយសារតែគេភ្លាត់សម្រាប់ការវាយលុកនាពេលនោះប៉ុណ្ណោះ។ ការប្រកួតនៅក្នុងថ្ងៃនោះ កីឡាករកម្ពុជាបង្គោលក្រហមត្រូវគេឃើញមានប្រៀបជាងកីឡាករថៃនៅពេលបើកឆាកភ្លាមៗ ដោយកីឡាករថៃមិនសូវហ៊ានស្ទុះវាយចូលខ្លាំង ដើម្បីបង្ហាញពីការប្រយ័ត្នប្រយែងនោះផង។ ប៉ុន្តែផ្ទុយពីគូភាគីដែលវាយជន្លៗ ហើយប្រុងប្រយ័ត្ន កីឡាករ រឿម វណ្ណៈ បែរជាហក់ចូលទាំងកំរោលម្ដងជាពីរដង ហើយការហក់ចូលលើក្រោយដើម្បីអុកកែងទៅលើកីឡាករថៃ Pert Senlek ក៏សើយមួយកែងត្រូវចំគុម្ពថ្គាម ហើយបណ្ដាលអោយកីឡាករកម្ពុជាសន្លប់ភីងស្ដូកស្ដឹងក្រោកតស៊ូលែងរួច។ ក្នុងវីដេអូហាយឡាយ គេឃើញកីឡាករថៃសំណាងធ្វើអោយកីឡាករកម្ពុជាសន្លប់លើរេញដោយសារតែ រឿម វណ្ណៈ លោតអុកមួយមួយ ហើយក៏ត្រូវកីឡាករថៃសើយមួយកែងដោយមិនបាព្រៀងទុកត្រូវចំគោលដៅប៉ុណ្ណោះ ខណៈដែលការប្រកួតនេះ បើជើងខ្លាំងកម្ពុជាប្រកួតអោយស្រួលបួលគឺអាចនឹងឈ្នះក្នុងភាគរយច្រើន ដែលការលើកឡើងនេះ គឺផ្ទុយគ្នាទាំងស្រុងនឹងការយល់ឃើញរបស់លោកថៃ អ៊ូ។

LEAVE A REPLY

Please enter your comment!
Please enter your name here