ភិន សុដាលីស ថ្លែងសារ ក្រោយជួបក្មេងៗដោយផ្ទាល់ ក្នុងសហគមន៍ដាច់ស្រយាល

0

កាលពីថ្ងៃទី២៩ កញ្ញា តារាសម្ដែង អ្នកនាង ភិន សុដាលីស បានចុះទៅដល់សហគមន៍ដាច់ស្រយ៉ាលមួយកន្លែងក្នុងភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ក្នុងខេត្តកំពង់ចាម ដោយក្រៅពីបានចូលរួមប្រគល់តុកៅអី និងសម្ភារៈសិក្សា ជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងសហគមន៍នោះ អ្នកនាងក៏បានអំពាវអោយមានការចូលរួមជួយដល់ក្មេងៗដែលរស់នៅនៅក្នុងតំបន់ទាំងនេះអោយកាន់តែច្រើនផងដែរ។ អ្នកនាងថាប្រកាសថាខ្លួន នឹងបន្តរួមចំណែកអោយបានខ្លាំង បំផុសអោយមានការចាប់អារម្មណ៍ចំពោះគម្រោងសប្បុរសធម៌ដល់តំបន់ដាច់ស្រយាលទាំងនេះ ខណៈដែលអ្នកនាងយល់ថាមានតែការរួមចំណែកបំផុសពីតារាសិល្បៈប៉ុណ្ណោះ ទើបអាចពាំនាំអោយសប្បុរសជនបានដឹងបានលឿន នូវកង្វះខាតរបស់ក្មេងៗ ដែលរស់នៅដាច់ឆ្ងាយពីតំបន់ប្រជុំជន។

អ្នកនាង ភិន សុដាលីស និយាយថា ជាលើកទី១ដែលអ្នកនាងក្នុងនាមជាអ្នកចាត់ចែងផលិតកម្មមហាហង្ស និងលោកឪពុក បានចុះមកដល់សហគមន៍ដែមានចម្ងាយឆ្ងាយ និងដាច់ស្រយាល នៅក្នុងខេត្តកំពង់ចាម ដោយតំបន់ដែលអ្នកនាងបានចុះទៅជួយ គឺឆ្ងាយពីតំបន់ប្រជុំ ហើយមានការពិបាកក្នុងការរស់នៅ និងរៀនសូត្រច្រើន។ កញ្ចប់ជំនួយដែលបានប្រគល់ជូនដល់សាលាបឋមសិក្សាក្នុងភូមិតាម៉ៅនោះ អ្នកនាងថាមានចំនួនប្រមាណជាង៤ពាន់ដុល្លារ ដោយសរុបទាំងការចំណាយលើសម្ភារៈសិក្សាដែលបានផ្ដល់ជូនក្នុងថ្ងៃប្រគល់ជូន និងការចាត់ចែងផ្សេងៗផង គឺក្រុមការងារចំណាយអស់ប្រមាណជា៦ពាន់ដុល្លារ។ ហេតុផលដែលនាំអោយមានការប្រគល់ជូននូវអំណោយជាទ្រង់ទ្រាយធំនោះ គឺដោយសារតែខាងសហគមន៍បានដាក់សំណើរសុំអោយមហាហង្សជួយដល់ក្មេងៗ និងសាលា ស្របគ្នាដែលខាងផលិតកម្មក៏មានកញ្ចប់បម្រុងទុក។

ថវិកាដែលបានប្រគល់ជូនជាកញ្ចប់នេះ បានពីការកាត់ផលចំណេញរបស់ផលិតកម្មមហាហង្ស និងមួយផ្នែកតូចបានពីការរួមចំណែកពីតារាសិល្បៈ និងពីសប្បុរសជននានា។ នេះជាលើកទី២ហើយ ដែលមូលនិធិរបស់ផលិតកម្មមហាហង្សបានធ្វើអំណោយជាទ្រង់ទ្រាយច្រើនពាន់ដុល្លារក្នុងកិច្ចការសង្គម បន្ទាប់ពីលើកទី១ ក៏បានផ្ដល់ជូនដល់មណ្ឌលកុមារកំព្រាមួយកន្លែង។ យ៉ាងណាមិញ អ្នកនាងថាខ្លួននឹងមានគម្រោងជួយដល់សាលាបឋមសិក្សាតាម៉ៅ បន្តទៀត ដើម្បីសម្រួលដល់ការលំបាកដែលសាលាជួបប្រទះ ប្រសិនបើកញ្ចប់បម្រុងទុករបស់ផលិតកម្មលើកក្រោយ មិនត្រូវបានសហគមន៍ដាច់ស្រយាលណាផ្សេងស្នើសុំ។

អ្នកនាង ភិន សុដាលីស និយាយថា អ្នកនាងសប្បាយចិត្តណាស់ ដែលបានចុះទៅដល់ដោយផ្ទាល់ដល់ក្នុងសហគមន៍ ដែលស្ថិតនៅទីដាច់ស្រយាលនោះ ដោយអ្នកនាងសម្ដែងការបារម្ភថាបើសហគមន៍មានត្រឹមតែថ្នាក់ទី៦ ហើយខ្វះលោកគ្រូអ្នកគ្រូបង្រៀនដូចសព្វថ្ងៃ ចុះបើក្មេងៗទាំងនោះត្រូវរៀនបន្តនៅអនុវិទ្យាល័យ និងវិទ្យាល័យ ហើយគ្មានលទ្ធភាពមករៀននៅទីរួមខេត្ត ឬទីប្រជុំ តើជាការលំបាកប៉ុណ្ណា។ អ្នកនាងថាបើក្នុងសហគមន៍នេះមានកម្រិតសិក្សាដល់ថ្នាក់បាក់ឌុប ហើយមានលទ្ធភាពជាងនេះ គឺរឿងប្រសើរបំផុត។

អ៊ីចឹងហើយទើបអ្នកនាងចង់រួមចំណែកអំពាវអោយមានការជួយសម្រូលដល់កង្វះខាតរបស់ក្មេងៗដែលមានបញ្ហាចោទរឿងសម្ភារៈសិក្សា និងបញ្ហាជីវភាពទៅទៀត ដើម្បីកុំអោយក្មេងៗទាំងនោះកាន់តែមានឱកាសជាងនេះ។ អ្នកនាងថាខ្លួនរំភើបចិត្តខ្លាំង ដែលឃើញក្មេងៗបានទទួលអំណោយនៅក្នុងថ្ងៃនោះ ហើយពួកគេម្នាក់ៗបង្ហាញ អារម្មណ៍ត្រេកអរ ដែលធ្វើអោយអ្នកនាងកាន់តែមានទឹកចិត្តក្នុងការបំផុស អោយយកចិត្តទុកដាក់លើក្មេងនៅក្នុងសហគមន៍ដាច់ស្រយាលថែមទៀតដោយអ្នកនាងបង្ហើបថាស្ថានភាពក្មេងៗទាំងនេះ គួរតែត្រូវបានជួយជាងក្មេងៗដែលរស់នៅក្នុងតំបន់ប្រជុំជន។

នៅក្នុងពិធីនោះ គេឃើញវត្តមាន លោក អ៊ិន សុភិន ម្ចាស់ផលិតកម្ម លោក ភឹម តារាវិបុល លោកអូន ឧស្សាហ៍ លោក សួន រ៉ានីរ៉ាស៊ីនី និងក្រុមផលិតមហាហង្ស សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ចំពោះក្មេងៗ ដោយបានធ្វើអោយក្មេងទាំងនោះបានសើចសប្បាយបន្ថែមពីលើប្រគល់សម្ភារៈសិក្សាជូនផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here