ទីបំផុត យុគ យក្សផ្លែ គេចផុតពីការបរាជ័យក្រោមដៃម្ចាស់ខ្សែក្រវាត់ថៃ

0

គ្មានអ្នកណាមិនដឹងនោះទេ ថាកីឡាករកម្ពុជាយុគ យក្សផ្លែ ធ្លាក់ដៃជាងមុនទៅហើយ ដោយកាលពីពេលមុនគេប្រកួតចាញ់ទាំំងកីឡាករជនជាតិអ៊ីរ៉ង់ដែលទើបប្រកួតបានតិចនោះផង។ អ៊ីចឹងហើយទើបម្នាក់ៗភ្ញាក់ផ្អើល នៅពេលដែលគេអាចការពារលទ្ធផលមិនអោយចាញ់ការប្រកួតទៅបាន នៅពេលប៉ះប្រកួតជាមួយម្ចាស់ខ្សែក្រវាត់មកពីប្រទេសថៃដែលត្រូវគេស្គាល់ថាជាជើងខ្លាំងម្នាក់។

ការប្រកួតអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នោះ កីឡាករថៃ Phat Lertchha ធ្វើអោយអ្នកគាំទ្រញាក់សាច់មិនអន់ទេ ដោយសារតែគេមានកម្លាំងស៊ុហ្វល្អ ហើយបើនិយាយពីបច្ចេកទេសក្នុងការវាយលុកគឺខ្លាំងមិនធម្មតា។

កីឡាករថៃរូបនេះទើបតែមកប្រកួតនៅកម្ពុជាជាលើកដំបូងប៉ុណ្ណោះ តែវត្តមានរបស់គេគឺបន្ទាប់ពីគេដណ្ដើមបានខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមនៅក្នុងប្រទេសថៃ។ ប្រភពពីអ្នកដឹកនាំកីឡាករថៃមកប្រកួតនៅកម្ពុជា បញ្ជាក់ថាកីឡាកររូបនេះ នៅក្នុងប្រទេសថៃគឺមានតម្លៃខ្លួនសែនបាត ប៉ុន្តែមកពីគេចង់ប្រកួតនៅកម្ពុជា ទើបគេស្ម័គ្រចិត្តមកប្រកួតជាលើកដំបូង ដើម្បីចង់ដឹងថាថ្វីដៃរបស់កីឡាករខ្មែរកម្រិតណា។ តាំងពីទឹកទី១ រហូតដល់ទឹកទី៣ កីឡាករយុគ យក្សផ្លែប្រឹងវាយបំបុកខ្លាំងណាស់ ប៉ុន្តែលទ្ធផលគឺវាយសំណាញ់ការងាររបស់កីឡាករថៃមិនបែកនោះឡើយ ដោយបែរជាត្រូវកីឡាករថៃវាយបកអោយផ្ងារជើងដោយអន្លើ។ មួយគូប្រកួតនេះ ធ្វើអោយអ្នកស្នេហាវិស័យកីឡាស្រែកផង ទះដៃផង ដោយសារតែបច្ចេកទេសក្នុងការប្រកួតរបស់គេល្អមើល ហើយទាក់ទាញមិនធម្មតា ដោយម្ចាស់ខ្សែក្រវាត់មកពីប្រទេសថៃ សម្រុកបានល្អ និងធ្វើអោយកីឡាករកម្ពុជាខកបំណងយ៉ាងខ្លាំង។ យ៉ាងណាមិញ កីឡាករកម្ពុជានៅតែអាចទប់ជាប់ ដោយក្រៅពីវាយធ្វើអោយកីឡាករថៃបរាជ័យក្នុងវាយសម្រុកបានល្អ ក៏អាចវាយចូលកីឡាករថៃធ្វើអោយគេញញើតញញើមក្នុងការបញ្ចេញស្នៀតផងដែរ។

មួយគូនេះបញ្ចប់ការប្រកួតដោយលទ្ធផលស្មើ ខណៈដែលកីឡាករកម្ពុជាត្រូវបានគេសរសើរច្រើនជាង ដោយសារតែគេត្រូវគេដឹងថាធ្លាក់ដៃទៅហើយ ប៉ុន្តែនៅពេលប៉ះប្រកួតជាមួយជើងខ្លាំង ស្រាប់តែមានថ្វីដៃនៅលើដូចដើម ហើយអាចបំបាក់កីឡាករថៃអោយបរាជ័យក្នុងការយកឈ្នះ ដោយបានត្រឹមស្មើក្រោយបញ្ចប់៥ទឹក។

LEAVE A REPLY

Please enter your comment!
Please enter your name here