ចូលម្លប់ ស្ប៉ា និង សាឡន បន្តលក់ហ្វ្រេនឆាយ

0

កាលពីថ្ងៃទី២៥ តុលា ឆ្នាំ២០២១ មុននេះ ក្រុមហ៊ុនអាជីវកម្មយីហោ ចូលម្លប់ ស្ប៉ា និង សាឡន បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែក្រុមហ៊ុននេះ បានប្រកាសពីការផ្ដល់សិទ្ធិអោយម្ចាស់អាជីវកម្មចំនួន៥នាក់ផ្សេងគ្នា ក្នុងគម្រោងបើកហាងស្ប៉ា និង សាឡន យីហោ ចូលម្លប់ ដែលជាសាខាថ្មី ក្រោមការមើលខុសត្រូវរបស់ក្រុមហ៊ុនចូលម្លប់ដោយផ្ទាល់។ នៅក្នុងពិធីនោះ ក៏មានការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលថែរក្សាសម្រស់ និង សាឡនល្បីឈ្មោះ២របស់ប្រទេសកូរ៉េ និង ជប៉ុនដើម្បីនាំចូលផលិតផលទាំងនោះផ្ដាច់មុខផងដែរ ដែលបង្ហាញពីការឈានឡើងនៃវិស័យសាឡន នៅកម្ពុជា។

លោកស្រី ស្រ៊ុន សុភ័ក្ត្រា អគ្គនាយិកាក្រុមហ៊ុន ចូលម្លប់ ស្ប៉ា និង សាឡន បានលើកឡើងថា ដោយសារតែការរីកចំរើន ទើបហាងរបស់លោកស្រីនៅតែដំណើរយ៉ាងរលូនទាំង៦សាខាដែលមានស្រាប់ ហើយដោយសារតែការគ្រប់គ្រង និង ស្ដង់ការផ្នែកអាជីវកម្មទើបមានម្ចាស់ជំនួញចំនួន៥នាក់ សម្រេចចិត្តទិញសិទ្ធិយកទៅបើកបន្ត ដែលជាហេតុនាំអោយមានពិធីចុះកិច្ចព្រមព្រៀងនេះឡើង។ ម្ចាស់ហ្វ្រេនឆាយទាំង៥ នឹងគម្រោងបើកស្ប៉ា និង សាឡន យីហោ ចូលម្លប់ នៅសាខាហេងលី សាខាបឹងកក់ សាខាឈូកមាស សាខាជ្រោយចង្វារ និង សាខាចម្ការដូង។ លោកស្រីថា ក្នុងការលក់សិទ្ធិនេះ អតិថិជនមានទឹកប្រាក់ត្រឹមតែរង្វង់១៥ម៉ឺនដុល្លារឡើងទៅប៉ុណ្ណោះ ហើយក្រុមហ៊ុនចូលម្លប់ ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ គ្រប់គ្រង និង បណ្ដុះបណ្ដាលអ្នកជំនាញអោយ ដោយការគ្រប់គ្រងផលចំណេញ ក៏ជាបន្ទុករបស់លោកស្រីផងដែរ។

លោកស្រីថាសប្បាយចិត្ត ដែលក្នុងនាមលោកស្រីគឺជាកូនខ្មែរម្នាក់ តែអាចបង្កើតប្រេនហាងស្ប៉ា និង សាឡនមួយបានដោយជោគជ័យ ដោយមានទាំងការទិញសិទ្ធិយកទៅបើកសាខាបន្តផង។ ក្នុងពេលបន្តបន្ទាប់ លោកស្រីក៏នឹងបន្តលក់សិទ្ធិបើកសាខាថ្មីបែបនេះ ដើម្បីពង្រីកយីហោចូលម្លប់ អោយមានគ្រប់កន្លែង និង កាន់តែទូលំទូលាយផងដែរ។ លោកស្រីថា ហាងចូលម្លប់ ក៏កំពុងបង្កើនការបង្រៀនសិស្ស ដើម្បីទទួលខុសត្រូវក្នុងការគ្រប់គ្រងលើជំនាញស្ប៉ា និង សាឡន ផ្ដល់ជូនដល់ម្ចាស់សាខាទាំងអស់ ដែលនឹងត្រៀមដំណើរការ។ ការរីកចំរើនរបស់ក្រុមហ៊ុន ក៏បង្ហាញពីការវិវត្តន៍របស់ជំនួញផ្នែកស្ប៉ា និង សាឡន នៅកម្ពុជាផងដែរ៕


LEAVE A REPLY

Please enter your comment!
Please enter your name here