ហែលឆ្លងពីតារាសិល្បៈដែលធ្លាប់តែថតរាយរង និង ពេលខ្លះមានឱកាសថតតាមក្លិបសិល្បៈ ដោយមិនសូវមានគេអោយតម្លៃ ពេលនេះតារាសម្ដែង លោក គីម ផាន់ណាវីត កាន់តែរំកិលខ្លួននៅក្នុងសិល្បៈ។ មិនត្រឹមតែបានថស្ពតធំៗ និង មានឱកាសថត MV ល្បីៗរបស់ផលិតកម្មធំៗ ដូចជាផលិតកម្ម Galaxy ជាដើម លោកក៏ត្រូវបានផលិតករចាប់អារម្មណ៍អោយសម្ដែងជាតួឯកផងដែរ។ មិនយូរនោះទេ អ្នកគាំទ្រភាគច្រើននឹងបានឃើញលោកបង្ហាញខ្លួននៅក្នុងភាពយន្តភាគ និង រឿងអប់រំខ្លី ខណៈដែលប្រភពព័ត៌មានបានលើកឡើងថា ផលិតករកាន់តែច្រើនកំពុងទាក់ទងអោយលោកសម្ដែងជាតួឯក ដោយតម្លៃខ្លួនក្នុងការថតរបស់លោក ក៏មិនដូចគ្រាមុននោះដែរ។
ពាក់ព័ន្ធនឹងព័ត៌មាននេះ តារាសម្ដែងរូបសង្ហាលោក គីម ផាន់ណាវីត បានទទួលស្គាល់ថា ធៀបនឹងរយៈពេលមុន ការងារសិល្បៈរបស់លោកគឺពិតមានការឈានឡើងខុសពីមុនប្រាកដមែន ដោយលោកស្ទើរមិនសូវមានពេលនៅផ្ទះ ព្រោះតែជាប់កុងត្រាចេញថតមិនសូវលោះពេលនោះផង។ យ៉ាងណាក៏ដោយលោកមិនទាន់មានឱកាសបានសម្ដែងជាតួឯកនៅឡើយទេ តែលោកបានសម្ដែងជាតួអមៗតួឯកស្ទើរតែគ្រប់ស្នាដៃ ដែលលោកចាត់ទុកថា នេះគឺជាជំហានស្មើមុខស្មើមាត់ធំមួយ ក្រោយពេលតស៊ូក្នុងសិល្បៈ។ នៅដើមឆ្នាំ២០២២នេះ លោកថាមានផលិតកម្មចំនួន២បានទម្លាក់ភាពយន្តចំនួន២ផ្សេងគ្នាអោយលោកសម្ដែងជាតួឯក ដោយផលិតករផ្សេងទៀត កំពុងតែពិចារណាដើម្បីផ្ដល់ភាពយន្តអោយលោកបានសម្ដែងជាតួឯកព្រមគ្នា។
លោករំពឹងយ៉ាងខ្លាំង ថាខ្លួននឹងមានសមិទ្ធិផលត្រូវសម្ដែងជាតួឯកឆាប់ៗ ហើយប្រសិនអ្វីៗមានការប្រែប្រួល ក៏លោកយល់ថាទីផ្សារសិល្បៈរបស់លោកកំពុងឈានឡើងក្នុងរយៈពេលចុងក្រោយផងដែរ ព្រោះផលិតករភាគច្រើនមិនដែលអោយលោកសម្ដែងជាតួតូចដូចមុនទេ ថ្វីដ្បិតតែឱកាសតួឯកនៅមិនទាន់ពេញលេញ។ លោកថាសប្បាយចិត្តដែលខ្លួនចាប់ផ្ដើមមើលឃើញពន្លឺជោគជ័យ តែលោកក៏ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាព និង ថែរក្សាមុខមាត់ និង រូបរាងអោយនៅស្រស់សង្ហាដើម្បីទាក់ទាញឱកាសសម្ដែង និង ការគាំទ្រអោយកាន់តែខ្លាំងពីមួយជំហានទៅមួយជំហានផងដែរ។