ម្នាក់កំប្លែង ម្នាក់អាយ៉ៃ ម្នាក់ពូកែសម្ដី…កំពូលតារាជើងចាស់3ដួងប៉ះគ្នាក្នុងរឿង «លោកគ្រូ ប្រពន្ធល្អ»

0

អត្ថបទ៖ Neath

អស់រយៈពេលជាច្រើនឆ្នាំ​ហើយដែលវីរៈសិល្បករអាយ៉ៃសម្បូរវោហាតែមួយគ្មានពីរលោក ព្រហ្ម​ ម៉ាញ បានសំរាកពីការសម្ដែងភាពយន្ត​​ តែពេលនេះលោកបានត្រឡប់មកផ្ដល់ភាពសប្បាយរីករាយជូនអ្នកគាំទ្រជាថ្មីម្ដងទៀតតាមរយៈភាពយន្តថ្មីរឿង « លោកគ្រូ ប្រពន្ធល្អ » របស់ផលិតកម្ម Kongchak Pictures ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត លោកក៏បានសម្ដែងប៉ះគ្នាជាមួយនឹងកំពូលតារាជើងចាស់រូបសម្រស់ស្រស់សង្ហារមិនចាញ់ក្មេងជំនាន់ក្រោយលោក ទេព រិន្ទដារ៉ូ និង កំពូលតារាកំប្លែងអ្នកនាង គ្រត ដែលញ៉ំាងឱ្យឈុតឆាកនៅក្នុងភាពយន្តកាន់តែគួរឱ្យចាប់អារម្មណ៍ និងគួរឱ្យចង់តាមដាន។

លោក ឆាយ បូរ៉ា អ្នកដឹកនាំរឿងនេះបានមានប្រសាសន៍ថា៖ ក្រៅពីមានសាច់រឿងកំប្លុកកំប្លែង មនោសញ្ចេតនា ស្នេហា និង គ្រួសារ រឿង « លោកគ្រូ ប្រពន្ធល្អ » សង្កត់ធ្ងន់ឱ្យឃើញពីទឹកចិត្តគ្រូបង្រៀនម្នាក់ដែលជា តថភាពជាក់ស្ដែងធ្វើឱ្យហ្វេនៗអ្នកទស្សនាបានរំឮកដល់ជីវិតកាលនៅជាសិស្សសាលា ក៏ដូចជាសារក្រើនរំឮកទៅដល់ប្អូនៗសិស្សានុសិស្សដែលកំពុងស្ថិតក្នុងវ័យសិក្សា ពិសេសកម្រិតថ្នាក់វិទ្យាល័យឱ្យជ្រាបកាន់តែច្បាស់អំពីទឹកចិត្ត ការលះបង់បង្ហាត់បង្រៀន ព្រមទាំងការមើលថែរផ្នែកបញ្ញាស្មារតី របស់លោកគ្រូអ្នកគ្រូ ដែលជាមាតាបិតាទី2 ចំពោះប្អូនៗក្នុងរយៈពេលកន្លងមក។ ពិសេសសាច់រឿងក៏បានបង្ហាញពីអារម្មណ៍រំភើបរបស់ប្អូនៗសិស្សានុសិស្សដែលកំពុងប្រឡងថ្នាក់ជាតិត្រូវនឹងបរិបទបច្ចុប្បន្នដែលប្អូនៗថ្នាក់ទី12 ក៏កំពុងកៀកកិតដល់ថ្ងៃប្រឡងមធ្យមសិក្សាទុតិយភូមិឱ្យបានត្រៀមខ្លួនទុកជាមុនផងដែរ។

ក្នុងនោះលោកក៏បាន លើកសរសើរពីសមត្ថភាពតួអង្គនៅក្នុងរឿង ជាពិសេសគឺលោក ព្រហ្ម ម៉ាញ ដែលជាតួអង្គស្នូលដ៏សំខាន់មួយនៅក្នុងរឿងទាំងមូលចំពោះ សមត្ថភាពនៃការសម្ដែង និង ទេព្យកោសល្យចូលតួបានល្អដ៏ប៉ិនប្រាសព្វដែលអាចធ្វើឱ្យផ្ទៃរឿងកាន់តែមានភាពរស់រវើក និង ថែមថយទៅដោយភាពកំប្លែងស្ងួតតាមរយៈទឹកមុខ និង កាយវិការសម្ដែងរបស់លោក ព្រហ្ម ម៉ាញ។ លោកថា ជាការភ្ញាក់ផ្អើលមួយដែរ ក្រោយស្ងាត់សកម្មភាពសិល្បៈមួយរយៈធំ និង ធ្លាប់តែឃើញលោកច្រៀងអាយ៉ៃ ឬ សម្ដែងល្ខោននៅលើឆាក ប៉ុន្តែងាកមកមើលសម្ថភាពក្នុងការសម្ដែងភាពយន្តចាត់ទុកថា លោក ព្រហ្ម ម៉ាញ នៅតែខ្លាំង និង ពិសេសនៅពេលប៉ះជាមួយកំពូលតារាសម្ដែងលោក ទេព រិន្ទដារ៉ូ និង អ្នកនាង គ្រត ក៏ដូចជាតួអង្គក្មេងៗស្រករក្រោយលោកនៅតែអាចចូលតួបានយ៉ាងល្អស៊ីគ្នា ជាមួយនឹងសាច់រឿង មិនតែប៉ុណ្នោះលោកជារៀមច្បងមួយរូបដែលមានទំនួលខុសត្រូវខ្ពស់ជាមួយនឹងការងារ ក៏ដូចជា គោរពពេលវេលាបានល្អខ្លាំង សាកសមនឹងកិត្តិនាមជាវីរៈសិល្បករដែលអ្នកសិល្បៈជំនាន់ក្រោយគួរតែយកគម្រូតាម។

