ទាំងស្អាត ទាំងមានសមត្ថភាព តែម្ចាស់ស្ពតសិប្បកម្មវ៉ារី នៅតែប្រកាសជំហរមិនថតកុន

0

ខុសពីអ្នកមានឱកាសបង្ហាញមុខក្នុងការសម្ដែងភាគច្រើនដែលបន់អោយមានការចាប់អារម្មណ៍ ហើយអញ្ជើញអោយទទួលសម្ដែងដើម្បីអោយលេចធ្លោក្នុងសិល្បៈ អ្នកនាង កូវ ច័ន្ទសុវណ្ណារិទ្ធិ ដែលអ្នកសិល្បៈស្គាល់ថា បងភាពៗ បែរជាបានប្រកាសថាអ្នកនាងមិនត្រូវការទីផ្សារសម្ដែងនោះទេ ដោយទោះជាត្រូវផលិតករអញ្ជើញអោយសម្ដែងរឿងក្រោយលេចធ្លោក្នុងស្ពតសិប្បកម្មវ៉ារី ក៏អ្នកនាងមិនទទួល។

អ្នកនាងបានទាំងប្រកាសថានឹងសម្ដែងតែក្នុងស្ពតដែលអ្នកនាងរៀបចំ និងដឹកនាំដោយផ្ទាល់ខ្លួនប៉ុណ្ណោះ ខណៈដែលក្នុងពេលដ៏ខ្លី គឺអអ្នកនាងនឹងបញ្ចេញស្ទីលថ្មីៗក្នុងស្ពតសិប្បកម្មវ៉ារី ទឹកម្ទេសខ្មែរ ទៀត តែមិនទទួលសម្ដែងអោយផលិតករខាងក្រៅ។

អ្នកនាង កូវ ច័ន្ទសុវណ្ណារិទ្ធិ ហៅភាព បានថ្លែងអោយដឹងពីជំហរក្នុងពិធីខួបកំណើតរបស់កវីនិពន្ធហង្សមាស លោក ទ្រី សក្កាដា កាលពីថ្ងៃទី១៩ តុលា ថា ហេតុផលដែលអ្នកនាងមិនសម្ដែងអោយផលិតករផ្សេងដែលបានទាក់ទង ក្រោយពេលបានឃើញអ្នកនាងលេចមុខក្នុងស្ពតសិប្បកម្មវ៉ារី គឺដោយសារតែអ្នកនាងមិនទុកចិត្តសមត្ថភាពសម្ដែងកុនរបស់ខ្លួន និងសំខាន់បំផុតគឺអ្នកនាងមិនមានពេលទំនេរ។

អ្នកនាងថារាល់ថ្ងៃក្រៅពីរវល់នឹងមុខជំនួញសិប្បកម្មវ៉ារី ដែលអ្នកនាងបោះទុនអស់ប្រាក់ជាច្រើន អ្នកនាងក៏មានមុខជំនួញផ្សេងទៀតផងដែរ ដូចជាបានបើកហាង
«រស្មីសាច់អាំង»នៅខាងក្រោយសាលាបឋមសិក្សាទួលគោក ជាដើម អ៊ីចឹងហើយទើបអ្នកនាងប្រកាន់ជំហរដាច់ខាតថាមិនទទួលសម្ដែងកុន ឬសម្ដែងអោយផលិតករណាមួយទេ ក្រៅពីសម្ដែងក្នុងស្ពតរបស់ខ្លួន បើទោះជាអ្នកនាងស្រឡាញ់សិល្បៈ។ អ្នកនាងថាមានផលិតករមិនតិចនោះទេ បានស្នើអោយអ្នកនាងសម្ដែងមួយរឿង ទុកជាអនុស្សាវរីយ៍ និងខ្លះស្នើអោយសម្ដែងក្នុងMV ខារ៉ាអូខេខ្លះផង ប៉ុន្តែអ្នកនាងនៅតែមិនទទួល។

អ្នកនាងបង្ហាញសមត្ថភាពក្នុងស្ពតទី២ឆាប់ៗ ដោយក្រោយពីទទួលបានការចាប់អារម្មណ៍ក្នុងការសម្ដែងជាតួបែបបុរាណ អ្នកនាងក៏នឹងសម្ដែងជាតួបែបសម័យក្នុងស្ពតថ្មីរបស់សិប្បកម្មវ៉ារី ដែលអ្នកនាងគឺជាអ្នកដឹកនាំដោយផ្ទាល់ខ្លួននោះផង។

អ្នកនាងត្រូវបានគេសរសើរថាជាម្ចាស់ជំនួញវ័យក្មេង ដែលមានសមត្ថភាពមិនចាញ៉តារាអាជីព លើការសម្ដែង អមដោយរូបសម្រស់ក៏ស្រស់សោភា ទើបម្នាក់ៗភ្ញាក់ផ្អើលនៅពេលអ្នកនាងប្រកាសជំហរថា មិនត្រូវការបង្ហាញមុខក្នុងភាពយន្ត ក្នុងពេលដែលបុគ្គលដែលមានឱកាសបានក្លាយជាអ្នកសិល្បៈច្រើននាក់ ចង់សម្ដែង។

អ្នកនាង ភាព បន្តថា អ្នកនាងមានគម្រោងបោះទុនបើកផលិតកម្មផលិតថតកុន ដែលអាចទទួលថតស្ពតក្នុងពេលខាងមុខ ប៉ុន្តែបណ្ដាលមកពីអ្នកនាងរវល់នឹងការងារមុខជំនួញពិបាកដកឃ្លា ទើបអ្នកនាងមិនទាន់ពិចារណា។ យ៉ាងណាមិញ អ្នកនាងថាប្រសិនបើមានការទទូចពីតារាសិល្បៈ និងមហាជនភាគច្រើន ដើម្បីអោយអ្នកនាងចូលរួមជួយចូកជួយចែវដល់អ្នកសិល្បៈ នោះអ្នកនាងនឹងអាចបោះទុន ដោយសារតែអ្នកនាងក៏ស្រឡាញ់ និងចង់លើកស្ទួយវិស័យសិល្បៈខ្មែរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here