ព្រឹត្តិការណ៍ Khmer Fight បញ្ចប់យ៉ាងជោគជ័យក្នុងថ្ងៃឆ្លងឆ្នាំ

0

ទទួលបានការចាប់អារម្មណ៍មិនតិចនោះទេ ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ Khmer Fight នៅក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ។
ព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ ត្រូវបញ្ចប់យ៉ាងជោគជ័យ ខណៈដែលព្រឹត្តិការណ៍នេះ ស្ថាប័នប៉ុស្តិ៍លេខ៥ ដែលជាអ្នករៀបចំ ទទួលបានកិត្តិយសយ៉ាងខ្លាំង ជាពិសេសក្នុងថ្ងៃឆ្លងឆ្នាំកាលពីថ្ងៃទី៣១ ធ្នូ ដែលមានអ្នកទស្សនាយ៉ាងកកកុញ។

គ្មានអ្នកមិនចាប់អារម្មណ៍នោះទេ ដោយសារតែជំនួបរវាងកីឡាករកម្ពុជាកម្រិតA និងកីឡាករបរទេសច្រើនគូកាលពីយប់ថ្ងៃទី៣១ ធ្នូ សុទ្ធតែធ្វើរន្ថើនអ្នកគាំទ្រនៅបរិវេណការប្រកួត។ មិនត្រឹមតែប្រកួតគ្នាយកប្រាក់រង្វាន់ដែលមានតម្លៃខ្លួនខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានមេដាយកិត្តិយសម្នាក់មួយ មិនថាអ្នកចាញ់ ឬអ្នកឈ្នះនោះដែរ។

លោក សេង កដិកា អ្នករៀបចំការប្រកួត បានគូសបញ្ជាក់ពីជោគជ័យ ក្រោយបញ្ចប់ការប្រកួតទាំង៤ថ្ងៃថា នេះជាព្រឹត្តិការណ៍លើកដំបូងដែលប៉ុស្ដិ៍លេខ៥ទទួលសិទ្ធិរៀបចំ ដោយការប្រកួតទាំងមូល គឺមានលក្ខណៈដូចគ្នានឹងព្រឹត្តិការណ៍Thai Fight ដែលថៃធ្វើឡើងដើម្បីផ្សព្វផ្សាយក្បាច់គុនរបស់ខ្លួនដូចគ្នា។ លោកថាកីឡាករបរទេសខ្លាំងៗ ត្រូវបានអញ្ជើញមកពីប្រទេសចំនួន១៤ប្រទេស ដោយព្រឹត្តិការណ៍នេះដ្បិតថាទើបតែបានបង្ហាះខ្លួនជាលើកដំបូង ប៉ុន្តែកក្រើកមិនចាញ់ព្រឹត្តការណ៍ Thai Fight ដែលល្បីជាយូរនោះមកឡើយ។
ព្រឹត្តិការណ៍ត្រូវបានគេវាយតម្លៃថា ផ្ទុះកក្រើកក្នុងស្រទាប់មហាជនអ្នកស្នេហាវិស័យប្រដាល់ តាំងពីថ្ងៃបើកឆាកថ្ងៃទី២៨ ធ្នូ និងកាន់តែកក្រើក ហើយទទួលបានការចាប់អារម្មណ៍ទ្វេរដង នៅថ្ងៃបញ្ចប់នៅនៅថ្ងៃទី ៣១ ធ្នូ ដែលជាថ្ងៃឆ្លងឆ្នាំ។ លោកថា ព្រឹត្តិការណ៍ Khmer Fight ជាជំនួបកីឡាករកម្ពុជា និងបរទេស លើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាអ្នករៀបចំ ខណៈដែលការប្រកួតនេះ គឺមានការប្រកួតរវាងកីឡាករកម្ពុជា និងបរទេសសុទ្ធសាធតាំងពីគូរទី១ ដោយកីឡាករម្នាក់ក៍ទទួលបានមេដាយកិត្តិយសបន្ថែមពីលើតម្លៃខ្លួន។ ព្រឹត្តិការណ៍នេះនឹងបន្តបង្ហាញខ្លួនជាលើកទី២ក្នុងពេលឆាប់ៗ ដោយគ្រោងនឹងរៀបចំនៅតាមបណ្ដាខេត្ត ហើយបន្ទាប់មកក៏នឹងរៀបចំនៅក្រៅប្រទេសដូចគ្នានឹងព្រឹត្តិការណ៍Thai Fight។

គួរបញ្ជាក់ផងដែរថា កីឡាករបរទេសដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Khmer Fight ទាំង៤ថ្ងៃនោះ រួមមានកីឡាករជនជាតិវៀតណាម ជនជាតិអ៊ីរង់ ឥណ្ឌា ឡាវ ថៃ បារាំង អឺរ៉ុប និង ទុយនីស៊ីនីជាដើម សរុបចំនួន១៤ប្រទេស ដោយត្រូវប្រកួតជា២ប្រភេទ គឺប្រភេទពាក់កណ្ដាលអាជីព ដែលមានពាក់ឩបករណ៍ការពារក្នុងពេលវាយគ្នា និងការប្រកួតអាជីពរវាងកីឡាករកម្ពុជាGrade A និងកីឡាករបរទេសខ្លាំងៗ ចម្រុះជាតិសាសន៍។

លោក សេង កដិកា បន្តថា កីឡាករដែលទទួលជ័យជម្នះនឹងត្រូវផ្ដល់សិទ្ធិអោយប្រកួតក្នុងព្រឹត្តិការណ៍នេះ ជាលើកទី២ ប៉ុន្តែបើចាញ់២ដង នឹងអស់សិទ្ធិចូលរួមប្រកួតជាថ្មីដូចគ្នានឹងលក្ខណ្ឌរបស់បរទេសដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here