បរិបទ2រួមបញ្ចូលគ្នាតែមួយ ទាំងមនោសញ្ចេតនា រន្ធត់ និង កំប្លែងសើចចុកពោះ មាននៅក្នុងរឿង « វិញ្ញាណឃ្លានស្រឡាញ់ » ធានាល្អមើល និងប្លែកភ្នែក

0

អត្ថបទ៖ Neath

កាលពីព្រឹកថ្ងៃទី 22 ខែសីហា ឆ្នាំ2022 មុននេះ ផលិតកម្ម សហប្រាំពីរ បានធ្វើពិធីក្រុងពាលីរឿងថ្មីរបស់ខ្លួនដែលមានចំណងជើងថា « វិញ្ញាណឃ្លានស្រឡាញ់ » ដែលកំពុងដំណើរការថតបានប្រហែល 20% ហើយក៏នឹងត្រៀមចាក់បញ្ចាំងនៅលើស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍លេខ5 ក្នុងពេលឆាប់ៗខាងមុខនេះ។ កម្មវិធីក្រុងពាលីលើករាសីដើម្បីចេញថតរឿងនេះផងដែរ បានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណគេហដ្ឋាន អភិមង្គល ដែលជាទីតាំងមួយដ៏សំខាន់នៅក្នុងផ្ទៃរឿងទាំងមូលតែម្ដង។

រឿងនេះដែរត្រូវបាននិពន្ធឡើងដោយផលិតករឆ្នើមលោក សោម ដូរ៉េ ដោយសាច់រឿងទាំងមូលចំណាយពេលចេញថតប្រមាណជិត3ខែ និង មានចំនួន 40ភាគ ហើយក្នុងមួយភាគមានរយៈ40 នាទី។ ក្នុងនោះមានការចូលរួមសម្ដែងដោយតួអង្គសំខាន់ៗរួមមានលោក ហង្ស សម្បើមស័ក្ក, កញ្ញា មុន្នី រស្មី, ពិធីករហង្សមាសលោក នាង វ៉ាន់សាន់, កញ្ញា វ៉ាន់ នីវ៉ា, អ្នកនាង វ៉ាន់ លីលី, តារាកំប្លែង កញ្ញា ជ្រូកព្រៃ,លោក គៀត ថារ៉ាវ៉ាត់, លោក ហេង កូស៊ីន និង តារាកិត្តយសជារូបទៀត។ ចំពោះទីតាំងគឺផលិតករសម្រាំងយកប្លង់នៅតាមបណ្ដាខេត្តដូចជា សៀមរាប រតនគិរី និង ខេត្តផ្សេងៗមួយចំនួនទៀត ពិសេសក៏មានប្លង់នៅក្នុងក្រុងភ្នំពេញយើងផងដែរជាជាពិសេសគឺនៅក្នុងគេហដ្ឋាន អភិមង្គល ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្ដាញសង្គម ព្រមទាំងសារព័ត៌មាន។

រឿង « វិញ្ញាណឃ្លានស្រឡាញ់ » ជាប្រភេទខ្សែរភាពយន្តភាគទូរទស្សន៍បែបមនោសញ្ចេតនា ស្នេហា 3 in 1 រវៀងមនុស្ស និង ខ្មោច 2បរិបទផ្សេងគ្នារួមបញ្ចូលគ្នាតែមួយជាមួយជំនឿបែបអរូបិយដែលមានតាំងពីបុរាណកាលខ្មែរយើងលាយជាមួយនឹងជំនឿបែបវិទ្យាសាស្ត្រ ព្រមទាំងមានឈុតឆាកកំប្លែងឆ្នៃប្រឌិតបែបសម័យថ្មី ហើយក៏មានបង្កប់នូវតម្លៃអប់រំយ៉ាងរំជួលចិត្ត គ្រប់ពាក្យពេចន៍ គ្រប់ឈុតឆាកគឺមានការកាច់កុងឌឺដង ផ្លែផ្កា ដែលជារសជាតិថ្មីមួយបែបអាចធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថាប្លែកភ្នែក និង ចង់តាមដានពីមួយភាគទៅមួយភាគ។ ក្រៅពីសម្រាំងយកនូវប្លង់ថតរួមទាំងសាច់រឿងទាំងមូល ផលិតករបានផ្ដោតសំខាន់ទៅលើគុណភាពនៃបច្ចេកទេសកាមេរ៉ា និង ការកាត់តដែលជាផ្នែកមួយជម្រុញឱ្យផ្ទៃរឿងកាន់តែមានគុណភាពទាំងតួអង្គសម្ដែង និង ការថតដើម្បីឱ្យអ្នកទស្សនាទទួលបាននូវទិដ្ឋភាពយ៉ាងត្រជាក់ភ្នែក។

លោកសង្ឃឹមថាពេលរឿងនេះធ្វើការចាក់ផ្សាយនៅលើទូរទស្សន៍នឹងទទួលបានការគាំទ្រពីសំណាក់ប្រជាជនខ្មែរ ពិសេសប្រិយមិត្តអ្នកតាមដានរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5ផ្ទាល់តែម្ដង។