នៅក្នុងថ្ងៃ Screening day ដែលជាថ្ងៃដាក់បញ្ចាំងរឿង មុនថ្ងៃសម្ភោធជាផ្លូវការ ក្នុងឱកាសជួបជុំហ្វេនៗដែលឈ្នះរង្វាន់ និង ទទួលបានសំបុត្រចូលទស្សនាភាពយន្ត Free ក៏ដូចជាជួបជុំភ្ញៀវVIP នៅក្នុងរោងភាពយន្ត Legend Cinema ក្នុងផ្សារទំនើប Olympia កាលពីថ្ងៃទី 29 ខែ កញ្ញា ឆ្នាំ 2022 មុននេះឃើញថាបន្ទាប់ពីបានទស្សនារឿងនេះរួចមក ម្នាក់ៗហាក់បង្ហាញនូវអារម្មណ៍រំភើប កោតសរសើរ និង មានសេចក្ដីនឹករលឹកចំពោះលោកគ្រូអ្នកគ្រូដែលខ្លួនធ្លាប់បានរៀនជាមួយកន្លងមក។ សាច់រឿងទាំងមូលបានក្លាយទៅជារូបភាពចាក់ដោតអារម្មណ៍អ្នកទស្សនានៅក្នុងរោងភាពយន្តទាំងមូលឱ្យនឹកដល់ជីវិតកាលរៀនថ្នាក់វិទ្យាល័យ ពិសេសធ្វើឱ្យចងចាំនូវអនុស្សាវរីយ៍ល្អៗជាមួយនឹងមិត្តភក្កិ ក៏ដូចជាកំហុសខុសឆ្គងដែលកើតឡើងដោយអចេតនាចំពោះមាតាបិតាទី2នៅសាលា។ ម្យ៉ាងសាច់រឿងក៏ជាសារមួយដាស់តឿនដល់ប្រជាជនខ្មែរយើងឱ្យជៀសវាងពីការប្រព្រឹត្តនូវល្បែងមួយចំនួនដែលនាំឱ្យមានការខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាបាត់បង់កិត្តិយស នាំឱ្យមានភាពរកាំរកូសនៅក្នុងគ្រួសារ ដែលជាឆាកមួយគួរតែយកទៅពិចារណាជៀសផុតការចាញ់បោកផ្សេងៗនាំឱ្យស្ដាយក្រោយ។

« លោកគ្រូ ប្រពន្ធល្អ » ធានាថាល្អមើល ពិសេសធ្វើឱ្យនឹកដល់អតីតកាលថ្នាក់វិទ្យាល័យ មានអនុស្សាវរីយ៍អ្វីខ្លះជាមួយលោកគ្រូភាសាខ្មែរ?? កុំភ្លេចណាបងប្អូនទាំងអស់គ្នា ពិសេសប្អូនៗសិស្សានុសិស្សថ្នាក់ទី12 មកទទួលនូវអារម្មណ៍រំភើបចុងឆ្នាំនាពេលការប្រឡងថ្នាក់ជាតិជិតចូលមកដល់ …សូមចូលរួមគាំទ្រភាពយន្តខ្មែរយើងទាំងអស់គ្នា ដែលនឹងត្រៀមបើកសម្ភោធនៅថ្ងៃទី 3 ខែតុលា និង ធ្វើការចាក់បញ្ចាំងជាផ្លូវការគ្រប់រោងភាពយន្តចំថ្ងៃ ទិវាគ្រូបង្រៀនតែម្ដងនៅ ថ្ងៃទី 5 ខែ តុលា ខាងមុខនេះ!!!

LEAVE A REPLY

Please enter your comment!
Please enter your name here