PNN បើកបង្ហាញកម្មវិធីសំខាន់ៗ និង ភាពយន្តថ្មីៗ

0


កាលពីថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០២២ ទូរទស្សន៍ PNN បានរៀបចំពិធីបើកបង្ហាញកម្មវិធីសំខាន់ៗ និង ភាពយន្តថ្មីៗ ដែលខ្លួនត្រៀមដាក់ផ្សាយ យ៉ាងអធឹកអធម ដោយមានសិល្បករសិល្បការិនីយ៉ាងច្រើនកុះចូលរួម។ នេះគឺជាជំនួបថ្នាក់ដឹកនាំ PNN ផលិតករ និង តួសម្ដែងទ្រង់ទ្រាយធំ ដែលស្ថានីយ៍មួយនេះបានរៀបចំឡើង។

កញ្ញា ទូច បុប្ផា អ្នកគ្រប់គ្រងការផ្សាយ និង ជាប្រធានផលិតភាពយន្តនៅ PNN បានលើកឡើងថា តាមរយៈការបោះទុនដ៏ច្រើន របស់ PNN បានជួយអោយកម្មវិធីព័ត៌មាន កម្មវិធីកម្សាន្ត និង ជាពិសេសគឺកម្មវិធីភាពយន្តខ្មែរ កាន់តែត្រូវបានផលិតឡើងយ៉ាងទាក់ទាញ ហើយទទួលបានការគាំទ្រខ្លាំង។ ក្នុងនោះដើម្បីអោយកាន់តែប្រទាញទីផ្សារគាំទ្របន្ថែមទៀត PNN ក៏បានបង្កើនទីផ្សារនាំចូលភាពយន្តល្បីៗរបស់បរទេស ដូចជាភាពយន្តថៃ និង ចិន ដោយបានទិញសិទ្ធិផ្ដាច់មុខនាំចូលភាពយន្តប៉ុស្តិ៍លេខ៣ថៃ ដើម្បីយកមកដាក់ផ្សាយ និង កុងត្រាយកភាពយន្តខ្លាំងៗរបស់ចិន ដើម្បីបំពេញតម្រូវការអ្នកទស្សនា។ PNN ក៏ប្រកាសផលិតកម្មវិធីថ្មីៗ ដើម្បីអោយកាន់តែទទួលបានការគាំទ្រ និង អោយមានចំណីចក្ខុថ្មី សម្រាប់ឆ្នាំ២០២៣ផងដែរ។ កញ្ញាថា មកទល់ពេលនេះ PNN ផលិតបានភាពយន្តល្អៗ និង កម្មវិធីដែលមានប្រជាប្រិយភាពបានជាច្រើន ហើយទន្ទឹមនឹងការបង្កើនកម្មវិធីដែលមានស្រាប់ កម្មវិធីថ្មីៗ ដែលរួមមានកម្មវិធីបង្កើតថ្មី និង ទិញសិទ្ធិពីបរទេសជាច្រើនកម្មវិធី ដែលកំពុងចាក់ផ្សាយ និង ត្រៀមចាក់ផ្សាយជាបណ្ដើរៗផងដែរ។ កញ្ញាថា នេះគឺជាការបង្ហាញអោយឃើញពីសមិទ្ធិផលទាំងអស់ ដែលក្រុមការងារផលិតបាន ហើយនៅក្នុងការបង្ហាញអោយឃើញនូវកម្មវិធីសំខាន់ៗទាំងនោះ PNN ក៏ភ្ជាប់ជាមួយនឹងការដាក់សម្ពោធភាពយន្តមួយចំនួនផងដែរ ដោយរាល់ការបង្ហាញភាពយន្តមួយរឿងៗ ក៏មានតួសំខាន់ឡើងបង្ហាញពីសាច់រឿងខ្លី។

ជាមួយនឹងការបង្ហាញកម្មវិធី និង តួអង្គដ៏គួរអោយទាក់ទាញនោះ បានបង្ហាញកាន់តែច្បាស់ថា PNN គឺជាស្ថាប័នដែលមានទស្សនៈវែងឆ្ងាយ ក្នុងការចូលរួមលើកស្ទួយវិស័យភាពយន្តខ្មែរ និង សិល្បៈខ្មែរ ដែលកាន់តែធ្វើអោយតារាខ្មែរច្រើនឡើង ទាំងមានទីផ្សារ មានប្រាក់ចំណូល និង បានស្មើមុខស្មើមាត់ នឹងប្រទេសជិតខាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here